ភ្នំពេញៈ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញការខកចិត្តជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុបស្តីពី «ការបង្ក្រាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា» ដែលបានអនុម័តនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ និងប្រកាសច្រានចោលសេចក្តីសម្រេចនេះទាំងស្រុង។ យោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជានៅថ្ងៃទី ៩ ខែឧសភានេះ។
សេចក្ដីថ្លែងការណ៍ដដែលនេះបានបញ្ជាក់ថា សេចក្តីសម្រេចរបស់សភាអឺរ៉ុបដែលបានចេញកាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ គឺជាការបំភ្លៃ ការលម្អៀង មានចរិតនយោបាយប្រកាន់ភាគីម្ខាងៗ និងខ្វះការគោរពដល់រដ្ឋអធិបតេយ្យ។ សេចក្តីសម្រេចនេះ និងសេចក្តីសម្រេចមុនៗ ដែលពាក់ព័ន្ធនឹងកម្ពុជាមានចេតនាមើលរំលងវឌ្ឍនភាពនៃកំណែទម្រង់លើផ្នែកសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសទាំងស្រុង។
សេចក្ដីថ្លែងការណ៍នេះបានអះអាងថា សេចក្តីសម្រេចរបស់សភាអឺរ៉ុបនេះ បានកំណត់ដែននិយមន័យឱ្យលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងចង្អៀត ដែលថា ប្រទេសមួយមានលទ្ធិប្រជាធិបតេយ្យលុះត្រាតែមានការចូលរួមពីមេគណបក្សឆ្វេងនិយម និងពួកប្រជាកលនិយមមួយក្ដាប់តូចតែប៉ុណ្ណោះ ឬលុះត្រាតែមានការអនុញ្ញាតឱ្យគណបក្សនយោបាយ ដែលត្រូវបានរំលាយដោយតុលាការត្រូវបានបើកដំណើរការឡើងវិញ។
រដ្ឋសភាបានបញ្ជាក់ថា ការរិះគន់របស់សភាអឺរ៉ុបចំពោះការគ្រប់គ្រងដោយឯកបក្ស គឺជាការរិះគន់ដោយគ្មានហេតុផល ដោយហេតុគណបក្សប្រជាជនកម្ពុជាទទួលបានការបោះឆ្នោតគាំទ្រដោយប្រជាជនកម្ពុជា តាមលទ្ធិប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសរបស់ខ្លួន។
សេចក្ដីថ្លែងការណ៍របស់រដ្ឋសភាបានឱ្យដឹងទៀតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលបានខិតខំប្រឹងប្រែង និងបានដាក់ចេញវិធានការជាច្រើន ដើម្បីធានាឱ្យការបោះឆ្នោត ឃុំ- សង្កាត់ នៅខែមិថុនា នាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សន្តិភាព និងតម្លាភាព ដើម្បីធានាឱ្យបាននូវបរិយាកាសអំណោយផលល្អ និងមានការប្រកួតប្រជែងដោយស្មើភាពគ្នា សម្រាប់គណបក្សនយោបាយដែលបានចុះឈ្មោះទាំងអស់តាមគោលការណ៍បោះឆ្នោតបែបប្រជាធិបតេយ្យ និងគោលនយោបាយពហុបក្ស។
សេចក្ដីថ្លែងការណ៍រដ្ឋសភាបញ្ជាក់ថា កម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់រាល់អ្នកនយោបាយដែលត្រូវបានតុលាការហាមឃាត់ ដើម្បីឱ្យមាននីតិសម្បទាឡើងវិញ ដើម្បីអនុវត្តសិទ្ធិនយោបាយរបស់ខ្លួន។ ចំពោះករណី លោក កឹម សុខា ករណីជំនុំជម្រះក្ដីរបស់លោក តែងធ្វើឡើងស្របតាមគោលការណ៍តម្លាភាព និងមានការចូលរួមពីគ្រប់ភាគី។ ដំណើរការក្ដីនេះបានចាប់ផ្តើមឡើងវិញនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ បន្ទាប់ពីស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅកម្ពុជាមានភាពប្រសើរឡើងវិញ។
សេចក្ដីថ្លែងការណ៍នេះ អះអាងថា កម្ពុជានៅតែប្រកាន់ខ្ជាប់លើការគាំពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្រោមរដ្ឋធម្មនុញ្ញស្របតាមបរិបទសង្គម ប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្លួន។ រដ្ឋសភាបញ្ជាក់ថា កម្ពុជា ប្រកាន់ជំហររឹងមាំក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យពហុបក្ស ដើម្បីធានានូវសន្តិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ប្រទេសជាតិ។ ការអនុវត្តសេរីភាពនៃការបញ្ចេញមតិ សមាគម និងការជួបប្រជុំដោយសន្តិវិធី ដោយមានការទទួលខុសត្រូវ ស្របច្បាប់ និងដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយត្រូវបានគោរព។
សេចក្ដីថ្លែងការណ៍របស់រដ្ឋសភាថ្លែងថា៖ «សភាអឺរ៉ុប គួរគប្បីផ្តោតលើការដោះស្រាយបញ្ហាដែលជារឿយៗ តាមរូបភាពព័ត៌មានក្លែងក្លាយ ប្រឌិតឡើងដោយក្រុមអ្នកនយោបាយឆ្វេងនិយម និងពួកប្រជាកលនិយមមួយចំនួន ហើយបានបង្កឱ្យមានអស្ថិរភាពសង្គម និងការបែកបាក់សង្គម ក៏ដូចជាញុះញង់ឱ្យប្រជាជនបង្កអំពើហិង្សា តាមរយៈការចេញនូវព័ត៌មានមិនពិត ការញុះញុង់ឱ្យមានការស្អប់ខ្ពើម ការបង្កាច់បង្ខូច និងការរើសអើងជាតិសាសន៍»។
«រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាស្នើជំរុញឱ្យសភាអឺរ៉ុបមើលលើទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាដោយឥតលម្អៀង និងពិចារណាលើបរិបទជាតិ និងកត្តាប្រវត្តិសាស្ត្ររបស់យើង ហើយគួរចៀសវាងការអនុវត្តស្តង់ដា ២ របស់ខ្លួន»។
សេចក្ដីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជាក៏បានអំពាវនាវឱ្យសភាអឺរ៉ុបធ្វើកិច្ចសហប្រតិបត្តិការពិតប្រាកដ ដោយគ្មានរបៀបវារៈលាក់កំបាំងពីក្រោយណាមួយឡើយ ដើម្បីពង្រឹងប្រព័ន្ធពហុភាគីនិយម រួមគ្នាដោះស្រាយបញ្ហាប្រឈមរួមដែលពិភពលោកកំពុងជួបប្រទះដូចជា បម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត ឧក្រិដ្ឋកម្មឆ្លងដែន និងអសន្តិសុខស្បៀង ក៏ដូចជាដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កំណើនបៃតងប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។
«កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការជាមួយសភាអឺរ៉ុប ដើម្បីបង្កើនទំនាក់ទំនងកម្ពុជាសហភាពអឺរ៉ុប និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ក្រោមគោលការណ៍ស្មើភាពទាំងអធិបតេយ្យ ឯករាជ្យ និងឈរលើមូលដ្ឋាននៃការគោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីសន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិ»។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋសភា។
ថ្លែងនៅក្នុងបទអន្តរាគមន៍ស្តីពីកម្ពុជានៅសភាអឺរ៉ុប កាលពីថ្ងៃទី ៤ ខែឧសភាលោក Thierry MARIANI សមាជិកសភាអឺរ៉ុបរបស់បារាំងបានអំពាវនាវដល់សហភាពអឺរ៉ុបឱ្យលើកទឹកចិត្តកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាជាងអនុវត្តគោលនយោបាយស្តង់ដា ២ ប្រឆាំងនឹងកម្ពុជា។
លោក Thierry MARIANI ថ្លែងថា កម្ពុជាមានទំនាក់ទំនងពិសេសជាមួយទ្វីបអឺរ៉ុប ហើយជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលរក្សាទំនាក់ទំនងក្នុងវិស័យជាច្រើន ជាពិសេសជាមួយបារាំង។ ដូច្នេះ វាជារឿងធម្មតាទេដែលសហភាពអឺរ៉ុបត្រូវមានទំនាក់ទំនងល្អជាមួយកម្ពុជា ប៉ុន្តែសហភាពអឺរ៉ុបនៅតែបន្តបដិសេធក្នុងការរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា ខណៈដែលបង្កើតឱ្យមានស្តង់ដា ២ ជាថ្មីម្តងទៀត។
លោកបានបញ្ជាក់ថា៖ «នៅវៀតណាម ដែលជាប្រទេសជិតខាង យើងជាហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នោះមិនមែនជាបញ្ហាទេ។ នៅទីនោះ សិទ្ធិជាមូលដ្ឋានមិនសូវរីកចម្រើនដូចនៅកម្ពុជាទេ ហើយខ្ញុំក៏មិនហ៊ាននិយាយអំពីលក្ខខណ្ឌនៃការបោះឆ្នោតដែរ។ ប៉ុន្តែនៅកម្ពុជា យើងបែរជាដាក់ទណ្ឌកម្ម ខណៈនៅវៀតណាម យើងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ជាថ្មីម្តងទៀត នេះជាស្តង់ដា ២»។
សភាអឺរ៉ុប តាមរយៈញត្តិមួយដែលបានអនុម័តកាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ នេះបានជំរុញឱ្យប្រទេសជាសមាជិកចំនួន ២៧ តាមដានការបោះឆ្នោតនៅកម្ពុជាឱ្យបានដិតដល់។ សហភាពអឺរ៉ុប បញ្ជាក់ថា ប្រសិនបើការបោះឆ្នោតទាំងថ្នាក់ក្រោមជាតិ និងការបោះឆ្នោតថ្នាក់ជាតិ នៅពេលខាងមុខមិនប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេនោះ ពួកគេស្នើឱ្យគណៈកម្មការអឺរ៉ុបដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាបន្ថែមទៀត។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាថ្លែងថា រឿងដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានេះ គឺមានលក្ខខណ្ឌច្បាស់ ដោយបានចែងថា ប្រសិនបើប្រទេសទទួលបានការអនុគ្រោះពន្ធ EBA មានការរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារ និងពាក់ព័ន្ធទៅនឹងដំណើការប្រជាធិបតេយ្យ នោះនឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះទៅតាមលក្ខខណ្ឌដែលបានចែងហើយដំណើរការនៃការផ្ដល់ EBA ដល់កម្ពុជា តាមរយៈការសម្រេចរបស់គណៈកម្មការ សភាអឺរ៉ុបទាំង ២៧។
លោក ប៉ា ចន្ទរឿន បានថ្លែងថា៖ «កន្លងមក ការសម្រេចរបស់សភាអឺរ៉ុបទាក់ទងនឹងការដក EBA ២០ ភាគរយដោយសារតែគេមើលឃើញពីការរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ រួមទាំងការធ្លាក់ចុះនៃដំណើរការប្រជាធិបតេយ្យ ហើយសភាអឺរ៉ុបនេះក៏មានការប្រជុំ ការពិភាក្សាច្រើនដងដែរអំពីបញ្ហាកម្ពុជានេះហើយបានដាក់នូវការទាមទារឱ្យកម្ពុជា គោរពលក្ខខណ្ឌដែលកម្ពុជាទទួលបាន EBA ពីសហភាពអឺរ៉ុបនេះ»។
លោក ប៉ា ចន្ទរឿន ក៏បានលើកឡើងទៀតថា បច្ចុប្បន្នប្រទេសកម្ពុជាប្រឈមមុខទៅនឹងបញ្ហាជាច្រើន ដែលមិនខុសគ្នាពីប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតនៅក្នុងពិភពលោកដែរ ដែលជំងឺកូវីដ ១៩ បានវាយលុក បង្កផលប៉ះពាល់គ្រប់វិស័យ។ ដូច្នេះបើកម្ពុជាបាត់បង់ EBA មួយផ្នែកទៀត ឬក៏បាត់បង់ទាំងស្រុងនៅក្រោយការបោះឆ្នោតឆ្នាំនេះ ឬឆ្នាំក្រោយនឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប ប៉ះពាល់ជីវភាពប្រជាពលរដ្ឋ និងចំណូលរបស់រដ្ឋផងដែរ។
លោក ប៉ា ចន្ទរឿន ថ្លែងថា៖ «កម្ពុជាគួរតែពិនិត្យឡើងវិញអំពីកង្វល់ ក៏ដូចជាការលើកឡើងរបស់សហភាពអឺរ៉ុប។ ប្រសិនបើយើងអាចរក្សាការនាំចេញទៅអឺរ៉ុបបាន ហើយការនាំចេញទៅអាមេរិកក៏កាន់តែរីកធំ វាជាឱកាសរបស់កម្ពុជាទាំងការស្ដារមុខមាត់នៅក្នុងឆាកអន្តរជាតិរឿងការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»៕