កណ្តាលៈ ក្រុមការងារនៃអាជ្ញាធរខេត្តកណ្តាលបានសម្រេចធ្វើរបងដែកឃាំងមិនឱ្យមានការឆ្លងកាត់កន្លែងបាក់ស្រុតច្រាំងមាត់ស្ទឹងព្រែកត្នោតចាប់ពីស្ពានថ្មតាខ្មៅរហូតដល់វិហារ សាថៃជឺប្រវែង ២១០ ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្នុងក្រុងតាខ្មៅ និងអាចផ្អាកទីតាំងដេប៉ូខ្សាច់ ១ កន្លែងនៅក្បែរនោះក្នុងពេលឆាប់ៗនេះ។ នេះបើតាមរដ្ឋបាលខេត្តកណ្តាល។
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្តាលថ្លែងនៅថ្ងៃទី ១០ ខែឧសភាថា ក្រុមការងារនៃអាជ្ញាធរខេត្តកណ្តាលរួមជាមួយស្ថាប័ន មន្ទីរអង្គភាពជំនាញពាក់ព័ន្ធបានចុះពិនិត្យ និងសិក្សាស្ថានភាពទឹកហូរច្រោះ ដែលធើ្វឱ្យបាក់ស្រុតច្រាំងមាត់ស្ទឹងព្រែកត្នោតចាប់ពីស្ពានថ្មតាខ្មៅរហូតដល់វិហារលោកតា សាថៃជឺ ដែលមានប្រវែង ២១០ ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្នុងក្រុងតាខ្មៅកាលពីព្រឹកថ្ងៃទី ៩ ខែឧសភា។
លោកបន្តថា បន្ទាប់ពីពិនិត្យមើលទីតាំងដែលបាក់ស្រុតនោះភ្លាមៗ ដើម្បីកុំឱ្យមានបញ្ហាបន្ថែមទៀត ក្រុមការងារអាជ្ញាធរខេត្តសម្រេចឱ្យអាជ្ញាធរមូលដ្ឋានធ្វើរបាំងដែកការពារពលរដ្ឋឆ្លងចូលទៅទីនោះ ហើយអាចនឹងដាក់វិធានការបញ្ឈប់ដេប៉ូខ្សាច់មួយកន្លែងនៅក្បែរនោះ ដែលអាចប្រឈមក្នុងការបាក់ដីបន្ថែមផងដែរ។ លោកបានបញ្ជាក់ថា យ៉ាងណាក៏ដោយក្រុមការងារ មិនបានវាយតម្លៃទាំងស្រុងថា ការបាក់ច្រាំងស្ទឹងព្រែកត្នោតនោះគឺដោយសារដេប៉ូខ្សាច់នោះឡើយ។ ការបាក់ច្រាំងនេះក៏អាចបណ្តាលមកពីការហូរច្រោះដោយសាររដូវនេះមានទឹកហូរកាត់ច្រើន។
លោកថ្លែងថា៖ «ឥឡូវមានប្រភពទឹកហូរមកដល់ទៅ ២ គឺប្រភពទឹកហូរមកពីខេត្តកំពង់ស្ពឺផង ហើយនិងបឹងជើងឯកផង ដែលហូរចូលមកស្ទឹងព្រែកត្នោតឆ្លងកាត់ក្រុងតាខ្មៅយើង។ ស្ថានភាពទឹកផង ក៏ដូចជាពាក់ព័ន្ធនឹងបច្ចេកទេសមួយចំនួនផង នៅក្នុងទីតាំងកន្លែងបាក់ស្រុតនោះ»។
លោកនាយករដ្ឋបាលខេត្តកណ្តាលប្រាប់ថា អាជ្ញាធរមូលដ្ឋានបានធ្វើការផ្សព្វផ្សាយជូនដំណឹងទៅដល់ប្រជាពលរដ្ឋនៅក្បែរទីតាំងនោះរួចហើយ ចំណែកប្រជាពលរដ្ឋក៏បានឃើញ និងបានដឹងពីរូបភាពនៃការបាក់ច្រាំងផងដែរ ហើយនៅទីតាំងនោះទៀតសោតក៏មិនមានប្រជាជនធ្វើចរាចរណ៍ទៅមកដែរ។
លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាបនៃក្រសួងធនធានទឹក និងឧតុនិយម ថ្លែងនៅថ្ងៃទី ១០ ខែឧសភាថា ក្រោយចុះពិនិត្យមើលទីតាំងដែលបានបាក់ស្រុតនៅមាត់ស្ទឹងព្រែកត្នោត ក្រុមការងារបានជជែកគ្នា ដើម្បីរកវិធានការជួសជុលច្រាំងដែលបាក់នោះឡើងវិញ ប៉ុន្តែមិនទាន់មានការសម្រេចថា ត្រូវធ្វើយ៉ាងណានៅឡើយទេ ខណៈតាមការពិនិត្យជាក់ស្តែងទីតាំងនោះមិនទាន់មានបញ្ហាប្រឈមខ្លាំងនៅឡើយ។
យ៉ាងនេះក្តី ក្រុមការងារជំនាញនៅតែបន្តធ្វើការតាមដាន និងប្រុងប្រយ័ត្ន ការពារប្រសិនបើមានហេតុការណ៍បន្ទាន់អ្វីមួយកើតឡើង គឺត្រូវចុះដោះស្រាយភ្លាមៗ។ ការបាក់ច្រាំងនេះក៏ជាបញ្ហាមួយគួរឱ្យបារម្ភ អាចនឹងមានការបាក់ថែមទៀត ព្រោះក្នុងរដូវវស្សាមានការពិបាកក្នុងការពារ និងជួសជុលច្រាំង ហេតុនេះមានតែការដោះស្រាយជាដំណាក់ៗបណ្តោះអាសន្ន ដូចជាការដាក់របាំងការពារ និងប្រាប់ពលរដ្ឋឱ្យមានការប្រយ័ត្ន កុំឱ្យចូលទៅទីនោះប៉ុណ្ណោះ។
លោកថ្លែងថា៖ «យើងត្រូវដោះស្រាយបណ្តោះអាសន្នសិន ព្រោះឥឡូវហ្នឹងយើងដាក់គ្រឿងចក្រអី ទៅធ្វើក៏ធ្វើមិនកើតដែរ ហេតុនេះយើងត្រូវពិនិត្យសិក្សាឱ្យបានល្អិតល្អន់សិន»។
លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ថ្លែងនៅថ្ងៃទី ១០ ខែឧសភាថា ពេលនេះអាជ្ញាធរកំពុងធ្វើរបាំងដែកការពារកុំឱ្យប្រជាពលរដ្ឋចូលទៅក្បែរច្រាំងបាក់នោះ។ នៅទីតាំងនោះមិនមានផ្ទះប្រជាពលរដ្ឋដែលប្រឈមក្នុងការបាក់ស្រុតឡើយ គឺមានតែកន្លែងវិហារ សាថៃជឺ ប៉ុណ្ណោះ ដែលជាកន្លែងប្រជាពលរដ្ឋជាអ្នកទេសចរឧស្សាហ៍ចូលទៅកម្សាន្ត។ លោកថ្លែងថា៖ «យើងអត់មានបម្រាមលាយលក្ខណ៍អក្សរអីទេ គឺអនុវត្តជាក់ស្តែងដោយរបាំងដែកតែម្តង»៕
វីដេអូ៖