ភ្នំពេញៈ តំណាងអង្គការសង្គមស៊ីវិលសហគមន៍មូលដ្ឋាន និងក្រុមយុវជនចំនួន ២៥ នាក់ មកពី ១៥ ស្ថាប័ន ជិះកង់ចម្ងាយប្រមាណ ៦០០ គីឡូម៉ែត្រ ដែលជាព្រឹត្តិការណ៍ ១ ប្រើពេល ១១ ថ្ងៃ និងព្រឹត្ដិការណ៍ ១ ទៀត គឺ «តោះជិះកង់នៅជុំវិញបឹងតាមោក» រាជធានីភ្នំពេញរយៈចម្ងាយជិត ដោយប្រើពេល ១ ថ្ងៃ ដើម្បីទិវាបរិស្ថានពិភពលោក ឆ្នាំ ២០២២។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការ-សង្គមស៊ីវិល និងក្រុមយុវជនទាំង ១៥ ស្ថាប័ន ស្ដីពីការប្រារព្ធទិវាបរិស្ថានពិភពលោក ឆ្នាំ ២០២២ ឱ្យដឹងថា ពួកគេប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំនេះរយៈពេល ២៥ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ក្រោមមូលបទស្ដីពី «លើកកម្ពស់កិច្ចការពារបរិស្ថាន ដើម្បីចីរភាពធនធានធម្មជាតិ និងសុខុមាលភាពមនុស្សជាតិ»។ ការប្រារព្ធទិវាបរិស្ថាននេះមានគោលបំណងសំខាន់ចំនួន ៣ រួមមាន ទី ១ លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់យុវជនក្នុងកិច្ចថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈសកម្មភាពជំរុញឱ្យមានការឈ្វេងយល់អំពីផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើ ការលុបបឹងធម្មជាតិ ការប្រើប្រាស់ប្លាស្ទិក និងឥន្ធនៈជាដើម។
ទី ២ ជំរុញឱ្យរដ្ឋាភិបាល និងមន្ត្រីសាធារណៈអនុវត្តគោលនយោបាយដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្នក្នុងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងបញ្ហាប្រែប្រួលអាកាសធាតុ។ ទី ៣ ជំរុញឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន និងចូលរួមលើកឡើងពីបញ្ហាទាក់ទិននឹងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុទៅកាន់អ្នកធ្វើសេចក្តីសម្រេចចិត្ត ដើម្បីស្វែងរកដំណោះស្រាយ។
«ក្នុងអំឡុងពេលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកនៅឆ្នាំនេះ ក្រុមអង្គការសង្គមស៊ីវិល និងក្រុមយុវជននៅក្នុងប្រទេសកម្ពុជានឹងមានការរៀបចំព្រឹត្តិការណ៍ជិះកង់ ការធ្វើយុទ្ធនាការនៅលើបណ្តាញសង្គម និងកម្មវិធីសិក្ខាសាលានៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ»។ នេះបើតាមសេចក្ដីប្រកាស។
តាមសេចក្ដីប្រកាសដដែល ព្រឹត្តិការណ៍ជិះកង់ចំនួន ២ ដែលនឹងរៀបចំឡើង គឺ «ព្រឹត្តិការណ៍ជិះកង់ ៦០០ គីឡូម៉ែត្រដើម្បីបរិស្ថាន» ដែលមានអ្នកជិះចំនួន ២៥ នាក់នឹងជិះក្នុងរយៈចម្ងាយឆ្ងាយប្រមាណជា ៦០០ គីឡូម៉ែត្រ ដោយប្រើពេល ១១ ថ្ងៃ។ ព្រឹត្ដិការណ៍មួយទៀត គឺការជិះកង់រយៈចម្ងាយជិតដោយប្រើពេលចំនួន ១ ថ្ងៃ នៅរាជធានីភ្នំពេញ ដែលមានឈ្មោះថា «តោះជិះកង់នៅជុំវិញបឹងតាមោក»។
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា ប្រាប់ភ្នំពេញប៉ុស្ដិ៍ នាថ្ងៃទី ១០ ឧសភាថា ចំពោះ «ព្រឹតិ្តការណ៍ ជិះកង់ ៦០០ គីឡូម៉ែត្រដើម្បីបរិស្ថាន» អ្នកស្ម័គ្រចិត្ដទាំង ២៥ នាក់ ក្នុងនោះមានស្ដ្រី ៨ នាក់ ដែលជាតំណាងមកពីអង្គការសង្គមស៊ីវិល និងយុវជនទាំង ១៥ ស្ថាប័ន។ ការជិះកង់នេះ ចាប់ផ្ដើមជិះពីប្រមាណម៉ោង ១ រសៀល ថ្ងៃទី ១០ ខែឧសភា ដោយចាប់ផ្ដើមចេញដំណើរពីទីរួមខេត្ដកំពង់ធំសំដៅទៅខេត្ដព្រះវិហារ ខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង ហើយត្រឡប់មកកាន់ខេត្ដកំពង់ធំវិញ។ លោកថ្លែងថា៖ «យើងនឹងជិះកង់តាមផ្លូវសាធារណៈ ដើម្បីទៅកាន់គោលដៅរបស់យើង។ ការជិះកង់នេះ គឺយើងជិះវិលជុំ ហើយត្រឡប់មកកាន់ខេត្ដកំពង់ធំវិញតែម្ដង»។
លោកបន្តថា៖ «ព្រឹត្តិការណ៍ជិះកង់នេះ គឺជាសកម្មភាពមួយដែលយើងចង់បង្ហាញពីបញ្ហាបរិស្ថាន។ យើងដឹងហើយថា បញ្ហាបរិស្ថាននេះ គឺមានសារៈសំខាន់ណាស់ ពិសេសការប្រើប្រាស់ប្រេងឥន្ធនៈ ការប្រើប្រាស់ប្លាស្ទិក សកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ និងបញ្ហាបម្រែបម្រួលអាកាសធាតុបង្កផលប៉ះពាល់ខ្លាំងទៅដល់បរិស្ថាន»។
លោក គឹម ហុង បញ្ជាក់ថា ព្រឹតិ្តការណ៍ និងសកម្មភាពផ្សេងៗនៃការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំនេះ គឺដើម្បីផ្សព្វផ្សាយអំពីបញ្ហាបរិស្ថាន លើកទឹកចិត្ដ និង អប់រំតាមរយៈការប្រារព្ធទិវានេះ ដើម្បីឱ្យសាធារណជនចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កាត់បន្ថយការប្រើប្រាស់ឥន្ធនៈ និងចូលរួមថែរក្សាធនធានធម្មជាតិ ដែលជាចំណែកយ៉ាងសំខាន់នៃបរិស្ថាន។
យុវតី ធួន ស្រីពៅ សមាជិកនៃសមាគមបណ្តាញយុវជនកម្ពុជា ដែលបានស្ម័គ្រចិត្ដចូលរួមក្នុងព្រឹតិ្តការណ៍ជិះកង់ ៦០០ គីឡូម៉ែត្រដើម្បីបរិស្ថាននេះ លើកឡើងថាគោលបំណងនៃការជិះកង់ ៦០០ គីឡូម៉ែត្រនេះដើម្បីចូលរួមផ្សព្វផ្សាយលើការការពារបរិស្ថាន ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកក្នុងបរិយាកាស។ ការបង្ហាញពីការជិះកង់ គឺបានជួយដល់សុខភាពផងដែរ។
យុវតីវ័យ ២០ ឆ្នាំ មានដើមកំណើតពីខេត្ដសៀមរាបរូបនេះបន្តថា៖ «តាមពិតទៅ ខ្ញុំដឹងថា ការជិះកង់រយៈចម្ងាយឆ្ងាយ ៦០០ គីឡូម៉ែត្រនេះវាមានការលំបាក ប៉ុន្តែវាជាការប្ដេជ្ញាចិត្ដ និងការស្ម័គ្រចិត្ដរបស់យើង។ ដូច្នេះទោះបីជួបការលំបាកអ្វីក៏យើងនៅតែស៊ូបន្តទៅទៀត។ វាមានការលំបាកខ្លះ ប៉ុន្ដែយើងនៅតែបន្តធ្វើវា ដើម្បីសម្រេចគោលបំណងក្នុងការចូលរួមថែរក្សាការពារបរិស្ថាន»។
ទាក់ទងនឹងការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំនេះ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តបាត់ដំបងបានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ «ថែទាំភពផែនដី ដើម្បីសុខភាពយើង» ផ្តោតសំខាន់លើចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈក្នុងការចូលរួមធ្វើអនាម័យបរិស្ថាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ៧-៩ ព្រឹក នៅសួនច្បារនាគបាញ់ទឹកក្នុងក្រុងបាត់ដំបង។ ការប្រារព្ធទិវាបរិស្ថានក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានទៅដល់សាធារណជន សិស្ស និស្សិត ជាពិសេស ជំរុញចលនាគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាព។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានប្រាប់ភ្នំពេញប៉ុស្តិ៍ថា តាមពិតកម្មវិធីនេះ នឹងប្រារព្ធនៅថ្ងៃទី ៥ ខែមិថុនា ដែលជាថ្ងៃ «ទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥ មិថុនា»។ ប៉ុន្តែដោយសារថ្ងៃទី ៥ មិថុនា ចំថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដូច្នេះបានជាក្រសួងបរិស្ថាន រំកិលមកធ្វើកម្មវិធី មុនពេលវេលា ព្រោះបើធ្វើក្នុងអំឡុងពេលបោះឆ្នោតនោះជាប់ពាក់ព័ន្ធការឃោសនា និងការបោះឆ្នោត៕