បន្ទាយមានជ័យៈ ក្រសួងកិច្ចការនារី និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកំពុងបន្តរួមគ្នាបណ្តុះបណ្តាលគ្រូបង្គោលនៅថ្នាក់តំបន់ ប្រឆាំងគ្រឿងញៀនក្នុងវិស័យកិច្ចការនារីក្នុងខេត្តចំនួន ៩ រួមមាន ខេត្តបន្ទាយមានជ័យ ព្រៃវែង កំពង់ចាម រតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ និងព្រះវិហារ ដើម្បីលើកកម្ពស់ការចូលរួមរបស់នារីក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន បន្ទាប់ពីបានរកឃើញស្ត្រីដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារជាច្រើនមានជាប់ទាក់ទងនឹងបទល្មើសគ្រឿងញៀន។
លោកស្រី ឡុង សុផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីថ្លែងក្នុងវគ្គបណ្តុះបណ្តាលនៅខេត្តបន្ទាយមានជ័យនៅពីថ្ងៃទី ១០ ខែឧសភាថា តាមការចុះសិក្សាពីស្ថានភាពស្ត្រីជាប់ឃុំនៅតាមពន្ធនាគារចំនួន ២៨ នៅទូទាំង ២៥ រាជធានី-ខេត្ត រកឃើញថា ស្ត្រីកំពុងជាប់ពន្ធនាគារភាគច្រើនបានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ និងរក្សាទុកគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមគ្រួសាររបស់គេ និងសង្គមជាតិទាំងមូល។
លោកស្រីបានបន្តថា «ដូច្នេះ វគ្គបណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់តំបន់ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ចំណេះដឹងដល់មន្ត្រីកិច្ចការនារី ដើម្បីឱ្យប្រតិបត្តិករទាំងនេះ យកទៅប្រើប្រាស់ជាមូលដ្ឋានផ្តល់ចំណេះដឹង និងកៀរគរការចូលរួមរបស់ស្ត្រី ជាលោកយាយ អ៊ំស្រី ម្តាយ ម្តាយមីង បងប្អូនស្ត្រីឱ្យបានកាន់តែសកម្មបន្ថែមទៀតក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទប់ស្កាត់ការប្រើប្រាស់ រក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់ឱ្យអស់ពីសហគមន៍យើង »។
បើតាមលោកស្រី ឡុង សុផល្លី រហូតមកទល់ពេលនេះមានបណ្ដាខេត្តចំនួន ៩ ដែលក្រសួងបានសហការបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់តំបន់នេះ ក្នុងនោះរួមមាន ខេត្តបន្ទាយមានជ័យ ព្រៃវែង កំពង់ចាម រតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ និងព្រះវិហារ ។
លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យបានឱ្យដឹងដែរថា គ្រឿងញៀនជាមូលហេតុមួយដែលជំរុញ និងបង្កឱ្យមានបទល្មើសផ្សេងៗ គំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់សហគមន៍ ដែលបញ្ហានេះ ខេត្តបានបន្តរួមចំណែកជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទប់ស្កាត់ បង្ការ បង្ក្រាប និងព្យាបាលអ្នកញៀនគ្រឿងញៀន ហើយបានបន្តអនុវត្តខ្ជាប់ខ្ជួននូវទិសស្លោកប្រឆាំងគ្រឿងញៀន ៣ កុំ ១ រាយការណ៍។
លោក លឹម តុងហួត តំណាងមកពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណដល់លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាសមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានចូលរួមអនុវត្តនូវយុទ្ធសាស្ត្រពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាល។
លោកបន្តថា ការចូលរួមសកម្មភាពគ្រប់សមាសភាពក្នុងសហគមន៍ពិតជាមានសារៈសំខាន់ ដើម្បីទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀនទាំងទីក្រុង និងទីជនបទ ដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅក្នុងនោះ មានយុវជន យុវនារី ដែលតម្រូវឱ្យយើងត្រូវតែរួមគ្នាដោះស្រាយ។
យោងតាមរបាយការណ៍ឆ្នាំ ២០២១ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្ពុជាគ្រប់គ្រងអ្នកប្រើ និងអ្នកញៀនគ្រឿងញៀនចំនួន ១៦ ២៦៤ នាក់ ដែលក្នុងនោះ មុខរបរមន្ត្រីរាជការ ២ ភាគរយ សិស្សានុសិស្ស ៣ ភាគរយ កម្មករ ២៥ ភាគរយ អ្នកជំនួញ ៧ ភាគរយ មុខរបរមិនពិតប្រាកដ ៣៤ ភាគរយ ជនអនាថា ១០ ភាគរយ និងផ្សេងៗ ១៩ ភាគរយ៕