កំពតៈ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតម្លេច ខេត្តកំពត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ២ពាន់ម៉ែតគុបក្នុងមួយថ្ងៃ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតំបន់នេះ ថែមទាំងផ្គត់ផ្គង់ដល់ភូមិសាស្ត្រខេត្តតាកែវដែលនៅក្បែរនោះផងដែរ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតម្លេច ស្ថិតនៅស្រុកជុំគិរី ខេត្តកំពត ធ្វើឡើងកាលពីថ្ងៃទី១០ខែឧសភានេះ លោក ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា រោចចក្រផលិតទឹកស្អាតនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន រួមទាំងកងទ័ពដែលឈរជើងប្រចាំការនៅតំបន់នោះផងដែរ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖«នេះជាសមិទ្ធិផលមួយទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត សំដៅឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតំបន់នេះ រាប់ទាំងប្រជាពលរដ្ឋដែលនៅទីប្រជុំជនក្បែរនោះ ក្នុងភូមិសាស្ត្រខេត្តតាកែវផងដែរ»។
លោកបន្តថា លើសពីនេះ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតម្លេច ក៏បានជួយបំពេញនូវសេចក្តីត្រូវការទឹកស្អាតជូនដល់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា និងកងទ័ពក្នុងកងពលតូចថ្មើរលេខ៣១ (អតីតកងពលតូចអន្តរាគមន៍លេខ១១) ដែលកំពុងឈរជើងការពារ ថែរក្សាសុខសន្តិភាពជាមួយនឹងការអភិវឌ្ឍនៅតំបន់នេះថែមទៀត។
នាពិធីនោះ លោក ស៊ឹម ស៊ីថា បានថ្លែងថា ការលេចឡើងនូវរោងចក្រផលិតទឹកស្អាតនេះ ធ្វើឡើងតាមការចង្អុលបង្ហាញក្នុងទស្សនៈវិស័យគិតគូវែងឆ្ងាយ របស់លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ដែលបានជំរុញឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចុះធ្វើការសិក្សាសមិទ្ធិលទ្ធភាព រៀបចំគម្រោងស្នើសុំការអនុម័តពីក្រុមប្រឹក្សាភិបាលដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅធ្វើការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត នៅក្រៅក្របខណ្ឌរាជធានីភ្នំពេញជាលើកទី១ ដែលមានទីតាំងស្ថិតនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត សំដៅរួមចំណែកពង្រីកវិស័យផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញ ជាពិសេសកងពលតូចអន្តរាគមន៍លេខ១១។
មន្ដ្រីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្ដកំពត លោក យន់ ផល្លី មានប្រសាសន៍ថា ការរៀបចំប្រព័ន្ធទឹកស្អាតម្លេចនេះ វានឹងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទូទៅនៅតំបន់នោះ ខណៈលោកសង្កេតឃើញថាជាយូរឆ្នាំមកហើយពលរដ្ឋនៅទីនោះត្អូញត្អែរខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។ លោកថា៖«កន្លងមកសង្កេតឃើញថានៅស្រុកឈូក និងស្រុកជុំគិរិ ដែលនៅជាប់ព្រំប្រទល់គ្នានេះ មានការខ្វះខាតទឹកប្រើប្រាស់ក្នុងមូលដ្ឋាន ហើយការដាក់ឱ្យប្រើប្រាស់រោងចក្រទឹកស្អាតម្លេចនេះ បានន័យថាពលរដ្ឋនឹងមិនព្រួយបារម្ភរឿងខ្វះទឹកនោះទេ»។
យ៉ាងណាមិញលោកសង្កេតឃើញថា នៅស្រុកខ្លះ តំបន់មួយចំនួនមានការខ្វះខាតទឹកស្អាតនៅឡើយ ដោយនៅប្រើទឹកអណ្តូង ទឹកស្រះ ខណៈលោកស្នើដល់អាជ្ញាធរពាក់ព័ន្ធពង្រីកបណ្តាញទឹកស្អាតបន្ថែមទៀត។
សូមជម្រាបថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត " ម្លេច" និងប្រព័ន្ធចែកចាយទឹក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ចាប់ផ្តើមសាងសង់ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់ដំណើរការសាកល្បងផលិតទឹកស្អាតនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ដោយចំណាយថវិកាប្រមាណ១០៦៦០លានរៀល មានសមត្ថភាពផលិតទឹកស្អាតបាន ២ពាន់ម៉ែត្រគុប ក្នុងមួយថ្ងៃ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្គត់ផ្គង់ទឹកស្អាត ដោយបានខិតខំជំរុញពន្លឿនការងារ សាងសង់រោងចក្រផលិតទឹកស្អាត ដើម្បីបំពេញនូវសេចក្តីត្រូវការ ប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋប្រកបដោយចេរភាពនៅទូទាំងប្រទេស៕