កំពង់ស្ពឺៈ ក្រុមសកម្មជនបរិស្ថាននិយាយថា ទីតាំងឡដុតធ្យូង និងរោងខ្ទមខុសច្បាប់ជាង ២០ កន្លែង ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សនៃការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ រុះរើ និងកម្ទេចចោល បន្ទាប់ពីម្ចាស់ទីតាំងឡដុតធ្យូងទាំងនោះ មិនអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ ដែលតម្រូវឱ្យបញ្ឈប់ជាបន្ទាន់នូវការធ្វើអាជីវកម្មនេះ ព្រោះវាជាផ្នែកមួយនៃការធ្វើឱ្យបាត់បង់ធនធានព្រៃឈើជាតិ។
លោក តាន់ គឹមសួគ៌ (Tan Kimsour) ជាសកម្មជនបរិស្ថានមកពីសហគមន៍ឱរ៉ាល់ បានរាយការណ៍លើបណ្ដាញសង្គមរបស់លោកថា នៅថ្ងៃទី ១០ ឧសភា ឆ្នាំ ២០២២ លោកនិងប្រជាសហគមន៍ឱរ៉ាល់ ព្រមទាំងមន្ត្រីឧទ្យានុរក្សនៃការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ សរុប ៣០ នាក់ បានរួមសហការគ្នាចុះល្បាតស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយបានរកឃើញនិងបំផ្លាញចោលនូវទីតាំងឡដុតធ្យូង និងរោងខ្ទមខុសច្បាប់ជាង ២០ កន្លែង ។
លោកបានបញ្ជាក់ថា៖ «ក្នុង ១ ឡដុតធ្យូង គឺអាចត្រូវបានកាប់បំផ្លាញដើមឈើ [ជំទង់ៗ] ពី ២០ ទៅ ៣០ ដើម»។
បើតាមការរៀបរាប់របស់លោកគឺមសួគ៌ កាលពី៦ខែមុន ម្ចាស់ទីតាំងឡដុតធ្យូងនិងខ្ទមខុសច្បាប់ទាំងនោះ ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្ស ចុះធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសច្បាប់នេះម្ដងរួចមកហើយ។ ក្នុងអំឡុងពេលនោះ ក្រុមការងារបានផ្ដល់ឱកាសដល់ម្ចាស់ឡដុតធ្យូង និងខ្ទមខុសច្បាប់ទាំងនោះ ឱ្យធ្វើការរុះរើដោយខ្លួនឯង ក្រោយពីប្រមូលផលធ្យូងរួច។ ប៉ុន្តែពួកគេមិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងបន្តលួចធ្វើសកម្មភាពកាប់ឈើយកមកដុតកែច្នៃធ្វើជាធ្យូងខុសច្បាប់ទៀត។
លោកបានបន្តថា ក្រុមមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ឱរ៉ាល់ ក៏បានរកឃើញទីតាំងដីព្រៃរាប់សិបហិកតា ត្រូវបានក្រុមជនមិនស្គាល់មុខលួចទន្ទ្រានចូលកាន់កាប់ដោយខុសច្បាប់ផងដែរ។
លោកឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែឧសភា បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងមន្ត្រីឧទ្យានុរក្សបរិស្ថាន និងប្រជាសហគមន៍ឱរ៉ាល់ ក្នុងការចុះល្បាតស្រាវជ្រាវ និងបង្ក្រាបបទល្មើសខាងលើនេះ។
លោកថ្លែងថា៖«យើងលើកទឹកចិត្តដល់មន្ត្រី និងដៃគូសហប្រតិបត្តិការរបស់យើង ដែលក្នុងនោះរាប់បញ្ចូលទាំងប្រជាសហគមន៍មូលដ្ឋានផងដែរ ដែលបានរួមគ្នាចុះស្រាវជ្រាវ បង្ការទប់ស្កាត់និងបង្ក្រាបបទល្មើស ដើម្បីការពារធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធិភាព។ ទោះយ៉ាងណាខ្ញុំនៅមិនទាន់ទទួលបានរបាយការណ៍អំពីករណីនេះពីមន្ត្រីជំនាញយើងនៅឡើយទេ»។
ចំណែកលោកហ៊ុល ម៉ារ៉ា ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលនេះក្រុមការងាររបស់លោក និងប្រជាសហគមន៍ឱរ៉ាល់ កំពុងបន្តល្បាតស្រាវជ្រាវ និងបង្ក្រាបបទល្មើសក្នុងព្រៃនៃតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នៅឡើយ ដោយការល្បាតនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
លោកថ្លែងថា៖«ជាការពិត លោកតាន់ គឹមសួគ៌ គាត់បានចូលរួមចុះល្បាតជាមួយក្រុមមន្ត្រីឧទ្យានុរក្សរបស់យើង។ មែន ហើយតាមរយៈការបង្ហាញទិន្នន័យជំហានបឋម ដែលលោកតាន់ គឹមសួគ៌ បានបង្ហោះលើបណ្ដាញសង្គមរបស់គាត់ យើងរីករាយចំពោះលទ្ធផលការងារ របស់មន្ត្រីយើង រួមទាំងប្រជាសហគមន៍ ដែលបានចូលរួម នៅក្នុងប្រតិបត្តិការចុះល្បាតព្រៃ សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅរង់ចាំលទ្ធផលផ្លូវការពីមន្ត្រីយើង ក្រោយត្រឡប់ពីល្បាតព្រៃវិញ»។
លោកប្រាប់ថា ជាទូទៅ ក្រោយរកឃើញបទល្មើសទាក់ទងនឹងការកាប់ទន្ទ្រានដីព្រៃ ឬសង់ខ្ទមក្នុងព្រៃនៃតំបន់ដែនជម្រកសត្វព្រៃ គឺមន្ត្រីឧទ្យានុរក្ស តែងតែបន្តស្រាវជ្រាវរកមុខសញ្ញានៃជនប្រព្រឹត្តបទល្មើស ដើម្បីស្នើសុំគោលការណ៍ពីសមត្ថកិច្ចនៃស្ថាប័នពាក់ព័ន្ធ ដើម្បីដកហូតដីព្រៃ ដែលបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់មកជាសម្បត្តរដ្ឋវិញ ហើយបុគ្គលដែលជាប់ពាក់ព័ន្ធនឹងបទល្មើស ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីមានចំណាត់ការបន្តតាមនីតិវិធី៕
វីដេអូ៖