ភ្នំពេញៈ ក្រសួងបរិស្ថានបានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការចំនួន ២ ជាមួយសួនរុក្ខឧទ្យាន KEW នៃចក្រភពអង់គ្លេស និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធដើម្បីបន្តអភិរក្សជីវចម្រុះក៏ដូចជា ស្រាវជ្រាវប្រភេទរុក្ខជាតិកេសរកូលព្រៃនៅកម្ពុជា។
ពិធីចុះអនុស្សរណៈនេះបានធ្វើឡើងក្នុងឱកាសដែលក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើជាផ្លូវការ “សៀវភៅមគ្គុទ្ទេសក៍ស្តីពីគ្រឿងទេសនៅប្រទេសកម្ពុជា"និងរៀបចំវេទិកាកេសរកូលជាតិលើកទី ២ នៅរាជធានី-ភ្នំពេញកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២។
ក្នុងឱកាសនោះដែរក៏មានការចុះអនុស្សរណៈរវាងក្រសួងបរិស្ថាន និងសួនរុក្ខឧទ្យាន KEW នៃចក្រភពអង់គ្លេសស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្កើត និងដំណើរការនៃការអភិរក្សជីវចម្រុះក្រៅដែនធម្មជាតិនៅកម្ពុជា និងអនុស្សរណៈរវាងក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធស្តីពីកិច្ចសហការរៀបចំ និងប្រតិបត្តិការរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោក សាយ សំអាល់ បានថ្លែងថា កិច្ចការស្នូលរបស់ក្រសួងបរិស្ថានគឺអភិរក្សជីវចម្រុះប្រកបដោយចីរភាពដែលរហូតមកទល់ពេលនេះ កម្ពុជាមានទីតាំងអភិរក្សជីវចម្រុះចំនួន ៧៤ ទីតាំង ក្នុងនោះមាននៅឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព ព្រមទាំងការចុះបញ្ជីដីធ្លី និងការបោះបង្គោលព្រំជាដើម។ លោកបន្តថា ចំណែកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក៏ជាចំណែកមួយនៃការស្តារសេដ្ឋកិច្ចមូលដ្ឋានក៏ដូចជា ចូលរួមអភិរក្សជីវចម្រុះផងដែរ ដូចជា ផ្កាអ័រគីដេ និងកេសរកូល ជាដើម។
លោក សាយ សំអាល់ បន្តថា បច្ចុប្បន្នក្រសួងបរិស្ថានក៏បានរៀបចំឧទ្យានរបស់កម្ពុជាទៅតាមបទដ្ឋានបច្ចេកទេស ដែលមានកន្លែងសម្រាកសម្រាប់មនុស្ស និងសត្វព្រៃ និងបន្ទប់ទឹកជាដើម ដើម្បីបង្កភាពងាយស្រួល និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ និងធានាបានភាពគង់វង្សដល់ការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅកម្ពុជា។
លោកថា៖ «ថ្មីៗនេះ ឧទាហរណ៍នៅឧទ្យានកែបគឺជាការរៀបចំមួយដែលយើងប៉ងធ្វើយូរហើយជាឧទ្យានមួយផ្សារភ្ជាប់នឹងការរៀបចំក្រុង ហើយក្រុងកែបជាទីក្រុងតូចច្រឡឹងមានសមុទ្រ ម្ហូបឆ្ងាញ់ និងជាកន្លែងដែលជនក្នុងស្រុក និងក្រៅស្រុកចូលចិត្តទៅកម្សាន្ត។
អ៊ីចឹងយើងរៀបចំឧទ្យាននេះជាបំណែកនៃក្រុងហើយសង្ឃឹមថាឧទ្យាននេះនឹងក្លាយជាជីវិតថ្មីមួយរបស់ខេត្ត និងជាកន្លែងដើរលេងក្នុងស្តង់ដាយូរអង្វែង »។
លោកបន្ថែមថា ក្រសួងបរិស្ថានក៏នឹងត្រៀមរៀបចំឱ្យកាន់តែប្រសើរនៅតាមឧទ្យានជាតិមួយចំនួនទៀត ដូចជា នៅតំបន់ស្ទឹងពពក រមណីយដ្ឋានធម្មជាតិគិរីរម្យ និងរមណីយដ្ឋានធម្មជាតិភ្នំគូលែនឱ្យស្របតាមបទដ្ឋានបច្ចេកទេសផងដែរ។
ក្រសួងបរិស្ថានបានឱ្យដឹងថា ការរៀបចំវេទិកាកេសរកូលជាតិលើកទី ២ នេះ គឺក្នុងគោលបំណងសំខាន់ៗរួមមាន ផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់ពីប្រភេទកេសរកូលព្រៃរបស់កម្ពុជា និងចែករំលែកព័ត៌មានស្តីពីវឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។ ចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិ និងផ្សារភ្ជាប់បណ្តាញអ្នកសិក្សាស្រាវជ្រាវ និងពង្រឹងការអភិរក្ស កេសរកូលព្រៃនៅកម្ពុជា។
ដោយឡែកសៀវភៅមគ្គុទ្ទេសក៍ស្តីពីគ្រឿងទេសនៅកម្ពុជា ក្រសួងបានរៀបចំឡើង ដើម្បីកំណត់អត្តសញ្ញាណ ចងក្រងទុកជាឯកសារអំពីលក្ខណៈជីវសាស្ត្រ រូបសាស្ត្រ សារប្រយោជន៍ ចំណេះដឹងជាប្រពៃណី និងរបៀបនៃការប្រើប្រាស់រុក្ខជាតិគ្រឿងទេសនៅកម្ពុជាដែលប្រជាជនតែងតែអនុវត្តតាំងពីដូនតាសម្រាប់ធ្វើជាគ្រឿងផ្សំក្នុងម្ហូបអាហារប្រចាំថ្ងៃ និងជាឱសថថែរក្សាសុខភាព និងព្យាបាលជំងឺ៕