ភ្នំពេញៈ ស្របពេលនឹងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy បានធ្វើការឆ្លុះបញ្ចាំងពីទំនាក់ទំនង និងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដោយលោកលើកឡើងថា សហរដ្ឋអាមេរិកចង់ឱ្យកម្ពុជាទទួលបានជោគជ័យក្នុងនាមជាប្រធានកិច្ចប្រជុំអាស៊ានឆ្នាំនេះ ព្រោះជោគជ័យនេះគឺជាជោគជ័យសម្រាប់ប្រទេសអាស៊ានទាំងអស់ និងជាជោគជ័យសម្រាប់ទំនាក់ទំនងកម្ពុជា-សហរដ្ឋ អាមេរិក ផងដែរ។
កិច្ចប្រជុំកំពូលពិសេសអាស៊ាន- អាមេរិក ធ្វើឡើងរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ១២-១៣ ខែឧសភា ដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានអាមេរិក។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយបេសកកម្មសហរដ្ឋអាមេរិកចំពោះអាស៊ាន (US Mission ASEAN) នាថ្ងៃទី ១០ ខែឧសភា លោក Murphy បានថ្លែងថា សហរដ្ឋអាមេរិកបានទទួលស្គាល់ប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៥០ គឺ ៣ ឆ្នាំមុនកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំងក្នុងឆ្នាំ ១៩៥៣ ប៉ុន្តែក្រោយមកប្រទេសទាំង ២ មានបញ្ហាប្រឈម។
លោកបន្តថា ទោះយ៉ាងណាក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានចំណាយថវិកាជាង ៣ ពាន់លានដុល្លារសម្រាប់អភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសកម្ពុជា ហើយប្រទេសនេះកំពុងដំណើរការរីកចម្រើនកាន់តែល្អប្រសើរច្រើន។
លោក Murphy ថ្លែងថា៖ «ឆ្នាំនេះគឺជាឆ្នាំដែលមានសារៈសំខាន់ណាស់ ដោយសារកម្ពុជាធ្វើជាប្រធានអាស៊ាន។ សហរដ្ឋ-អាមេរិក និងអាស៊ានមានភាពជាដៃគូយុទ្ធសាស្ត្រដែលយើងគ្រោងនឹងដំឡើងភាពជាដៃគូនេះឡើងមួយកម្រិតទៀត ហើយយើងចង់ឱ្យប្រទេសកម្ពុជាទទួលបានជោគជ័យ ព្រោះភាពជោគជ័យរបស់កម្ពុជាគឺជាជោគជ័យសម្រាប់អាស៊ានទាំងអស់ និងជាជោគជ័យសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក»។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានបង្ហាញមោទនភាពចំពោះកម្មវិធីទាំងអស់របស់សហរដ្ឋអាមេរិកដែលបានជះផលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីដែលលោកចាប់អារម្មណ៍ខ្លាំងបំផុតគឺកម្មវិធីអភិវឌ្ឍន៍ជំនាញភាសាអង់គ្លេសដល់យុវជនកម្ពុជាចំនួន ១ ៥០០ នាក់។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិក បានបញ្ជាក់ទៀតថា៖ «ពួកគេភាគច្រើនទទួលបាននូវជំនាញភាសាអង់គ្លេស និងជំនាញភាពជាអ្នកដឹកនាំ ដែលមានលទ្ធផលពិតជាអស្ចារ្យ។ ទំនុកចិត្ត និងសមត្ថភាពដែលយុវជនកម្ពុជាទាំងនេះមានគឺកាន់តែល្អប្រសើរឡើង ដែលធ្វើឱ្យប្រទេសកម្ពុជាប្រកួតប្រជែង និងធ្វើសមាហរណកម្មបន្ថែមទៀតជាមួយប្រទេសជិតខាង។ អតីតនិស្សិតកម្ពុជារាប់ពាន់នាក់ដែលចេញពីកម្មវិធីរបស់យើងពិតជាធ្វើបានល្អនៅកម្ពុជាហើយបានបម្រើការងារជារដ្ឋមន្ត្រី អ្នកដឹកនាំធុរកិច្ច អ្នកអប់រំ»។
នៅក្នុងពិធីទទួលទានអាហារសាមគ្គីជាមួយក្រុមអ្នកវិភាគសង្គមនៅលើបណ្តាញសង្គមដែលជាពលរដ្ឋកម្ពុជានៅសហរដ្ឋអាមេរិកនាថ្ងៃទី ១០ ខែឧសភាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កន្លងមកលោកបានស្តាប់នូវរាល់សំឡេងអ្នកវិភាគទាំងអស់ ដើម្បីលោកបានដឹងពីអ្វីដែលជាការចង់បាន និងការទិតៀនលើការដឹកនាំរបស់បុគ្គលនយោបាយ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមន្ត្រីរាជរដ្ឋាភិបាល។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីថ្លែងថា កម្ពុជា និងអាមេរិកអាចនឹងដាក់ឱ្យមានការធ្វើសមយុទ្ធរួមគ្នា «ឆ្មាំអង្គរ ឬ Angkor Sentinel» ឡើងវិញនាពេលបន្តិចទៀតនេះ ដើម្បីធ្វើការដោះដូរ និងចែករំលែកបទពិសោធ ការពង្រឹងសមត្ថភាពកងទ័ពក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ការជួញដូរមនុស្ស និងគ្រឿងញៀន និងកិច្ចការមនុស្សធម៌ជាដើមរវាងកងទ័ពទាំង ២។
លោកថ្លែងថា ក្រោមក្របខ័ណ្ឌជាប្រធានអាស៊ាន កម្ពុជានឹងដឹកនាំបណ្តាប្រទេសសមាជិកអាស៊ានដទៃពិភាក្សាការងារដោះដូពាណិជ្ជកម្ម ការពង្រីកវិស័យទូរគមនាគមន៏ និងឌីជីថល ការកសាងហេដ្ឋរចនាសម្ព័ន្ធយោធាក្នុងតំបន់ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ការគាំទ្រកិច្ចការពារបរិស្ថាន និងសត្វព្រៃ លើកកម្ពស់កសាងធនធានមនុស្ស និងការរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
លោក ម៉េងដាវិត បានថ្លែងថា៖ «សហរដ្ឋអាមេរិកហាក់មានបំណងមិនចង់ឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនធ្វើការជ្រើសរើសរវាងអាមេរិក និងចិនឡើយ ផ្ទុយទៅវិញអាមេរិកចង់ឱ្យមានបង្កើតតំបន់មួយមានចក្ខុវិស័យរួមមួយប្រកបដោយការស្ថាបនានៅក្រោមមូលដ្ឋានច្បាប់ ការពារសិទ្ធិមនុស្ស និងសេរីភាព ការពារកម្មសិទ្ធិបញ្ញា មានអភិបាលកិច្ចល្អ និងតំបន់មួយដែលប្រទេសធំមិនធ្វើបាបប្រទេសតូច»៕