កោះកុងៈ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានចេញលិខិតមួយស្នើទៅលោកស្រី មិថុនា ភូថង អភិបាលខេត្ដកោះកុងចាត់ចែងឱ្យមានការចុះពិនិត្យស្រាវជ្រាវ និងដោះស្រាយករណីវិវាទដីធ្លីទំហំជាង ៥ ហិកតារវាងប្រជាពលរដ្ឋ និងនាយកឧទ្យានជាតិបទុមសាគរ ក្រោយមានការស្នើសុំអន្តរាគមន៍ពីអង្គការមួយ។
លិខិតរបស់ក្រសួងមហាផ្ទៃចុះហត្ថលេខាដោយ លោក សក់ សេដ្ឋា កាលពីចុងខែមេសា ឆ្នាំ ២០២២ ដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានកាលពីថ្ងៃទី១ ១ ឧសភាបានជម្រាបលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ដថា អង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបានធ្វើលិខិតមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំអន្តរាគមន៍ទៅរដ្ឋបាលខេត្ដកោះកុងជួយដោះស្រាយវិវាទដីធ្លីទំហំ ៥២ ៧០០ ម៉ែត្រក្រឡា ស្ថិតនៅចំណុចដំណាក់អំបុក ភូមិចម្លងគោ ឃុំថ្មស ស្រុកបទុមសាគរ ខេត្ដកោះកុង រវាងឈ្មោះ លី សេង និងឈ្មោះ អ៊ឹង វន្នី នាយកឧទ្យានជាតិ បទុមសាគរ។
លិខិតនេះឱ្យដឹងថា៖ «អាស្រ័យហេតុនេះ ក្រសួងមហាផ្ទៃស្នើលោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ដចាត់ចែងឱ្យមានការចុះពិនិត្យ សិក្សាស្រាវជ្រាវ និងដោះស្រាយបញ្ហានេះដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដដែលមានចែងជាធរមាន រួចធ្វើការឆ្លើយតបទៅសាមីសំណើវិញ»។
លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ១១ ឧសភា ថា ទីតាំងដី ដែលមានវិវាទនេះត្រូវបានរាជរដ្ឋាភិបាលកាត់ចេញពីតំបន់ឧទ្យានជាតិបទុមសាគរអស់ហើយ ដើម្បីធ្វើការបែងចែកដល់ពលរដ្ឋដែលរងផលប៉ះពាល់ជាមួយក្រុមហ៊ុន Union Development។
លោកបញ្ជាក់ថា៖ «ក្រោយមកលោក អ៊ឹង វន្នី នាយកឧទ្យានជាតិបទុមសាគរ គាត់បានដាក់ឈ្មោះប្រពន្ធគាត់ឱ្យរស់នៅលើទីតាំងដីហ្នឹង។ ដីហ្នឹងគឺជាដីរបស់ពលរដ្ឋ ពួកគាត់កាន់កាប់តាំងពីយូរមកហើយ តាំងពីមិនទាន់មានពលរដ្ឋមករស់នៅលើដីនេះទៅទៀត ហើយលោក វន្នី ក៏បានដាក់ឈ្មោះប្រពន្ធគាត់ឱ្យមកកាន់កាប់លើដីនេះ ដើម្បីយកដីរបស់ឈ្មោះ លី សេង»។
លោក អ៊ឹង វន្នី នៅថ្ងៃទី ១១ ឧសភា បានបដិសេធការចោទប្រកាន់ និងថ្លែងថា បញ្ហាវិវាទដីធ្លីនេះ ចង់ដឹងច្បាស់ទាល់តែចុះមកសាកសួរផ្ទាល់ដល់មូលដ្ឋាន៕