មណ្ឌលគិរីៈ អាវុធហត្ថខេត្តមណ្ឌលគិរីកោះហៅជនជាតិដើមភាគតិចព្នង ៣ នាក់ នៅភូមិឡោកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ឱ្យចូលបំភ្លឺនៅអង្គភាពកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីនាថ្ងៃទី ១៩ ឧសភា ពាក់ព័ន្ធច្រើនករណី ដូចជាមិនគោរពដីកាសម្រេច និងប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុជាដើម។ ក្នុងរឿងនេះជនជាតិដើមភាគតិចអះអាងថា ទង្វើនេះជារឿងអយុត្តិធម៌ ជាការគំរាមកំហែង និងរំលោភសិទ្ធិមនុស្ស។
លិខិតកោះហៅរបស់លោកវរសេនីយ៍ត្រី អៃ ចំណាប់ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃអង្គភាពកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះថ្ងៃទី ២ ឧសភា បង្ហាញថា ជនជាតិដើមភាគតិចព្នង ៣ នាក់ ដែលត្រូវកោះហៅក្នុងនោះមានអ្នកស្រី ភ្លឹក ភីរុំ អ្នកស្រី ខ្វើង ទុំ និងអ្នកស្រី ភ្លឹក ណារី។ អ្នកទាំង ៣ ជាជនជាតិព្នងមានទីលំនៅ ក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ អាវុធហត្ថខេត្តមណ្ឌលគិរីបានកោះហៅអ្នកទាំង ៣ នោះឱ្យចូលមកកាន់មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដើម្បីឆ្លើយបំភ្លឺករណីជាច្រើន។ ក្នុងនោះមាន ដូចជា បទមិនគោរពដីកាសម្រេច បទគំរាមសម្លាប់ បទប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុអ្នកដទៃ និងបទកំហែងយក ដែលបានប្រព្រឹត្តអំឡុង ខែកុម្ភៈ ឆ្នាំ ២០២២ នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លិខិតដដែលឱ្យដឹងថា ការកោះហៅនេះធ្វើឡើងដោយយោងតាមពាក្យបណ្តឹង របស់ឈ្មោះ ត្រឿង យុន ភេទស្រី អាយុ ៦២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ និងយោងតាមចំណាររបស់លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ អនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌បើកការស៊ើបអង្កេតបឋម។
អ្នកស្រី ភ្លឹក ភីរុំ តំណាងសហគមន៍សុខដុមថ្លែងនៅថ្ងៃទី ១១ ខែឧសភាថា ការកោះហៅរបស់កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី គឺជារឿងអយុត្តិធម៌បំផុត។ ព្រោះក្រុមជនជាតិដើមភាគតិចបានធ្វើការថែរក្សាការពារព្រៃឈើដែលជាទ្រព្យសម្បត្តិរដ្ឋ បែរជាក្លាយជាអ្នកមានទោសជាប់ក្នុងការសង្ស័យ ត្រូវហៅឱ្យចូលទៅបំភ្លឺ ប៉ុន្តែអ្នកមានលុយដែលបានឃុបឃិតទិញដីព្រៃបែរជារួចខ្លួនទៅវិញ។
អ្នកស្រីនិយាយថា៖ «រាល់ថ្ងៃនេះខ្ញុំដើរចោលកូន ដើម្បីការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ផ្ទុយទៅវិញខ្ញុំត្រូវបានអាជ្ញាធរកោះហៅ អាជ្ញាធរគំរាមកំហែងចាប់ដាក់គុក។ អ៊ីចឹងសួរថា យុត្តិធម៌ ឬអត់សម្រាប់ខ្ញុំ ដែលជាមនុស្សការពារមិនមែនរបស់ខ្លួនឯងរាល់ថ្ងៃ ហើយអស់ទាំងទ្រព្យខ្លួនឯង ដើម្បីការពារព្រៃសាធារណៈរបស់រដ្ឋ ដីសាធារណៈរបស់រដ្ឋ ផ្ទុយទៅវិញខ្ញុំត្រូវបានគេចោទប្រកាន់»។
អ្នកស្រី ភ្លឹក ណារី ជនជាតិដើមភាគតិចក្នុងសហគមន៍សុខដុម និយាយនៅថ្ងៃទី ១១ ខែឧសភាថា បញ្ហាដីធ្លីនេះកើតឡើងនៅឆ្នាំ ២០១៩ គឺមានអ្នកទិញដីម្នាក់មកអះអាងថា ដីព្រៃចំនួន ៧០ ហិកតា នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យនោះជាដីរបស់ខ្លួនហើយដាក់គ្រឿងចក្រចូលឈូសឆាយ។ ឃើញដូចនោះទើបក្រុមជនជាតិដើមភាគតិចបានធ្វើការហាមឃាត់ ដោយសារតែដីនោះ ក្រុមជនជាតិដើមភាគតិច ៣០ គ្រួសារបានធ្វើការអាស្រ័យផលតាំងពីដូនតាមកម្ល៉េះ។
អ្នកស្រីប្រាប់ថា៖ «ពួកខ្ញុំអត់ឱ្យទេ ដោយសារពួកខ្ញុំអាស្រ័យផលតាំងពីកើតមក ហើយតាំងពីជីដូនជីតា ក៏នៅឯហ្នឹង ហើយកូនចៅពួកខ្ញុំទៀតក៏នៅទីហ្នឹង ដែលត្រូវអាស្រ័យផលពីដើមជ័រឈើ រកឃ្មុំ រកអនុផលព្រៃឈើផ្សេងៗ ធ្វើស្រែចម្ការវិលជុំអ៊ីចឹងទៅ។ ដល់ពេលគាត់យកអ៊ីចឹង បានអីអាស្រ័យផលពួកខ្ញុំនេះ»។
អ្នកស្រី ណារី ឱ្យដឹងថា បញ្ហាដីធ្លីនេះជនជាតិដើមភាគតិចធ្លាប់បានស្នើសុំអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ និងក្រុងឱ្យជួយសម្រួលដោះស្រាយ ប៉ុន្តែអាជ្ញាធរមិនបានយកចិត្តទុកដាក់ខ្វល់ខ្វាយជួយនោះទេ ពោលគឺយកចិត្តទុកដាក់តែខាងអ្នកមានលុយ។ អ្នកស្រីថា ក្រុមជនជាតិដើមភាគតិចធ្លាប់ស្នើឱ្យអាជ្ញាធរសង្កាត់ និងអាជ្ញាធរក្រុង ជួយសម្រួលធ្វើការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច តាំងពីឆ្នាំ ២០០៤ មកម្ល៉េះ។ ប៉ុន្តែអាជ្ញាធរ មិនអើពើ ហើយនៅពេលក្រុមជនជាតិដើមភាគតិចតវ៉ា ពេលមានអ្នកចូលទៅទន្ទ្រាន បែរជាចោទថា ជនជាតិដើមភាគតិចគ្មានប្លង់ទៅវិញ។
លោក គ្រើង តុលា អ្នកប្រឹក្សាយោបល់ក្រុមការងារបណ្តាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ថ្លែងថា ការកោះហៅនេះ គឺជារូបភាពគំរាមកំហែង និងរំលោភសិទ្ធិជនជាតិដើមភាគតិច ដែលជាម្ចាស់តំបន់ ភូមិស្រុក។ ឯជនចំណូលស្រុក មិនដឹងថានៅទីណា ហើយដីរបស់គាត់នោះនៅទីណាឡើយ។ លោកថា៖ «ការទិញរបស់គាត់ហ្នឹង គឺទិញដីព្រៃសុទ្ធ មិនដឹងថាគាត់ទិញរបៀបណា។ អាហ្នឹងជាការរំលោភច្បាប់ផង ហើយជាការរំលោភ សិទ្ធិជនជាតិដើមភាគតិចផង ហើយគាត់ ប្រើកងកម្លាំងអាវុធហត្ថហ្នឹងគឺដើម្បីបំភ័យ កុំឱ្យប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍ជនជាតិដើមភាគតិចហ៊ានធ្វើការតវ៉ា»។
លោក ពៅ សុផាត ចៅសង្កាត់សុខដុមថ្លែងថា៖ «ប្អូនឯងចង់ដឹងរឿងពិត ចុះមកផ្ទាល់ៗមក។ អាជ្ញាធររកដំណោះស្រាយ យើង [ជនជាតិភាគតិច] អត់ចង់ដោះស្រាយ ហើយមកជេរប្រទេចបណ្តាសាគេអី។ ព្រោះធម្មតាទេ បើបងប្អូនខាងជនជាតិមិន លក់ឱ្យគេក៏គេមិនទិញដែរ យើងយល់អ៊ីចេះ មិនបាច់ទៅចង់ដឹង ចង់ឆ្ងល់អីទេ»៕