​ឧត្តមានជ័យៈ រដ្ឋបាល​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​បណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ​អាច​ផ្តល់​ជូន​សម្រាប់​តែ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​ប៉ុណ្ណោះ ​និង​ស្នើឱ្យ​ពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​ផ្សេង​មិន​ជាប់​ព្រំដែន​ ឈប់​ចាញ់​បោក​ជន​ខិល​ខូច​ដែល​ឆ្លៀត​ឱកាស​រ​ត់​ការ​ធ្វើ​បណ្ណ​នេះ​។​​

សេចក្តី​ជូន​ដំ​ណឹង​រប​ស់​រដ្ឋបាល​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ ចុះ​ថ្ងៃទី​១១ ​ខែ​ឧសភា​ នេះ​បាន​ឱ្យ​ដឹង​ថា បណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ​អាច​ផ្តល់​ជូន​បាន​តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ដែល​មាន​លំនៅ​ឋាន​អចិ​ន្ត្រៃយ៍ នៅ​ក្នុង​ខេត្ត​ដែល​សាមី​ខ្លួ​ន​ស្នើសុំ​បណ្ណ​ព្រំដែន​ប៉ុណ្ណោះ ​ក្នុង​តម្លៃ​ ២​ម៉ឺន​រៀល ​ដោយ​សាមី​ខ្លួន​ត្រូវ​បង្ហាញ​មុខ​ដោយ​ផ្ទាល់​ជា​មួយ​មន្ត្រី​មាន​សមត្ថ​កិច្ច​នៅ​ទីតាំង​ផ្តល់​សេវា ​រៀង​រាល់ ​ម៉ោង​ធ្វើការ​ និង​ភ្ជាប់​ជា​មួយ​នូវ​ឯក​សារ​ពាក់ព័ន្ធ​។​​

ឯក​សារ​ពាក់ព័ន្ធ​ទាំង​នោះ​រួមមាន​ ពាក្យ​ស្នើ​សុំ​បណ្ណ​ព្រំដែន​ចំនួន ១​ច្បាប់​ដោយ​មាន​បិទ​រូប​ថត ចុះហត្ថ​លេខា​ ឬ​ផ្តិត​ មេដៃ​ស្តាំ​​របស់​សាមី​ខ្លួន​នៅ​លើ​ពាក្យស្នើ​សុំ ​ហើយ ​ពាក្យ​ស្នើសុំ​​មាន​ផ្តល់​ជូន​នៅ​ទីតាំង​ផ្តល់​សេវា​ដោយ​ ឥត​គិត​ថ្លៃ​។ ​ ភ្ជាប់​រូបថត​សាមី​ខ្លួន​បច្ចុប្បន្ន​ ទំហំ ​៤x៦ ​ថត​ចំ​ពីមុខ​គ្មាន​ពាក់​មួក​ ឬ​វ៉ែនតា​ ចំនួន​ ២​ សន្លឹក​ ហើយ​ត្រូវ​ភ្ជាប់​មក​នូវ​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​សំបុត្រ​កំណើត​ ឬ​សំបុត្រ​បញ្ជាក់​កំណើត​ដែល​ជា​ច្បាប់​ដើម​ ឬ​ថត​ចម្លង​ត្រឹម​ត្រូវ​តាម​ច្បាប់​ដើម​ និង​សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ​ជា​ដើ​ម​។​​

រដ្ឋបាល​ខេត្ត​ បញ្ជាក់​ជូន​ថា​ កន្លង​មក​នៅ​មាន​បង​ប្អូន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មានការ​ភ័ន្ត​ច្រឡំ ​ហើយ​ក៏​មាន​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​ដើម្បី​ផល​ប្រយោជន៍​បុគ្គល​ផ្ទាល់ ខ្លួន​បាន​បំផុស​ចលនា​ឱ្យ ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ទីលំ​នៅ​ ឬ​អាសយ​ដ្ឋាន​ស្នាក់​នៅក្រៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ថា​អាច​ធ្វើ​បណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ​នៅ​អង្គភាព​ច្រក​ចេញចូល​តែមួយ​ខេត្ត ឬ​នៅ​ ទីស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិ​អូរ​ស្មាច់​បាន​ ​តាម​រយៈ​ការធា​នា​ជួយ​រត់ការ​ ឬ​ជូន​មក​ ដល់ទី​​តាំង​ផ្តល់​សេវា​ផ្ទាល់​។​​

ពាក់ព័ន្ធ​បញ្ហា​នេះ ​រដ្ឋ​បាល​ខេត្ត​បាន​គូស​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ករណីនេះ ​សូម​បងប្អូន​កុំ​ចាញ់​បោក​ការ​ឃោស​នា ​បោក​បញ្ឆោត​អំពី​ការ​ឱ្យ​អញ្ជើញ​មក​ទទួល​ សេវា​ ឬ​ការ​ធានា​រៀបចំ​រត់ការ​ធ្វើ​បណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​ជូន​ ជៀស​វាង​ខាត​បង់​ពេល​វេលា និង​ថវិកា ដោយ​អសារ​បង់​»​​។

ទន្ទឹម​នេះ​ដែរ​ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក​ សេក​ សុខុម​ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា អាជ្ញាធរ​ខេត្ត​របស់​លោក​ក៏​មាន​គោល​ការណ៍​ដូចគ្នា​ទៅ​នឹង​ខេត្ត​ឧ​ត្ត​ម​មាន​ជ័យ​ដែរ គឺ​ធ្វើ​បណ្ណ​ព្រំដែន​ជូន​តែ​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ខេត្ត ​និង​អាជីវក​រដែ​លក់ដូរ​នៅ​ផ្សារ​ជាប់​ព្រំដែន​ប៉ុណ្ណោះ​។​

លោក​ថា​៖«​តាម​ពិត​ MOU រវាង​កម្ពុជា​និង​ថៃ​អនុញ្ញាត​ឱ្យ​ធ្វើ​បណ្ណ​ព្រំដែន​ សម្រាប់​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​មិន​អនុញ្ញាត​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​ផ្សេង​ទេ ប៉ុន្តែ​បើ​គាត់​ជា​អាជីវ​ករលក់​ដូរ​នៅ​ព្រំដែន ហើយ​ផ្ទះ​គាត់​នៅ​កំពង់​ចាម​ នៅ​ភ្នំពេញ​ ហើយ​គាត់​មាន​សៀវភៅ​ស្នាក់​បញ្ជា​ក់ដោយ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​យើង គឺ​គាត់​អា​ច​ធ្វើ​បណ្ណ​ព្រំដែន​បាន​»​។​

ស្ថាន​ទូត​ព្រះរា​ជា​ណាច​ក្រ​កម្ពុជា​ប្រចាំ​ព្រះរា​ជា​ណា​ចក្រ​ថៃ​ឡង​ដ៍ ​បាន​ឱ្យដឹ​ង​ដែរ​ថា ​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ ចាប់​ផ្ដើម​បើក​ដំណើរ​ការ​ឡើង​វិញ​ចាប់​ពី​ថ្ងៃទី ១ ខែ ​ឧសភា ​២០២២​ ប៉ុន្តែ​វិធាន​ការ​សុខាភិ​បាល​ត្រូវ​បាន​អនុវត្ត​យ៉ាង​តឹង​រ៉ឹង​។​​

ស្ថាន​ទូត​ បន្តថា​ ចំពោះ​អ្នក​ដំណើរ​ចូល​ប្រទេស​ថៃ ​ត្រូវ​បែង​ចែក​ជា ​៣ ប្រភេទ​ គឺ ​១ អ្នក​ដំណើរ​ដែល​បាន​ចាក់​វ៉ាក់​សាំង​ពេញ​លេញ ​២ អ្នក​ដំណើរ​ដែល​មិន​ចាក់​វ៉ាក់​សាំង​ ឬ​ចាក់​វ៉ាក់សាំង​មិន​ពេញលេញ និង ៣ អ្នក​ដំណើរ​ដែល​ជា​ប្រជាជន​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ដែល​កាន់​បណ្ណ​ព្រំដែន​។​

សម្រាប់​ពល​រដ្ឋ​ដែល​កាន់​បណ្ណ​ព្រំដែន​ គឺ​មិន​តម្រូវ​ឱ្យ​ចុះ​ឈ្មោះ T​hailand Pass ​ទេ មិន​តម្រូវ​ឱ្យ​មាន​ការធា​នារ៉ាប​រង ​ប៉ុន្តែ​ត្រូវតែ​ជា​អ្នក​បាន​ចាក់​វ៉ាក់សាំង​ពេញ​។​ រីឯ​ការ​ធ្វើ​ដំណើរ​ត្រូវបាន​អនុញ្ញាត​តែ​ក្នុង​តំបន់​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​ទាំង​ ២ ប៉ុណ្ណោះ ​និង​អាច​ស្នាក់នៅ​ប្រទេស​ថៃ​មិន​ត្រូវ​លើស​ពី​ ៣ ​ថ្ងៃ​ ឡើយ​។

សម្រាប់​អ្នក​មិន​មាន​បណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​ វិញ ​ពោល​មាន​លិខិត​ឆ្លង​ដែន ​(Passport)​ និង​ជា​អ្នក​ចាក់​វ៉ា​ក់​សាំង​ពេញ​លេញ​ តម្រូវ​ឱ្យ​ចុះ​ឈ្មោះ Th​ailand Pass មុនពេល​ធ្វើ​ដំណើរ​នៅ (tp.consular.go.th) ​ចំណាយ​ពេល​មិន​លើស​ ៤៨ ​ម៉ោង​ មុន​ធ្វើ​ដំណើរ​ទៅ​ថៃ​។ ​ត្រូវ​មាន​បណ្ណ​ធានា​រ៉ាប់រង​ក្នុង​រង្វង់​ទឹក​ប្រាក់ ១​​ ម៉ឺន​ដុល្លារ (​ទិញ​ក្នុង​តម្លៃ​ប្រហែល​៣០​ដុល្លារ​)​ មិន​ត្រូវ​ឱ្យធ្វើ​តេស្ត ​RT-PCR ប៉ុន្តែ​នាំឱ្យ​ធ្វើ​តេស្ត​រហ័ស​ (ATK)​ ដោយ​ខ្លួន​ឯង​អំ ឡុង​ពេល​ស្នាក់​នៅ​ប្រទេស​ថៃ​។​ខេត្ត​ថៃ​ជាប់​ច្រក​ព្រំដែន​អន្តរ​ជាតិ​កម្ពុជា​-​ថៃ ដែល​ធ្វើ​ដំណើរ​ចូល​បាន​រួមមាន​ ខេត្ត​សះ​កែវ​ ខេត្ត​សុ​រិ​ន​ ខេត្ត​ត្រាត​ និង​ខេត្ត​ចាន់​ថៈ​ប៊ុ​រី​៕​

វីដេអូ៖