លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថាក្នុងរយៈពេលជាង៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-អាមេរិក ទោះបីជាមានទស្សនៈខុសគ្នាខ្លះក៏ដោយ ក៏មានការខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ និងជាប់លាប់ក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឱ្យកាន់តែស៊ីជម្រៅ។
លោកបានលើកឡើងដូចនេះក្នុងជំនួបទ្វេភាគីរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នៅក្រសួងការបរទេសអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន នៅអំឡុងពេលមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា លោកប្រាក់ សុខុន បានលើកឡើងផងដែរថា ពាណិជ្ជកម្មគឺជាគំរូដ៏ល្អ បំផុតនៃកិច្ចសហប្រតិបត្តិការដ៏ល្អដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំង២ ជាពិសេសកម្មករស្ត្រី ដ៏ច្រើនលើសលប់នៅក្នុងវិស័យវាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរ។
លោកបានបន្ថែមថា ៖ «វិស័យសំខាន់ៗផ្សេងទៀតនៃទំនាក់ទំនងកម្ពុជា-អាមេរិករួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ការស្វែងរកអដ្ឋិធាតុទាហានអាមេរិក ការប្រឆាំងភេរវកម្ម ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ប្រតិបត្តិការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ វប្បធម៌ ជាពិសេសការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ ជាដើម»។
នាឱកាសនោះដែរ លោកស្រីអនុរដ្ឋមន្ត្រី ក៏បានកោតសរសើរកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំងដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានសម្តែងអំណរគុណចំពោះសកម្មភាពឈរលើគោលការណ៍ របស់កម្ពុជា ក្នុងការគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែនផងដែរ។
លោកស្រី ក៏បានសម្តែងការគាំទ្ររបស់សហរដ្ឋ អាមេរិកសម្រាប់ភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំនេះ និងបានថ្លែងអំណរគុណកម្ពុជាសម្រាប់ការ គាំទ្រដល់ការសម្របសម្រួលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនាពេលខាងមុខ។
ជាមួយគ្នានោះផងដែរ លោកស្រី Wendy Sherman ក៏បានលើកឡើងពីកង្វល់មួយចំនួនទាក់ទងនឹងគ្នា អភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។
ជាការឆ្លើយតប លោក ប្រាក់ សុខុន បានលើកឡើងថា តាមរយៈបទពិសោធដ៏ឈឺចាប់ពី ជម្លោះ និងអំពើប្រល័យពូជសាសន៍អស់រយៈកាល៣០ឆ្នាំកន្លងមក កម្ពុជាតែងតែប្រកាន់យកនូវវិធីសាស្ត្រប្រកបដោយសង្គតិភាពក្នុងការការពារសន្តិភាព និងគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញ អង្គការសហប្រជាជាតិ នៅក្នុងការអនុវត្តនយោបាយការបរទេសរបស់ខ្លួន ជាពិសេសនៅក្នុងបរិបទនៃបញ្ហាមីយ៉ាន់ម៉ា និងជម្លោះនៅអ៊ុយក្រែន។
ចំពោះការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម លោកបានអះអាងសាជាថ្មីអំពីការប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលហាមឃាត់វត្តមានយោធាបរទេស។
លោក ប្រាក់ សុខុន ថា ៖ «កាយវិការដែលកម្ពុជាបានធ្វើឡើងក្នុងការអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចនានាទៅកាន់មូលដ្ឋាន នេះជាច្រើនលើកច្រើនសា គឺជាកាយវិការដែលមិនធ្លាប់មានសម្រាប់ប្រទេសនានា បើពិនិត្យមើលពីទិដ្ឋភាពក្នុងវិស័យយោធា»។
លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការងារ របស់ប្រេសិតពិសេសស្តីពីបញ្ហាមីយ៉ាន់ម៉ា ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្នើសុំឱ្យមានកិច្ចប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញវឌ្ឍនភាពនៃអាទិភាពក្នុងការបញ្ឈប់អំពើហិង្សា ការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចសន្ទនានយោបាយ ប្រកបដោយបរិយាប័ន្ន។
លោកថា ៖ «កម្ពុជានឹងបន្តការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះវិធីសាស្ត្រដែលដើរមួយជំហានម្តងៗ និងការផ្តោតលើសកម្មភាពជាក់ស្តែង តាមរយៈការអនុវត្តយន្តការកសាងទំនុកចិត្ត និងភាព ជឿជាក់ ក្នុងចំណោមភាគីពាក់ព័ន្ធផ្សេងៗ»៕