ភ្នំពេញៈ សាលាឧទ្ធរណ៍ភ្នំពេញបានកោះហៅលោក ជូង ជូងី មេធាវីការពារសិទ្ធិជនជាប់ចោទ លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិឱ្យចូលសវនាការនៅថ្ងៃទី ១៨ ខែឧសភា ដើម្បីសួរដេញដោលលើបណ្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនកូនក្តីលោកជាបណ្តោះអាសន្នលេខ ២៤ (រ) ដពស ចុះថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមលិខិតរបស់លោក អ៊ឹម សុផាន ព្រះរាជអាជ្ញានៃសាលាឧទ្ធរណ៍ភ្នំពេញ។
លិខិតអញ្ជើញលោក ជូង ជូងី ចុះហត្ថលេខាដោយលោក អ៊ឹម សុផាន ព្រះរាជអាជ្ញានៃសាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី ១០ ឧសភា បញ្ជាក់ថា លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិត្រូវបានចោទ «ពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ ៦២៦, ៦៦៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ។
បើតាមលិខិតកោះនោះ សមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅថ្ងៃទី ១៨ ខែឧសភានេះមានចំនួន ៣ រូបរួមមានលោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សា លោក អិន វ៉ានវិបុល ចៅក្រមប្រឹក្សា និងលោក ឌុច សុខសារិន ចៅក្រមប្រឹក្សា។ ចំណែកក្រឡាបញ្ជីសវនាការ គឺ លោកស្រី ហ៊ុយ ច័ន្ទរស្មី។
លោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យលោក សៀម ភ្លុក ប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ១២ ឧសភាថា នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២ សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ នឹងបើកសវនាការជំនុំជម្រះករណីបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការឃុំខ្លួន លោក សៀម ភ្លុក ដែលជាកូនក្តីរបស់លោក។
លោកបានថ្លែងថា៖ «គោលបំណងដែលប្តឹងហ្នឹង គឺឱ្យសាលាឧទ្ធរណ៍ បដិសេធដីកាសម្រេចឃុំ ហើយដោះលែងគាត់ឱ្យមានសេរីភាពវិញ»។
បើតាមលោក ជូង ជូងី ករណីលោក សៀម ភ្លុក មិនទាន់ចប់ទេ គឺខាងសាលាដំបូងរាជធានីភ្នំពេញទើបតែចាប់ផ្តើមស៊ើបអង្កេត បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោក សៀម ភ្លុក និងត្រូវបានសម្រេចឱ្យឃុំខ្លួនជាបណ្តោះអាសន្ន។ ប៉ុន្តែដោយសារមានការឃុំខ្លួន ទើបកូនក្តីរបស់លោកបានប្រគល់សិទ្ធិ ឱ្យលោកប្តឹងទៅសាលាឧទ្ធរណ៍ប្រឆាំងទៅនឹងដីកាឃុំខ្លួននេះ។
លោក ជូង ជូងី បានរៀបរាប់ថា ករណីលោក សៀម ភ្លុក គឺជារឿងនយោបាយ ពាក់ព័ន្ធនឹងការចូលរួមផ្តិតមេដៃគាំទ្រពីប្រជាពលរដ្ឋ និងរៀបចំឯកសារក្នុងការបង្កើតគណបក្សនយោបាយ គឺជាការសម្តែងឆន្ទៈនយោបាយ។ ប៉ុន្តែក្រសួងមហាផ្ទៃបានពិនិត្យឯកសារទាំងអស់នេះ ដោយអត្តនោម័ត ដោយមិនបានពិនិត្យឱ្យគ្រប់ជ្រុងជ្រោយ និងចូលរួមពីគណបក្សបេះដូងជាតិទេ។
ទោះជាយ៉ាងណា លោក មេធាវី បានបញ្ជាក់ថា បើទោះបីឯកសារទាំងនោះមិនត្រឹមត្រូវ ប៉ុន្តែ ក៏វាមិនបានផ្តល់ព្យសនកម្មដល់ក្រសួងមហាផ្ទៃ ឬមន្ត្រីក្រសួងរូបណាខូចប្រយោជន៍ ដោយសារតែឯកសារមិនប្រក្រតីនោះដែរ។ ដូច្នេះការចាប់ និងឃុំខ្លួនលោក សៀម ភ្លុក គឺដោយសារបញ្ហាការរើសអើងនយោបាយនៅក្នុងប្រទេស ដែលបញ្ហានេះ ទើបកូនក្តីរបស់លោកប្តឹងទៅសាលាឧទ្ធរណ៍ឱ្យដោះលែងគាត់វិញ។
លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ បានសម្រេចឱ្យឃុំខ្លួនលោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិនៅមណ្ឌលអប់រំកែប្រែទី ១ (ម ១) រហូតដល់មានការសម្រេចជាថ្មី ក្រោមបទចោទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ ២០២១។
គួរបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ បានសម្រេចលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ក្រោយពីតុលាការកំពូលបានបើកសវនាការ និងបានប្រកាសសាលដីកាសម្រេចទាត់ចោលបណ្ដឹងរបស់លោក សៀម ភ្លុក ដែលប្រឆាំងនឹងការបដិសេធរបស់ក្រសួងមហាផ្ទៃ ចំពោះសំណើសុំបង្កើតគណបក្សបេះដូងជាតិ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ ហើយបានបិទផ្លូវតវ៉ា៕