ភ្នំពេញៈ សហភាពអឺរ៉ុបសន្យានឹងជួយសម្រួលការធ្វើពាណិជ្ជកម្ម និងការចូលរួមខ្សែច្រវាក់តម្លៃតំបន់សម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម អាទិភាពរបស់កម្ពុជា។
នៅក្នុងជំនួបពិភាក្សាអំពីការសិក្សាគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង គោលនយោបាយអាស៊ាន និងអំពីគំនិតផ្តួចផ្តើមស្តីពីថាមពលបៃតង ព្រមទាំងខ្សែច្រវាក់តម្លៃឧស្សាហកម្មក្រោមកម្មវិធីណែនាំពហុឆ្នាំ ២០២១-២០២៧ របស់សហភាពអឺរ៉ុប ជាមួយក្រសួងពាណិជកម្មកម្ពុជាកាលពីទី ១១ ខែឧសភា ឆ្នាំ ២០២២ ភាគី EU បានបង្ហាញអំពីកម្មវិធី EU Multiannual Indicative Programme 2021 – 2027 ដែលមានដាក់បញ្ចូលនូវគំនិតផ្តួចផ្តើមស្តីពីថាមពលបៃតង និងខ្សែច្រវាក់តម្លៃឧស្សាហកម្ម និងកសិកម្ម ដែលនឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល កិច្ចការពារបរិស្ថាន ការគោរពស្តង់ដាការងារ ផលិតភាព និងសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព ទំនួលខុសត្រូវ និងសុខុមាលភាពនៅកម្ពុជា ដែលស្ថាប័នពាក់ព័ន្ធអាចស្វែងយល់បន្ថែមក៏ដូចជាស្វែងរកជំនួយបច្ចេកទេស និងការគាំទ្រពីភាគី EU។
ខាងជំនាញការសហភាពអឺរ៉ុបបានបញ្ជាក់ថា៖ « គំនិតផ្តួចផ្តើមទាំងនេះថានឹងជួយសម្រួលការធ្វើពាណិជ្ជកម្ម ការចូលរួមខ្សែច្រវាក់តម្លៃតំបន់សម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម អាទិភាពរបស់កម្ពុជា ដែលស្របនឹងគោលដៅអភិវឌ្ឍន៍របស់ EU ដែលមានការគិតគូរខ្ពស់អំពីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន តម្លាភាព ការអភិវឌ្ឍសមត្ថភាពជំនាញដល់និយោជិក និងការអនុវត្តច្បាប់ និងបទប្បញ្ញតិ្តចាំបាច់»។
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា តាមរយៈការដាក់ចេញនូវច្បាប់វិនិយោគថ្មីៗច្បាប់ស្តីពីភាពជាដៃគូរដ្ឋ និងឯកជន ការបង្កើនភាពប្រកួតប្រជែង តាមរយៈការធ្វើកំណែទម្រង់ និងបញ្ចុះថ្លៃដើម ការរៀបចំលិខិតបទដ្ឋានច្បាប់ និងប្បញ្ញត្តិថ្មីៗការដាក់ចេញនូវយុទ្ធសាស្ត្រកាត់ដេរ យុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់ស្តារសេដ្ឋកិច្ចនានា ព្រមទាំងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីធានាបាននូវការអនុវត្តគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា៖ «រោងចក្រសហគ្រាសនៅកម្ពុជាត្រូវបានលើកទឹកចិត្តក្នុងការអនុវត្តកម្មវិធីដែលផ្តល់ផលវិជ្ជមានលើកិច្ចការពារបរិស្ថាន ការប្រើប្រាស់ថាមពលល្អ និងការលើកកម្ពស់សុខុមាលភាព និងស្តង់ដាការងាររបស់និយោជិក ការអនុវត្តមូលនិធិសន្តិសុខសង្គម រួមទាំងការបណ្តុះបណ្តាលជំនាញថ្មីផងដែរ»។
លោកបានបន្ថែមថា កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factory Cambodia) របស់អង្គការពលកម្មអន្តរជាតិបានក្លាយជាឧទាហរណ៍ល្អមួយសម្រាប់ទាក់ទាញការបញ្ជាទិញ ហើយភាគីដៃគូពាក់ព័ន្ធគួរពិនិត្យលទ្ធភាពបន្តផ្តល់មូលនិធិសម្រាប់អនុវត្តរហូតសម្រេចបាននូវកំណែទម្រង់ ក៏ដូចជាលទ្ធផលគាប់ប្រសើរស្របតាមផែនការអភិវឌ្ឍន៍ឧស្សាហកម្មសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង វិស័យកសិឧស្សាហកម្ម និងវិស័យដទៃទៀត៕