ព្រៃវែងៈ អាជ្ញាធរមីនបានប្រកាសខេត្តព្រៃវែងជាខេត្តអស់មីន បន្ទាប់ពីខេត្តកែប ប៉ុន្តែខេត្តព្រៃវែងនេះនៅទទួលរងគ្រោះដោយសារគ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទជាច្រើនទៀត។
ថ្លែងក្នុងពិធីប្រកាសខេត្តព្រៃវែងជាខេត្តអស់មីននាថ្ងៃទី១២ ខែឧសភា នៅឯខេត្តព្រៃវែង លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១អាជ្ញាធរមីន ថ្លែងថា៖ «ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រមិនត្រឹមតែសម្រាប់ប្រជាជនខេត្តព្រៃវែងប៉ុណ្ណោះទេ គឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជាទាំងមូល ក្នុងការអបអរសាទរខេត្តព្រៃវែង ជាខេត្តអស់មីន»។
លោកបន្តថា៖ «ទោះបីខេត្តព្រៃវែង ត្រូវបានប្រកាសជាខេត្តអស់មីន ប៉ុន្តែខេត្តព្រៃវែង នៅទទួលរងគ្រោះដោយសារគ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទជាច្រើនទៀត លើផ្ទៃដីប្រមាណ ១៦៤ គីឡូម៉ែត្រក្រឡា សរុប ១២៩៨ ចម្ការគ្រាប់ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាបន្តចាត់វិធានការដោះស្រាយ និងឆ្លើយតបទៅនឹងគ្រាប់មិនទាន់ផ្ទុះទាំងនោះ ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់»។
លោកទេសរដ្ឋមន្ត្រីរូបនេះបន្តថា កន្លងមកម្ចាស់ជំនួយ និង «ប្រទេសជាមិត្តដ៏ឆ្នើម» ដទៃទៀតបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបានជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារ និងថវិកា ដល់ការងារសកម្មភាពមីនមនុស្សធម៌ មានដូចជាសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ ន័រវែស ស្វ៊ីស ចិន កាណាដា ណូវែលសេឡង់ សាធារណរដ្ឋកូរ៉េ អៀរឡង់ ហុងគ្រី កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អង្គការយូនីសេហ្វ (UNICEF) ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។
លោក លី ធុជ ថ្លែងថា អាជ្ញាធរមីន បាននិងកំពុងពិចារណា និងពិនិត្យលទ្ធភាពស្វែងរកដៃគូ និងសប្បុរសជននានា ដើម្បីធ្វើការ បោសសម្អាតមីនឱ្យអស់ក្នុងខេត្តចំនួន៥ ដែលមានការប៉ះពាល់តិចជាងគេ។
ខេត្តទាំង៥នោះរួមមានខេត្តកំពង់ចាម មានផ្ទៃដី ៩៨ ហិកតា ខេត្តព្រះសីហនុ មានផ្ទៃដី ១៧៤ ហិកតា ខេត្តរតនគិរី មានផ្ទៃដី ២៧៥ ហិកតា ខេត្តកំពង់ឆ្នាំង មានផ្ទៃដី ៣២៨ ហិកតា និងខេត្តតាកែវ មានផ្ទៃដី ៣៦៣ ហិកតា។
សេចក្តីប្រកាសព័ត៌មានអាជ្ញាធរមីនបានដកស្រងសំដី លោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) ថ្លែងក្នុងពិធីនេះថា អាជ្ញាធរមីនបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា។
លោកបានកោតសរសើរដល់អ្នកដោះមីនកម្ពុជា ដែលបានធ្វើការទាំងប្រថុយប្រថាន និងគ្រោះថ្នាក់បំផុត ក្នុងការរំដោះផ្ទៃដីមានមីន និងជួយសង្គ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងពិធីចុះពិនិត្យលទ្ធផលបោសសម្អាតមីនរួច ក្នុងឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃដដែលនេះ លោក Anthony Galliano បានថ្លែងថា AmCham នឹងបន្តកៀរគរធនធានបន្ថែមទៀតពីក្រុមហ៊ុនឯកជន ដែលស្ថិតនៅក្រោមការសម្របសម្រួលរបស់ខ្លួន ដើម្បីចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន។
លោកថ្លែងថា៖ «ការងារបោសសម្អាតមីន គឺជាការងាររបស់យើងទាំងអស់គ្នា ដែលត្រូវការមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ក្នុងគោលដៅដើម្បីបញ្ចប់ការគំរាមកំហែងដោយសារមីននៅកម្ពុជា»៕