ភ្នំពេញៈ ក្រសួងសុខាភិបាលស្នើប្រទេសអូទ្រីស ជួយគាំទ្រលើគម្រោងផ្តល់សេវាកម្មវេជ្ជសាស្ត្រ និងថែទាំព្យាបាលជំងឺមិនឆ្លង ព្រមទាំងវិនិយោគលើបច្ចេកវិទ្យាវេជ្ជសាស្ត្រ ដើម្បីលើកកម្ពស់ការថែទាំសុខភាពបឋមក្នុងការឈានទៅគ្របដណ្តប់សេវាសុខភាពជាសកល។
ការស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំនាថ្ងៃទី១៣ ខែឧសភារវាងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងគណៈប្រតិភូធុរកិច្ចអូទ្រីសដែលដឹកនាំដោយលោក Michael Schmeiser លេខាទី១ និងជាអនុប្រធានបេសកកម្មនៃស្ថានទូតអូទ្រីសដែលមាននិវេសនដ្ឋាននៅប្រទេសថៃ។
លោកស្រី ឱ វណ្ណឌីន ថ្លែងក្នុងកិច្ចប្រជុំនេះថា ក្រសួងសុខាភិបាលតែងតែផ្តល់ការគាំទ្រដល់ក្រុមហ៊ុនឯកជនស្របច្បាប់ទាំងអស់ដែលមានបំណងវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា ខណៈបច្ចុប្បន្ននេះមានផលិតផលសុខភាព និងបរិក្ខារវេជ្ជសាស្ត្រពីប្រទេសអូទ្រីស ក្នុងកម្រិតនៅតិចតួចនៅឡើយដែលបានចុះបញ្ជិកានៅកម្ពុជា។
លោកស្រីជំរុញឱ្យគណៈប្រតិភូធុរកិច្ចអូទ្រីស សិក្សាលទ្ធភាពពង្រីកទីផ្សារនាំយកនូវផលិតផលសុខភាពនិងបរិក្ខារវេជ្ជសាស្ត្រអូទ្រីសមកកម្ពុជា។
សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលបានឱ្យដឹងថា៖ «លោកជំទាវបានលើកទឹកចិត្ត និងស្នើសុំភាគីអូទ្រីសជួយលើគម្រោងផ្តល់សេវាកម្មវេជ្ជសាស្ត្រ ការផ្តល់សេវាថែទាំព្យាបាលជំងឺមិនឆ្លង ការវិនិយោគលើបច្ចេកវិទ្យាវេជ្ជសាស្ត្រ សុខាភិបាលឌីជីថល (Digital Health) ដែលជាផ្នែកមួយនៃគម្រោងជំរុញការថែទាំសុខភាពបឋម (PHC Booster) ដើម្បីឈានទៅគ្របដណ្តប់សេវាសុខភាពជាសកល»។
លោកស្រី ឱ វណ្ណឌីន បន្តថា ក្រសួងសុខាភិបាលតែងតែស្វាគមន៍នូវជំនួយអភិវឌ្ឍន៍ (Grant Project) ដែលផ្តល់ផលប្រយោជន៍ដល់ការលើកកម្ពស់សុខភាពប្រជាជន ខណៈចំពោះកម្ចីអភិវឌ្ឍន៍ (Soft Loan) លោកស្រីស្នើគណៈប្រតិភូធុរកិច្ចអូទ្រីសពិភាក្សាបន្ថែមជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកស្រីប្រាប់គណៈប្រតិភូធុរកិច្ចអូទ្រីសថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលបានខិតខំជំរុញបង្កើនការថែទាំសុខភាពបឋម (Primary Health Care Booster) ឱ្យដើរតួនាទីគ្រឹះសម្រាប់ជំរុញការចូលរួមចំណែកសម្រេចបាននូវការគ្របដណ្តប់សេវាសុខភាពជាសកល ហើយក្រសួងសុខាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការងារជាច្រើនសំដៅគ្របដណ្តប់សេវាសុខភាពជាសកលនេះ៕