ភ្នំពេញៈ មេដឹកនាំនៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិកបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងនិងកសាងទំនាក់ទំនងយូរអង្វែងរវាងអាមេរិក និងអាស៊ានឱ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីបន្តលើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
ការប្រកាសប្តេជ្ញាចិត្តជាថ្មីនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ទីស្តីការក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាថ្ងៃទី១៣ ខែឧសភា។
ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងនាថ្ងៃទី១៤ ខែឧសភា ថា៖ «មេដឹកនាំនៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងនិងកសាងទំនាក់ទំនងយូរអង្វែង រវាងអាមេរិក និងអាស៊ានដែលជាទំនាក់ទំនងមិនអាចខ្វះបានឱ្យកាន់តែទូលំទូលាយថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន និងសហរដ្ឋអាមេរិកក៏ដូចជាពង្រឹង និងកសាងតំបន់ និងសហគមន៍អន្តរជាតិទូលំទូលាយ ដើម្បីបន្តលើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់»។
ការប្រកាសប្តេជ្ញាចិត្តជាថ្មីនេះក៏ដើម្បីធានាថា ទំនាក់ទំនងអាស៊ាន-អាមេរិកនៅតែអាចសម្រេចតាមគោលការណ៍ ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ និងចូលរួមសហការ «យ៉ាងសមស្រប» ក្នុងវេទិកាអន្តរជាតិ និងតំបន់ដែលមានប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ជាសមាជិក។
នៅក្នុងកិច្ចប្រជុំកំពូលពិសេសនេះ មេដឹកនាំនៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិកបានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួម នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក។
មេដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក ក៏បានប្ដេជ្ញារួមគ្នាដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបង្កើតភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងបង្កើតសករាជថ្មីមួយនៅក្នុងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក។
ហ្វេសប៊ុកលោក ហ៊ុន សែន បន្តថា មេដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក ក៏បានប្តេជ្ញារួមគ្នាផងដែរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមទាំងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញពីវិបត្តិជំងឺរាតត្បាតនៅតំបន់អាស៊ាន ការពង្រឹងសមត្ថភាពសុខភាពក្នុងតំបន់ និងថ្នាក់ជាតិ រួមទាំងតាមរយៈគំនិតផ្ដួចផ្ដើម សុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក៕