ខេត្តក្រចេះ៖ សត្វផ្សោតពេញវ័យមួយក្បាលមានទម្ងន់ ៩៣ គីឡូក្រាម ប្រវែង ២១៥ សង់ទីម៉ែត្រត្រូវបានគេប្រទះងាប់អណ្តែតទឹកនៅចម្ងាយប្រមាណ ៣៦ គីឡូម៉ែត្រ ពីប៉ែកខាងក្រោមនៃអន្លង់សត្វផ្សោតកាំពី ក្នុងខេត្តក្រចេះ កាលពីម្សិលមិញ។ ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ស្មានថា សត្វផ្សោតនេះបានស្លាប់រយៈពេល ២ថ្ងៃ ហើយប៉ុន្តែនៅមិនទាន់អាចសន្និដ្ឋានមូលហេតុនៃការងាប់នៅឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋបាលជលផល និងអង្គការ WWF នៅថ្ងៃនេះ។
តាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋបាលជលផលនិងអង្គការ WWF ដែលភ្នំពេញប៉ុស្តិ៍ ទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា រដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងអង្គការ WWF បានសម្តែងការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់នៃសត្វផ្សោតទន្លេមេគង្គឈ្មោលពេញវ័យមួយក្បាលមានទម្ងន់ ៩៣ គីឡូក្រាម មានប្រវែង ២១៥ សង់ទីម៉ែត្រ ត្រូវបានគេប្រទះឃើញងាប់អណ្តែតទឹកនៅចម្ងាយប្រមាណ ៣៦ គីឡូម៉ែត្រ ពីប៉ែកខាងក្រោមនៃអន្លង់សត្វផ្សោតកាំពីក្នុងខេត្តក្រចេះ។
សេចក្តីថ្លែងការណ៍នោះបានឱ្យដឹងទៀតថា ក្រោយការពិនិត្យសាកសពរបស់សត្វផ្សោតកាលពីម្សិលមិញ អ្នកជំនាញវិទ្យាសាស្ត្រនៃក្រុមអ្នកស្រាវជ្រាវសត្វផ្សោតនៃរដ្ឋបាលជលផល និងអង្គការ WWF បានពិពណ៌នាឱ្យដឹងថា សត្វផ្សោតដែលបានងាប់មួយក្បាលនេះមានស្នាមរបួសនៅលើកន្ទុយរបស់វា និងមានស្នាមឆូតវែងមួយនៅផ្នែកខាងក្រោមនៃព្រុយខ្នងរបស់វា។
ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា សត្វផ្សោតនេះបានងាប់រយៈពេល ២ថ្ងៃហើយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រនៅមិនទាន់អាចសន្និដ្ឋានបានថា តើការងាប់នេះអាចបណ្តាលមកពីការជាប់នឹងមងនេសាទ ឬយ៉ាងណានោះនៅឡើយទេ ដោយហេតុថាលទ្ធផលនៃការធ្វើកោសល្យវិច្ច័យដំបូងមិនបានបញ្ជាក់ពីស្លាកស្នាមមង នេសាទនៅលើដងខ្លួននៃសាកសពរបស់សត្វផ្សោតនេះនោះទេ។
សេចក្តីថ្លែងការណ៍បន្តថា ខណៈចំនួនសរុបរបស់សត្វផ្សោតទន្លេមេគង្គកំពុងនៅសេសសល់តិចតួច ការស្លាប់របស់សត្វផ្សោតពេញវ័យដែលមានសុខភាពល្អមួយក្បាលនេះ គឺពិតជាការសោកស្តាយមួយយ៉ាងខ្លាំង ព្រោះវាជាកត្តាមួយប៉ះពាល់ដោយផ្ទាល់ ដល់លទ្ធភាពនៃបន្តពូជរបស់ហ្វូងសត្វផ្សោតទន្លេមេគង្គ។
សេចក្តីថ្លែងការណ៍នោះសរសេរថា៖ «បច្ចុប្បន្នសាកសពសត្វផ្សោតនេះត្រូវបានបញ្ជូនទៅរក្សាទុកនៅការិយាល័យរបស់អង្គការ WWF ក្នុងខេត្តក្រចេះ ដើម្បីឱ្យក្រុមអ្នកស្រាវជ្រាវបន្តការពិនិត្យបន្ថែមទៀតក្នុងគោលបំណងកំណត់ពីមូលហេតុពិតប្រាកដនៃការស្លាប់»៕