
សមត្ថកិច្ចនគរបាលចាប់ខ្លួន ជនសង្ស័យម្នាក់នៅថ្ងៃទី ១២ ខែឧសភា នៅចំណុច ភ្លើងស្តុបហ្គោលឌិនហាវ ស្ថិតក្នុង ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធការប្រើហិង្សាលើរាងកាយយ៉ាងធ្ងន់ធ្ងរ។ រូបថត ប៉ូលីស
ខេត្តព្រះសីហនុៈ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធី សួរនាំជនសង្ស័យម្នាក់នៅថ្ងៃទី១៤ ខែឧសភានេះ បន្ទាប់ពីចាប់បាននៅថ្ងៃទី ១២ ខែឧសភា នៅចំណុច ភ្លើងស្តុបហ្គោលឌិនហាវ ស្ថិតក្នុង ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធការប្រើហិង្សាលើរាងកាយយ៉ាងធ្ងន់ធ្ងរ។
សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាមក្នុងករណីនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំង៤ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៧ និង ០៥នាទីល្ងាច កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ យ៉ែម ចិន្តា នៅចំណុច ភ្លើងស្តុបហ្គោលឌិនហាវ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា តាមដំណើររឿង នៅថ្ងៃទី១០ ខែឧសភា ២០២២ វេលាម៉ោង ២១ នៅចំណុច ភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីឃាតកម្ម (ប្រើហិង្សាលើរាងកាយយ៉ាងធ្ងន់ធ្ងរបណ្តាលអោយប្រពន្ធ និងកូនក្នុងផ្ទៃ ស្លាប់ទាំង២នាក់) មួយកើតឡើងបង្កដោយជនសង្ស័យម្នាក់ ឈ្មោះ យ៉ែម ចិន្តា ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដុតធ្យូង មានទីលំនៅកន្លែងកើតហេតុ បានធ្វើសកម្មភាពវាយទៅលើប្រពន្ធឈ្មោះ វុន វ៉ាន់ ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ យ៉ាងធ្ងន់ធ្ងរបណ្តាលឱ្យរងរបួសធ្ងន់ (រលូតកូនក្នុងផ្ទៃ) ។
ក្រោយមកនៅថ្ងៃទី១១ ខែឆ្នាំដដែល វេលាម៉ោង១៥ ស្ដ្រីដែលជាជនរងគ្រោះឈ្មោះ វុន វ៉ាន់ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ។ ចំណែកជនសង្ស័យឈ្មោះ យ៉ែម ចិន្ដា បានរត់គេចខ្លួន ក្រោយកើតហេតុ។ បច្ចុប្បន្ន ករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងបន្តនីតិវិធី៕