កណ្ដាលៈ ពិធីបុណ្យវិសាខបូជាទ្រង់ទ្រាយធំត្រូវបានធ្វើឡើងនៅថ្ងៃទី ១៥ ខែឧសភា នៅព្រះសក្យមុនីចេតិយនៅលើភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលជាទីកន្លែងតម្កល់ព្រះសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ ដើម្បីរំឭកដល់ថ្ងៃព្រះពុទ្ធប្រសូតថ្ងៃត្រាស់ដឹង និងថ្ងៃព្រះពុទ្ធចូលបរិនិព្វាន។
ប្រធានព្រឹទ្ធសភាលោក សាយ ឈុំ បានដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការនៃក្រសួងស្ថាប័ននានា និងមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានប្រារព្ធពិធីដាក់បាត្រព្រះសង្ឃចំនួន ៨០ អង្គ នៅលើភ្នំឧដុង្គ។ ពិធីនោះក៏មានចូលរួមពីប្រធានកាកបាទក្រហមកម្ពុជាលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកបានបញ្ជាក់ថា៖ «មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោកក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនាដ៏សំខាន់ខាងលើនេះផងដែរ»។
លោកបានបន្តថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗ ៣ នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូតបានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។
ព្រះតេជគុណ គូ សុភាព គង់នៅវត្តនិគ្រោធវ័ន (គល់ទទឹង) បានសម្តែងព្រះធម្មទេសនានៅថ្ងៃវិសាខបូជា និងមានសង្ឃដីកា ណែនាំពុទ្ធបរិស័ទ ក៏ដូចជាដាស់តឿនដល់ពលរដ្ឋសន្សំបុណ្យឱ្យបានច្រើន និងកុំឈ្នានីសអ្នកដទៃ។
អភិបាលខេត្តបាត់ដំបងលោក សុខ លូ នៅឆ្នាំនេះបានចំណាយកម្លាំងកាយ កម្លាំងចិត្ត និងថវិកា ក្នុងការរៀបចំពិធីបុណ្យវិសាខបូជានៅវត្តពោធិ៍ស្ថិតនៅក្រុង ដោយបានការសហការរៀបចំជាមួយមន្ត្រីសង្ឃខេត្ត និងមន្រី្តសង្ឃក្រុង និងបានដាក់ផ្ទាំងប៉ាណូពុទ្ធរូបធំៗជាច្រើននៅតាមបណ្តាផ្លូវនានាក្នុងក្រុងបាត់ដំបងទាំងមូល។ ប៉ាណូពុទ្ធរូបត្រូវបានដាក់តាំងចំនួន ៦ ទីតាំង ព្រមទាំងចងបដាពុទ្ធភាសិតផ្សេងទៀត នៅតាមបណ្តាផ្លូវនានា និងបានធ្វើពិធីដង្ហែបុណ្យវិសាខបូជានៅក្នុងវត្តនៅជុំវិញស្ទឹងសង្កែ ដោយមានមនុស្សចូលរួមយ៉ាងច្រើនកុះករផងដែរ។ លោក ក៏បានណែនាំពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ចូលរួមសម្អាតបរិស្ថានអនាម័យ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
លោកថា៖ «ខ្ញុំអំពាវនាវដល់ព្រះករុណាគ្រប់ព្រះអង្គនៅគ្រប់កម្មវិធីទាំងអស់ សូមព្រះអង្គមេត្តាបញ្ច្រាបចូលបញ្ហាគ្រឿងញៀន ដែលសព្វថ្ងៃនេះវាយលុកក្នុងសង្គមច្រើនណាស់ អ៊ីចឹងសូមព្រះអង្គជួយធ្វើម៉េចក្នុងកម្មវិធីសម្តែងព្រះធម្មទេសនា ឬកម្មវិធីផ្សេងៗសូមជួយផ្សព្វផ្សាយ ធ្វើម៉េចឱ្យបងប្អូនចៀសឱ្យឆ្ងាយពីគ្រឿងញៀន សូមចាត់ទុកគ្រឿងញៀនជាសត្រូវរបស់យើង»។
វិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលកម្ពុជាចាត់ទុកជាបុណ្យជាតិ។ ប្រទេសជិត ២០០ ដែលជាសមាជិក UN បានអនុម័ត និងទទួលស្គាល់ ជាបុណ្យអន្តរជាតិ កាលពីឆ្នាំ ១៩៩៩៕