ភ្នំពេញៈ មេដឹកនាំអាស៊ាន-អាមេរិកប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងដោះស្រាយជម្លោះដោយសន្តិវិធីតាមដំណើរការផ្លូវច្បាប់ និងការទូត ដោយមិនប្រើប្រាស់កម្លាំងស្របតាមច្បាប់អន្តរជាតិ។
ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកកាលពីថ្ងៃទី ១២-១៣ ខែឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលដឹកនាំដោយ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក។
នៅក្នុងជំនួបនេះ មេដឹកនាំអាស៊ាន និងលោក Biden បានអនុម័តសេចក្តីថ្លែងការណ៍ទស្សនវិស័យរួម ដោយអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ដើម្បីលើកកម្ពស់ភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក។ មេដឹកនាំអាស៊ាន និងអាមេរិកបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងកសាងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋ-អាមេរិកឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ដែលយូរអង្វែងមកហើយមិនអាចខ្វះបានចំពោះអាស៊ាន និងសហរដ្ឋអាមេរិក ព្រមទាំងសហគមន៍អន្តរជាតិទាំងមូល ដើម្បីបន្តលើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
សេចក្តីថ្លែងការណ៍រួមដែលបានដាក់ចេញនាថ្ងៃទី ១៤ ខែឧសភា បញ្ជាក់ថា៖ «[យើងសូម] គូសបញ្ជាក់បន្ថែមទៀតនូវការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាការដោះស្រាយ ជម្លោះដោយសន្តិវិធី រួមមានការគោរពពេញលេញចំពោះដំណើរការផ្លូវច្បាប់ និងការទូត ដោយមិនងាកទៅរកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ស្របតាមច្បាប់អន្តរជាតិ»។
សេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួមគ្នានេះទទូចឱ្យមីយ៉ាន់ម៉ាអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន ឬហៅថា កុងសង់ស៊ីស ឱ្យបានទាន់ពេលវេលា និងពេញលេញ និងសន្យាបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការសម្របសម្រួលដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។
ពាក់ព័ន្ធសមុទ្រចិនខាងត្បូង មេដឹកនាំអាស៊ាន និងលោក Biden បានជំរុញឱ្យមានវិធានការជាក់ស្តែងដែលអាចកាត់បន្ថយភាពតានតឹង និងហានិភ័យនៃគ្រោះថ្នាក់ ការយល់ច្រឡំ និងការវិនិច្ឆ័យខុស និងបានជំរុញឱ្យមានការអនុវត្តការកសាងទំនុកចិត្ត និងវិធានការបង្ការ ដើម្បីបង្កើនភាពជឿជាក់ និងទំនុកចិត្តក្នុងចំណោមភាគីផ្សេងៗទៀត។
មេដឹកនាំអាស៊ាន និងលោក Biden ក៏បានប្រកាសគាំទ្រដល់ការស្តារឡើងវិញពីជំងឺរាតត្បាត និងកិច្ចខិតខំប្រឹងប្រែងសន្តិសុខ សុខភាពអាស៊ាន តាមរយៈការពង្រឹងប្រព័ន្ធ និងសមត្ថភាពសុខភាពតំបន់ និងជាតិ ដូចជាតាមរយៈគំនិតផ្តួចផ្តើមអនាគតសុខភាពអាស៊ាន- សហរដ្ឋអាមេរិក និងប្តេជ្ញាផ្តល់ហិរញ្ញវត្ថុសកលឱ្យបានគ្រប់គ្រាន់ រឹងមាំ និងប្រកបដោយចីរភាពសម្រាប់ការបង្ការជំងឺរាតត្បាត ការត្រៀមខ្លួន និងការឆ្លើយតប។
មេដឹកនាំអាស៊ាន និងលោក Biden បានឯកភាពគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់អាស៊ាន ដើម្បីលើកកម្ពស់ការបង្កើតនៃសន្តិភាព សុវត្ថិភាព បើកចំហ អន្តរប្រតិបត្តិការ ដែលអាចទុកចិត្តបាន បរិយាប័ន្ន និងភាពធន់ប្រព័ន្ធអេកូឡូស៊ី និងបណ្តាញបច្ចេកវិទ្យាជំនាន់ទី ៥ (5G) បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងស្វែងរកវិធី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍទីក្រុង និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនប្រកបដោយនិរន្តរភាព និងឆ្លាតវៃ រួមទាំងតាមរយៈភាពជាដៃគូទីក្រុងឆ្លាតវៃអាមេរិក-អាស៊ាន (USASCP)។
លើសពីនេះ មេដឹកនាំទាំងនេះបានប្តេជ្ញាធ្វើការរួមគ្នាដើម្បីអភិរក្សជីវចម្រុះដ៏សម្បូរបែប និងសម្បត្តិធម្មជាតិរបស់អាស៊ាន រួមទាំងតាមរយៈការទប់ស្កាត់ បញ្ឈប់ និងបញ្ច្រាសការកាប់បំផ្លាញព្រៃឈើ និងការរេចរឹលនៃប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីសំខាន់ៗរួមមានព្រៃឈើ និងតំបន់ដីសើម ប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ និងសមុទ្រ និងការបន្តកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវចម្រុះ (ACB)។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា នាថ្ងៃទី ១៤ ខែឧសភា បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសហរដ្ឋអាមេរិកឱ្យផ្តល់នូវការគាំទ្ររឹងមាំថែមទៀតដល់ការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយការលើកស្ទួយការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និងឌីជីថល និងអំពាវនាវសុំឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសុខភាពសាធារណៈ ការពង្រឹងនិម្មាបនកម្មសុខភាពសកល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នាពេលអនាគតក្នុងភាពជាដៃគូជាមួយអង្គការសុខភាពពិភពលោក។
មេដឹកនាំអាស៊ាន និងលោក Joe Biden បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងកសាងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋ-អាមេរិកឱ្យកាន់តែទូលំទូលាយថែមទៀតដែលមិនអាចខ្វះបានចំពោះអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាសម្រាប់តំបន់ និងសហគមន៍ អន្តរជាតិ ដោយភាគីទាំង ២ អះអាងទំនាក់ទំនងទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
សេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ថា ភាគីទាំង ២ ប្តេជ្ញាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន- សហរដ្ឋ-អាមេរិក ដែលប្រកបដោយអត្ថន័យ មានខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក នៅឯកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋ-អាមេរិកលើកទី ១០ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នៅកម្ពុជា។
លោក ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំនេះថា ពហុភាគីនិយម និងសហប្រតិបត្តិការអន្តរជាតិ គឺជាសសរស្តម្ភសំខាន់ ២ សម្រាប់ធានា និងថែរក្សាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍតំបន់ និងសកលលោក ដោយលោកបានសម្តែងនូវការដឹងគុណចំពោះសហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភគាំទ្រការប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ ១៩ នៅក្នុងតំបន់អាស៊ាន ដែលបានបង្កបរិយាកាសអំណោយផលដល់ការបើកសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញនៅកម្ពុជា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ មក។
លោក ហ៊ុន សែន និងមេដឹកនាំអាស៊ានដទៃទៀតបានប្រកាសគាំទ្រដល់ការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកទៅជាភាពជាដៃគូយុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយបានធ្វើការប្តេជ្ញាចិត្តរួមគ្នាធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីធានាថា កិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពទាំងអស់ ដែលបានលើកឡើងនៅក្នុងអំឡុងពេល ២ ថ្ងៃនៃកិច្ចពិភាក្សានឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងទៅវិញទៅមកចំពោះប្រជាជនអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកំណើនវិបុលភាពតំបន់។
លោកបានអះអាងឡើងវិញអំពីជំហររបស់កម្ពុជាពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន-រុស្ស៊ី និងទទូចឱ្យមានការបន្តកិច្ចសន្ទនានយោបាយទូលំទូលាយមួយ ដើម្បីបញ្ចប់ភាពប្រទូសរ៉ាយ និងស្តារសន្តិភាពឡើងវិញ ដោយលោកបញ្ជាក់ថា កម្ពុជាគាំទ្រទាំងស្រុងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antnio Guterres ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ និងដើម្បីស្វែងរកដំណោះស្រាយសន្តិភាពមួយដើម្បីបញ្ចប់ជម្លោះនេះ។
លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១៥ ឧសភា ថា ខណៈអាស៊ានបានប្តេជ្ញាចិត្តជាច្រើនជុំវិញការពង្រឹងទំនាក់ទំនងជាមួយអាមេរិកក្នុងការពង្រឹង និងរក្សាសន្តិភាព និងសន្តិសុខ ថែមទាំងប្តេជ្ញានឹងពង្រីកភាពជាដៃគ្រប់ជ្រុងជ្រោយជាមួយអាមេរិកទៅថ្ងៃអនាគតទៅលើវិស័យផ្សេងៗ អាស៊ានមិនបានបញ្ជាក់អំពីការពង្រឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងទំនាក់ទំនងអាស៊ាន-អាមេរិកនេះ ដែលនេះជាការខ្វះចន្លោះមួយដែលមិនអាចធ្វើឱ្យមានក្តីសង្ឃឹមខ្លាំងក្លាទៅលើការប្រែប្រួលប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ាននេះ។
លោកថ្លែងថា៖ «យើងឃើញថា អាស៊ានខ្លួនឯងកន្លងមកមិនហ៊ាននិយាយជ្រៅ ឬក៏មិនហ៊ានធ្វើសកម្មភាពទូលំទូលាយនៅក្នុងរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះដែរ។ ដូច្នេះហើយធ្វើឱ្យតំបន់នេះ [អាស៊ាន] គឺមានការទន់ជ្រាយ ហើយមានការផុយស្រួយពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងតំបន់ [អាស៊ាន]»៕