ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ជាថ្មីថា ទឹកខ្មៅដែលនឹងត្រូវប្រើសម្រាប់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះមានគុណល្អ និងលុបមិនជ្រះឡើយ ដែលអាចផ្តល់ទំនុកចិត្តដល់អ្នកបោះឆ្នោតយ៉ាងពិតប្រាកដ។
ដើម្បីផ្តល់ជំនឿទុកចិត្តដល់សាធារណជន គ.ជ.ប កាលពីថ្ងៃទី ១៣ ខែឧសភានេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជូនភាគីពាក់ព័ន្ធ ក្រោមប្រធានបទ ការសាកល្បងទឹកខ្មៅលុបមិនជ្រះ ដែលត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញជូនដល់ភាគីពាក់ព័ន្ធអំពីទឹកខ្មៅលុបមិនជ្រះ និងផ្តល់ការសាកល្បងគុណភាពទឹកខ្មៅលុបមិនជ្រះសម្រាប់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតជូនដល់គ្រប់ភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលចំនួន ១៧ រូបបានធ្វើតេស្តសាកល្បងដោយជ្រលក់ទឹកខ្មៅដោយផ្ទាល់ និងប្រើប្រាស់ទឹកអូសាវ៉ែលរូបក្បាលទាលុបវិញ ប៉ុន្តែមិនអាចលុបជ្រះនោះទេ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់អ្នកសារព័ត៌មានក្រោយពីការធ្វើតេស្តរួចថា នេះមិនមែនជាលើកទី ១ ទេដែលប្រើទឹកខ្មៅពីប្រទេសឥណ្ឌាហើយទឹកខ្មៅនេះក៏មិនមែនប្រើតែនៅកម្ពុជាដែរ គឺមានប្រើនៅប្រទេសមួយចំនួនរួចទៅហើយ ដែលប្រទេសទាំងនោះជាបទពិសោធទទួលយកបានទាំងអស់គ្នាថា ជាទឹកខ្មៅដែលមានគុណភាព។ មិនតែប៉ុណ្ណោះការបង្ហាញទឹកខ្មៅលើកនេះមានការសាទរពីតំណាងគណបក្ស និងសង្គមស៊ីវិលដែលបានចូលរួមពិសោធថា ពិតជាមានគុណភាពមែន។
លោកថា៖ «ការបង្ហាញទឹកខ្មៅលុបមិនជ្រះនេះគឺ គ.ជ.ប បានប្រើប្រាស់នូវរាល់ការបោះឆ្នោត ហើយមតិ និងការចូលរួមរបស់គណបក្សនយោបាយ នោះជាការចូលរួមប្រកបដោយឆន្ទៈពិតៗ...គណបក្សនយោបាយលោកសាទរក្នុងការឃើញនូវការបង្ហាញរបស់ គ.ជ.ប ដោយតម្លាភាពនូវទឹកខ្មៅដែលមានគុណភាពផលិតចេញពីប្រទេសឥណ្ឌា»។
លោកបន្តទៀតថា ដោយសារឃុំ-សង្កាត់ មានការកើនឡើង ដូច្នេះការបញ្ជាទិញមានការកើនឡើងទឹកខ្មៅគុណនឹង ២ ដង ដោយក្នុង ១ ការិយាល័យមានទឹកខ្មៅ ២ ដប និងមានការត្រៀមបម្រុងនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោតសម្រាប់បំពេញឱ្យតម្រូវការចាំបាច់។
លោកថា៖ «ជាលក្ខណៈបច្ចេកទេសយើងបានរៀបចំថែរក្សាទុកទឹកខ្មៅក្នុងបន្ទប់យ៉ាងល្អប្រសើរ និងត្រៀមចែកយដឹកជញ្ជូនទៅតាមបណ្តាគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ដើម្បីត្រៀមបញ្ជូនឱ្យដល់ការិយាល័យបោះឆ្នោតដែលជាតួនាទីរបស់ គ.ជ.ប »។
លោកថា ក្រោយពីការពិសោធនេះ គណបក្សនយោបាយបានបង្ហាញជំនឿចិត្តលើទឹកខ្មៅ ហើយកំពុងចូលរួមក្នុងដំណើរការបោះឆ្នោតនៅផ្នែកផ្សេងៗទៀត ដូចជាការសង្កេតការណ៍ ការត្រៀមខ្លួនចេញទៅបោះឆ្នោត ហើយនឹងត្រៀមខ្លួននឹងទទួលយកលទ្ធផលនៃការបោះឆ្នោតផងដែរ។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និកហ្វិក) បានថ្លែងថា តាមរយៈការពិសោធទឹកខ្មៅលើកនេះ ពិតជាមានគុណភាពមែនបើប្រៀបធៀបទៅនឹងទឹកខ្មៅពីមុន។
លោកថា៖ «ទឹកខ្មៅជ្រលក់ដៃនេះឃើញថាគុណភាពអាចទុកចិត្តបាន មិនមែនដូចលើកមុន គេលុបទឹកខ្មៅជ្រះ ប៉ុន្តែលើកនេះឃើញថាគុណភាពខ្ពស់ យើងអាចទុកចិត្តបានតាមរយៈលទ្ធផលធ្វើតេស្តនេះ»។
ទន្ទឹមនេះដែរ ខណៈយុទ្ធនាការនៃការឃោសនាបោះឆ្នោតខិតជិតមកដល់ លោកអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បង្កលក្ខណៈងាយស្រួល និងរក្សាសុវត្ថិភាពជូនភ្នាក់ងារគណបក្ស សកម្មជនបក្សឱ្យធ្វើសកម្មភាពនយោបាយដោយសេរីតាមផ្លូវច្បាប់ ខណៈលោកសង្កេតឃើញថាភាពមិនប្រក្រតីនៅតែកើតមាន។
ជាមួយគ្នានេះដែរ ដើម្បីឱ្យពលរដ្ឋបានជ្រួតជ្រាបអំពីគោលនយោបាយ និងកម្មវិធីរបស់គណបក្សនយោបាយនីមួយៗ គ.ជ.ប បានសហការជាមួយស្ថានីយទូរទស្សន៍ និងវិទ្យុជាតិកម្ពុជានឹងធ្វើការចាក់ផ្សាយកម្មវិធីស្មើភាព ចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដែលនឹងមានគណបក្សនយោបាយចំនួន ១៧ ចូលរួមប្រកួតប្រជែង៕