ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ស្នើក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកច្បាប់ឱ្យបញ្ចុះបញ្ចូលយ៉ាងណាកុំឱ្យមានការភាន់ច្រឡំលើទំនាក់ទំនងកម្ពុជា-អាមេរិក ខណៈលោកអះអាងថា ទំនាក់ទំនងប្រទេសទាំង ២ ពេលនេះបានឈានដល់កម្រិតល្អប្រសើរដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
លោកប្រាប់ទៅក្រុមហ៊ុនបញ្ចុះបញ្ចូលអាមេរិកដូច្នេះនៅក្នុងជំនួបជាមួយលោក ស្កុត ដេវីដ ផាវិន (Scott David Parven) តំណាងក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលផ្នែកច្បាប់របស់អាមេរិកកាលពីថ្ងៃទី ១២ ខែឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋ-អាមេរិកក្នុងឱកាសដែលលោកទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី ១២-១៣ ខែឧសភា។
ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា៖ «សម្តេចតេជោបានណែនាំទៅក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលរបស់អាមេរិកថាមានកិច្ចការមួយចំនួនទៀតដែលត្រូវធ្វើបន្តគឺធ្វើយ៉ាងណាកុំឱ្យមានការភាន់ច្រឡំលើទំនាក់ទំនងរវាងប្រទេសទាំង ២។ ដូចជា កន្លងមកអាមេរិកមានការចោទប្រកាន់លើកំពង់ផែរាមថា មានវត្តមានយោធាចិនដែលជារឿងមិនត្រឹមត្រូវ និងមិនពិតព្រោះកម្ពុជាមានគោលជំហរច្បាស់លាស់ដោយប្រកាន់នយោបាយអព្យាក្រឹតអចិន្រៃ្តយ៍មានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញហើយកម្ពុជាគ្មាននយោបាយជ្រើសរើសរវាងចិន និងអាមេរិកនោះទេ»។
លោក ហ៊ុន សែន បានប្រាប់លោក Parven ថា ការផ្អាកធ្វើសមយុទ្ធជាមួយអាមេរិកកាលពីឆ្នាំ ២០១៧ គឺដោយសារកម្ពុជាត្រូវរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ ២០១៧ ហើយកម្ពុជាក៏មិនមានបំណងបង្អាក់ទំនាក់ទំនងផ្នែកយោធាជាមួយអាមេរិកនោះទេ។
លោកបន្តថា ការអនុញ្ញាតឱ្យនាវាប្រទេសនានាចូលចតនៅកំពង់ផែរបស់កម្ពុជានាពេលកន្លងមក គឺជាការបង្ហាញឱ្យឃើញនូវការធ្វើទំនាក់ទំនងដោយបើកចំហរបស់កម្ពុជាជាមួយ «បណ្តាប្រទេសជាមិត្ត»។
ហ្វេសប៊ុកលោក ហ៊ុន សែន បានដកស្រង់សម្ដីលោក Parven ថា កន្លងមកក្រុមហ៊ុនលោកបានធ្វើការជាច្រើនជាមួយស្ថានទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មានភាពល្អប្រសើរ។
លោក Parven ត្រូវបានស្រង់សម្ដីថា ក្រុមហ៊ុនរបស់លោកបានទាក់ទងជាមួយថ្នាក់ដឹកនាំរបស់អាមេរិកនៅស្ថាប័នសភាក៏ដូចជា រដ្ឋាភិបាលធ្វើយ៉ាងណាឱ្យអាមេរិកយល់ពីជំហររបស់កម្ពុជាទាំងទំនាក់ទំនងទ្វេភាគី ការងារអាស៊ាន និងការងារអន្តរជាតិជាពិសេសគោលជំហររបស់កម្ពុជាពាក់ព័ន្ធការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ ពាណិជ្ជកម្ម និងការខិតខំរបស់កម្ពុជាផ្នែកមនុស្សធម៌។
ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន បានដកស្រង់សម្ដីលោក Parven មកផ្សព្វផ្សាយថា តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំស្ថាប័នសភា និងរដ្ឋាភិបាលអាមេរិកនោះលោក Parven បានគូសរំលេចថា អ្វីដែលកម្ពុជាបានធ្វើនាពេលកន្លងមកនេះ ជារឿងដ៏ល្អ ដែលគួរតែអបអរសាទរ និងផ្តល់តម្លៃសម្រាប់កម្ពុជា។
នៅចំពោះមុខលោក Parven នៅក្នុងជំនួបនេះ លោក ហ៊ុន សែន បញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក នាពេលបច្ចុប្បន្នបានឈានដល់កម្រិតល្អប្រសើរមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំង ២។
ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន បានឱ្យដឹងថា អ្វីដែលអាមេរិកមិនធ្លាប់មានពីមុនមកក្នុងទំនាក់ទំនងជាមួយកម្ពុជា គឺបានមានក្នុងពេលធ្វើទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន ដូចជាការជួយឱ្យមានទីតាំងស្ថានទូតជាក់លាក់ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង ២។
លោក ហ៊ុន សែន អះអាងថា ក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មានកំណើន គួរឱ្យសម្គាល់ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ ១៩។ ក្នុងនោះកម្ពុជាបាននាំទំនិញទៅកាន់សហរដ្ឋអាមេរិក កើនឡើងដល់ទៅ ៤៤ ភាគរយ។
លោកបន្តថា សហរដ្ឋអាមេរិកបានជួយការអភិវឌ្ឍជាច្រើននៅកម្ពុជា ដូចជាជំរុញពាណិជ្ជកម្ម វិនិយោគ ការដោះមីន ការបណ្តុះបណ្តាល និងការផ្តល់វ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាដើម។
ជាមួយគ្នានេះផងដែរ លោក ហ៊ុន សែន ក្នុងជំនួបដាច់ដោយឡែកជាមួយក្រុមហ៊ុនទំនាក់ទំនងសាធារណៈអាមេរិកបានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្សព្វផ្សាយពីការពិតរបស់កម្ពុជា ខណៈលោកអះអាងថា កម្ពុជាបានរងនូវអយុត្តិធម៌កើតចេញពីការផ្សព្វផ្សាយព័ត៌មានមិនពិត។
ក្នុងជំនួបជាមួយលោក Michael Petruzzello ស្ថាបនិកក្រុមហ៊ុនទំនាក់ទំនងសាធារណៈ Qorvis Communications របស់អាមេរិកកាលថ្ងៃទី ១២ ខែឧសភា លោក ហ៊ុន សែន ថ្លែងថា ការផ្សព្វផ្សាយនូវអ្វីដែលជាតថភាពជាក់ស្តែងរបស់កម្ពុជាគឺជារឿងសំខាន់ណាស់ ដោយស្ថានភាពរបស់កម្ពុជាបច្ចុប្បន្ន មិនដូចអ្វីដែលលើកឡើងនៅទំព័រសារព័ត៌មានប្រឆាំងនឹងកម្ពុជាទេ។
ទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ក្រោយជំនួបនេះថា៖ «សម្តេចតេជោ ក៏បានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកទស្សនកិច្ច និងសរសេរការពិតរបស់កម្ពុជា»។
លោក ហ៊ុន សែន ថ្លែងថា៖ «កម្ពុជាមិនចង់ឱ្យផ្សព្វផ្សាយនូវអ្វីដែលហួសពីការពិតរបស់កម្ពុជានោះដែរ ពោលគឺផ្សាយត្រឹមស្ថានភាពជាក់ស្តែងរបស់កម្ពុជាតែប៉ុណ្ណោះ។ កម្ពុជាបានរងនូវអយុត្តិធម៌ច្រើនណាស់ កើតចេញពីការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រាសចាកពីសភាពពិតនៅកម្ពុជា»។
លោកបន្តថា ស្ថាប័នអន្តរជាតិមួយចំនួនតែងយកការផ្សព្វផ្សាយព័ត៌មានជាមូលដ្ឋានក្នុងការវាយតម្លៃរបស់ខ្លួន ហើយនាំឱ្យការវាយតម្លៃមិនបានត្រឹមត្រូវ ព្រោះព័ត៌មានដែលស្ថាប័នអន្តរជាតិទាំងនោះយកជាមូលដ្ឋានជាប្រភពមិនបានឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា។
បើតាមហ្វេសប៊ុកលោក ហ៊ុន សែន លោក Petruzzello ចង់ឃើញកម្ពុជាបង្កើនការបណ្តុះបណ្តាលអ្នកនាំពាក្យ និងតំណាងរបស់កម្ពុជានៅគ្រប់វិស័យទាំងអស់ដើម្បីបង្កើនសមត្ថភាពក្នុងការបង្ហាញ និងឆ្លើយតបបញ្ហារបស់កម្ពុជាទៅកាន់ពិភពលោក។
លោក ហ៊ុន សែន ប្រាប់លោក Petruzzello ថា កម្ពុជាកំពុងជំរុញការបណ្តុះបណ្តាលមន្ត្រីអ្នកនាំពាក្យឱ្យមានសមត្ថភាពកាន់តែខ្ពស់ក្នុងការផ្តល់ព័ត៌មានជាក់ស្តែងស្តីពីការរីកចម្រើនរបស់កម្ពុជាព្រោះការបណ្តុះបណ្តាលមន្ត្រីអ្នកនាំពាក្យជារឿងសំខាន់ណាស់សម្រាប់កម្ពុជា ដើម្បីពាំនាំការពិតរបស់កម្ពុជាទៅកាន់ពិភពលោក។ យោងតាមហ្វេសប៊ុកលោក ហ៊ុន សែន លោក Petruzzello បានសន្យាជួយជំរុញដល់ការផ្សព្វផ្សាយការពិតពីកម្ពុជា។
ក្រុមហ៊ុន Qorvis Communications បានបញ្ជាក់លើហ្វេសប៊ុកពីថ្ងៃទី ១៣ ឧសភា ថា ក្នុងជំនួបជាមួយលោកហ៊ុន សែន លោក Petruzzello បានពិភាក្សាអំពីការផ្សព្វផ្សាយពីប្រទេសកម្ពុជា និងការពង្រីកការផ្សព្វផ្សាយអំពីអ្វីដែលជាភាពជោគជ័យរបស់កម្ពុជាចំពោះបញ្ហាជំងឺកូវីដ ១៩ និងការវិនិយោគក្នុងប្រទេសកម្ពុជា៕