បាត់ដំបងៈ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបញ្ជាក់ថា លោកកំពុងធ្វើការជំរុញប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិទាំងអស់នៃខេត្តបាត់ដំបងឱ្យបង្កើនការចិញ្ចឹមសត្វបន្ថែមលើចម្ការដំណាំដែលមានស្រាប់ ជាពិសេសការចិញ្ចឹមសត្វព្រៃកម្រមួយចំនួន ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរ។
លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៥ ខែឧសភា ថា ប្រជាសហគមន៍ក្នុងតំបន់ការពារនៃខេត្តបាត់ដំបងមានជីវភាពធូរធារល្អប្រសើរ បើប្រៀបធៀបនឹងប្រជាសហគមន៍ផ្សេងៗទៀតក្នុងប្រទេស ដោយសារពួកគាត់មានដីចម្ការផ្ទាល់ខ្លួនដូចជាចម្ការទុរេន ចម្ការឈើហូបផ្លែផ្សេងៗ និងការដាំដុះបន្លែ ជាដើមសម្រាប់បង្កបង្កើនផល។ ទោះយ៉ាងនេះក្តី លោកប្រធានមន្ទីរបរិស្ថានបញ្ជាក់ថា នឹងជំរុញឱ្យពួកគាត់ធ្វើការចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង។
លោកថ្លែងថា៖ «យើងកំពុងតែជំរុញឱ្យគាត់ចិញ្ចឹមសត្វ ១ មុខទៀតពីលើដំណាំ។ អ៊ីចឹងការបង្កើនផលរបស់គាត់ បើប្រៀបធៀបទៅនឹងទូទាំងប្រទេសឃើញថា កម្រិតរបស់ពួកគាត់គ្រាន់បើជាងគេ ដោយសារតែគាត់មានដំណាំស្រាប់។ អ៊ីចឹងយើងគ្រាន់តែបន្ថែមឱ្យគាត់យល់អំពីបញ្ហាការចិញ្ចឹមសត្វបន្ថែម ដើម្បីឱ្យគាត់មានចំណេះដឹងផ្នែកហ្នឹង ហើយយើងត្រៀមនឹងស្នើសុំថ្នាក់ដឹកនាំពីបញ្ហាហ្នឹងសម្រាប់ឆ្នាំ ២០២២ នេះ»។
រដ្ឋបាលខេត្តបាត់ដំបងឱ្យដឹងថា កាលពីថ្ងៃទី ១៣ ឧសភា នៅក្រុងបាត់ដំបងមានរៀបចំវេទិកាថ្នាក់តំបន់លើកទី ១៣ ស្ដីពីការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទស្តីពី «ការបង្កើនជម្រើស មុខរបរដើម្បីជំរុញសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន»។ វេទិកានេះធ្វើឡើងក្រោមវត្តមានលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន។
អភិបាលខេត្តបាត់ដំបង លោក សុខ លូ ថ្លែងថា ការរៀបចំវេទិកានេះឡើង គឺជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការចូលរួមពង្រឹងតួនាទីរបស់សហគមន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធ ក្នុងការការពារ គ្រប់គ្រងនិងខិតខំអភិរក្សធនធានធម្មជាតិដើម្បីបង្កើន ផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន។ វាក៏ជាឱកាសមួយក្នុងការពិភាក្សា ដើម្បីជាមូលដ្ឋានក្នុងការចែករំលែកបទពិសោធ និងការរិះរកនូវគ្រប់មធ្យោបាយ ដើម្បីពង្រីក និងពង្រឹងមុខរបរសម្រាប់ការលើកកម្ពស់នៃជីវភាពសហគមន៍មូលដ្ឋាន។
លោកបន្តថា ក្រោមការដឹកនាំរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានជាសេនាធិការ និងមានការចូលរួមកិច្ចសហការល្អពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពីបណ្តាអង្គការជាដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធក្នុងសហគមន៍ការពារតំបន់ធម្មជាតិនោះ សហគមន៍ព្រៃឈើ និងសហគមន៍នេសាទនឹងរួមគ្នាប្ដេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការពារ អភិរក្សធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈកាន់តែល្អប្រសើរថែមទៀត។
លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថានថ្លែងថា ជាការពិត គេមិនអាចនិយាយពីការការពារធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះឱ្យបានគង់វង្សនោះឡើយ ដរាបណាជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន ក៏ដូចជា ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅនៅមានកម្រិតទាប។
លោកថា ក្នុងន័យនេះ ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយដៃម្ខាងផ្ដោតលើការគ្រប់គ្រង ការអភិរក្សធនធានធម្មជាតិ និង ជីវចម្រុះ ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្តដើម្បីធានាលំនឹងបរិស្ថាន និងគាំទ្រដល់សន្តិសុខស្បៀង សេដ្ឋកិច្ចសង្គម និងសុខភាពសាធារណៈ តាមរយៈមុខងារ និងតួនាទីនៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី។ ឯដៃម្ខាងទៀត ក៏ផ្ដោតលើការជួយដល់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិផងដែរ។
លោកបានថ្លែងថា៖ «ការបង្កើតមុខរបរ តាមសហគមន៍គ្រួសារ វាមិនត្រឹមតែរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍ និងជួយអភិវឌ្ឍសេដ្ឋកិច្ចនៅកម្រិតមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារបរិស្ថាន ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សនូវជីវចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព»៕