កោះកុងៈ អាជ្ញាធរស្រុកគិរីសាគរនៃខេត្តកោះកុង សហការជាមួយដៃគូពាក់ព័ន្ធ បានចេញល្បាត និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងអ្នកទេសចរ ដែលធ្វើដំណើរទៅលេងកោះស្តេច កុំឱ្យចោលសំរាមនៅតាមឆ្នេរ ឬចូលសមុទ្រ ដែលនាំឱ្យប៉ះពាលដល់បរិស្ថាន និងបាត់បង់សោភណភាព។
អាជ្ញាធរស្រុកគិរីសាគរ ដែលដឹកនាំដោយអភិបាលរងស្រុកលោកទួន ឪទី បានសហការជាមួយសហគមន៍នេសាទសម្រស់កោះស្តេច អាជ្ញាធរភូមិ ឃុំ យុវជនកាយរឹទ្ធិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា បានចេញល្បាត និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អ្នកទេសចរកុំឱ្យគាត់ចោលសំរាមតាមឆ្នេរ និងចូលសមុទ្របន្តទៀត។ បន្ថែមពីនេះ ក្រុមការងារទាំងនេះ ក៏បានជិះទូកប្រមូលសំរាមដែលអណ្តែតលើផ្ទៃទឹកសមុទ្រ ព្រមទាំងសម្អាតអនាម័យបរិស្ថានក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុងផងដែរ។
មេឃុំកោះស្តេច លោកសុខ ចេង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា រដ្ឋបាលស្រុកសហការគ្នាជាមួយឃុំ ដោយដាក់ចេញគោលការណ៍ផ្សព្វផ្សាយ និងសម្អាតបរិស្ថានឱ្យបាន ២ ដង ក្នុង ១ ខែ ដើម្បីបញ្ជ្រាបចំណេះដឹង។
លោកប្រាប់ថា៖«ព្រោះបច្ចុប្បនយើងទទួលបានឡដុតសំរាមមួយ និងរទេះដឹកសំរាមនៅលើកោះស្តេច។ អ៊ីចឹងយើងត្រូវធ្វើសកម្មភាពជូនបងប្អូនប្រជាពលរដ្ឋ ឱ្យគាត់បានយល់ដឹងពីបញ្ហាសំរាម និងអនាម័យ។ ព្រោះពីមុនយើងអត់មានឡដុតសំរាមទេ ហើយពលរដ្ឋមួយចំនួនគាត់ទុកដាក់សំរាមដោយខ្លួនឯង ហើយគ្រួសារគាត់ទុកដាក់ត្រឹមត្រូវដោយយកទៅដាក់នៅគំនរសំរាម។ ប៉ុន្តែគ្រួសារខ្លះគាត់យកសំរាមទៅចោលពាសវាលពាសកាល ចូលសមុទ្រជាដើម»។
លោកបានឱ្យដឹងថា កន្លងមកអាជ្ញាស្រុកក៏ធ្លាប់ធ្វើយុទ្ធនាការនេះដែរ ប៉ុន្តែដោយសារកូវីដ ក៏បានផ្អាកមួយរយៈ ហើយចាប់ផ្តើមឡើងវិញ បន្ទាប់ពីទទួលបានឡដុតសំរាមពីក្រសួងបរិស្ថាន និងបានដំឡើងឡដុតនេះរួចរាល់ក្នុងរង្វង់១ខែនេះ។ លោកបន្តថា បច្ចុប្បន្ន អាជ្ញាធរមិនទាន់កំណត់តម្លៃសេវាប្រមូលសំរាមនៅឡើយទេ ដោយមានក្រុមហ៊ុនឯកជនជួយប្រមូលសំរាមយកទៅដុតចោលរយៈពេល ២ ទៅ ៣ខែ ដោយឥតគិតសេវាពីពលរដ្ឋទេ។
លោកថា៖«ប៉ុន្តែក្រោយពីរយៈពេលនេះ អាជ្ញាធរនឹងរៀបចំចាត់ចែងខ្លួនឯង ហើយបើមានក្រុមហ៊ុនឯកជនដេញថ្លៃក្នុងការទទួលបន្ទុកប្រមូលសំរាមនេះ ក្នុងនាមជាអាជ្ញាធរ ពេញចិត្តក្នុងការដេញថ្លៃ ប៉ុន្តែបើសិនអត់មានក្រុមហ៊ុនដេញថ្លៃទេ គឺធ្លាក់លើអាជ្ញាធរជាអ្នករៀបចំ»។
បើតាមលោកសុខ ចេង មូលហេតុដែលពលរដ្ឋបោះចោលសំរាម ដោយសារផ្ទះពលរដ្ឋ ៤០ ភាគរយ រស់នៅលើទឹកសមុទ្រ មួយវិញទៀត ការផ្សព្វផ្សាយរបស់អាជ្ញាធរ នៅមានកម្រិត។ ដោយសារពួកគាត់មួយចំនួនជាពិសេសអ្នកនេសាទ នៅពេលធ្វើយុទ្ធនាការផ្សព្វផ្សាយពីបញ្ហាអនាម័យ បរិស្ថាន គាត់មិនបានចូលរួម។ មួយទៀតការយល់ដឹងរបស់ពលរដ្ឋមួយចំនួនពាក់ព័ន្ធបញ្ហសំរាមនៅមានតិចតួច។ ជាការគិតរបស់អាជ្ញាធរ ក្នុងទិសដៅខាងមុខទាក់ទងសំរាមនេះ អាជ្ញាធរនឹងកោះអញ្ជើញតាមខ្នងផ្ទះប្រជាពលរដ្ឋឱ្យចូលរួមកម្មវិធីផ្សព្វផ្សាយសំរាមជាលើកទី១ ឬអាចជាលើកទី២ ដើម្បីឱ្យគាត់បានយល់ដឹង។
លោកបញ្ជាក់ថា៖«ខ្ញុំជឿថា ក្រោយពីផ្សព្វផ្សាយនេះ ទោះមិនបាន ១០០ភាគរយ ក៏ពលរដ្ឋចូលរួម ៧០ ទៅ ៨០ ភាគរយ ដែលឈប់ចោលសំរាមទៅក្នុងសមុទ្រ»។
លោកស៊ន ស្រិញ អាយុ ៣៤ ឆ្នាំ ជាពលរដ្ឋរស់នៅលើកោះស្តេចនេះ និយាយថា នៅលើកោះស្តេចនេះពីមុនមកមិនមានប្រព័ន្ធគ្រប់គ្រងកាកសំណល់ទេ ទើបធ្វើឱ្យមានពលរដ្ឋបោះចោលសំរាមរាយប៉ាយមិនថានៅលើគោក និងក្នុងទឹក។ យ៉ាងណាមិញលោក បានសម្តែងការសាទរចំពោះការផ្សព្វផ្សាយរបស់អាជ្ញាធរស្រុក និងដៃគូផ្សេងទៀត ក្នុងការបំផុសបំផុលប្រជាពលរដ្ឋឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ លោកថា តាមរយៈការអប់រំនេះ ពលរដ្ឋនឹងទទួលបានចំណេះដឹងបន្តិចម្តងៗ ដែលអាចកាត់បន្ថយការចោលសំរាមពាសវាលពាសកាល ហើយរួមចំណែកដល់បរិស្ថានផងដែរ។
លោកថា៖«មួយរយៈចុងក្រោយ នេះបន្ទាប់អាជ្ញាធរស្រុក ឃុំ សហការគ្នាបានល្អចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អ៊ីចឹងខ្ញុំគិតជាវិជ្ជមានថា ពលរដ្ឋនឹងចូលរួម ក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយកាត់បន្ថយការចោលសំរាមចូលសមុទ្រ។ ខ្ញុំឃើញជាក់ស្តែង ពីមុនមកឃើញគាត់ចាក់សំរាមចូលទឹកច្រើន ទាល់តែខ្សែទឹកហូរទៅអស់បានអស់សំរាម ប៉ុន្តែឥឡូវកាត់បន្ថយខ្លះហើយ»។
លោកបញ្ជាក់ថា តាមពិតពលរដ្ឋក្នុងមូលដ្ឋានក៏ចង់បានភូមិឋានស្អាតដែរ ដើម្បីអនាម័យ មានភ្ញៀវទេសចរ និងបង្កើនចំណូល ប៉ុន្តែដោយសារកន្លងមកពុំមានកន្លែងដាក់សំរាម ដូចនេះទើបពលរដ្ឋមិនមានជម្រើស។
លោកសុខ ចេង មេឃុំកោះស្តេច ឱ្យដឹងថា ដោយសារនៅលើកោះស្តេចមានកំណើនពលរដ្ឋ និងភ្ញៀវទេសចរ ទើបធ្វើឱ្យមានកំណើនសំរាម ដោយក្នុង១ថ្ងៃមានសំរាមមិនក្រោមមួយតោននោះទេ។ បច្ចុប្បន្ន ពលរដ្ឋដែលរស់នៅលើកោះស្តេចមានជាង៦០០គ្រួសារ បើធៀបនឹងចំនួនប្រជាពលរដ្ឋមានជាង ២៩ ០០០នាក់៕