ព្រះវិហារៈ សមត្ថកិច្ចចម្រុះខេត្តព្រះវិហារកាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ បានចុះដកហូតដីទំហំ ២៣,៤ ហិកតាដែលជាដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋពីបុគ្គលឈ្មោះ ជា សេងគន តាមអំណាចសាលក្រមសាលាដំបូងខេត្តព្រះវិហារ ក្រោយពីបុគ្គលរូបនេះបានចូលទៅកាន់កាប់ដោយខុសច្បាប់នាពេលកន្លងមក។
ក្នុងអំឡុងពេលចុះអនុវត្តសាលក្រមនោះ ក្រុមសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ ៣ នាក់ផងដែរ ក្រោយពីរកឃើញមានការលួចស្ដុកឈើខុសច្បាប់មួយចំនួនធំ។ នេះបើតាមការប្រាប់ឱ្យដឹងពីសមត្ថកិច្ចពាក់ព័ន្ធ។
លោក ស៊ុំ ស៊ីវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅរសៀលថ្ងៃទី ១៦ ខែឧសភា ថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនក្នុងបទល្មើសខាងលើនេះ រួមមាន ឈ្មោះ គង់ ហេង អាយុ ៥៤ ឆ្នាំ មានលំនៅក្នុងភូមិតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ,ឈ្មោះ សូ ធូ អាយុ ២១ ឆ្នាំ និងឈ្មោះ ហេង ចំរើន អាយុ ១៣ ឆ្នាំ ដែលអ្នកទាំង ២ មានលំនៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកបានបញ្ជាក់ថា៖ «ការឃាត់ខ្លួនជនសង្ស័យទាំង ៣ នាក់ខាងលើនេះបានធ្វើឡើង ក្រោយពីសមត្ថកិច្ចចម្រុះបានឆែកឆេររកឃើញការលួចលាក់សន្និធិផល និងអនុផលព្រៃឈើខុសច្បាប់ជាច្រើនម៉ែត្រគុបលើទីតាំងដីដែលបុគ្គលឈ្មោះ ជា សេងគន បានកាន់កាប់ដោយខុសច្បាប់លើដីក្រុមហ៊ុនចម្ការកៅស៊ូមេគង្គ ខូអិលធីឌី ហើយឃើញវត្តមានជនសង្ស័យទាំង ៣ ស្នាក់នៅទីនោះ»។
បើតាមលោក ស៊ីវត្ថា ឈើដែលសមត្ថកិច្ចបានរកឃើញនោះជាប្រភេទឈើលេខ ១ (ឈើត្រសេក) ចំនួន ១០៦ កំណាត់ស្មើនឹងជិត ៦ ម៉ែត្រគុប។ បច្ចុប្បន្នឈើទាំងនោះកំពុងត្រូវបានរក្សាទុកជាបណ្ដោះអាសន្នក្នុងបរិវេណទីស្នាក់ការរដ្ឋបាលព្រៃឈើរវៀង។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីសាកសួរបន្ថែមជុំវិញករណីសន្និធិផល និងអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត។
ជុំវិញករណីនេះ លោក គឹម សំលេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅរសៀលថ្ងៃទី ១៦ ខែឧសភាថា ក្នុងពេលអនុវត្តសាលក្រមរបស់សាលាដំបូងខេត្តព្រះវិហារនាថ្ងៃនោះសមត្ថកិច្ចពិតជាបានឃាត់ខ្លួនជនសង្ស័យទាំង ៣ នាក់ខាងលើនេះមែន ដោយសារពួកគាត់បានទៅស្នាក់នៅក្នុងរោងស្តុកឈើរបស់បុគ្គលឈ្មោះ ជា សេងគន ដែលជាប់ពិរុទ្ធភាពក្នុងបទល្មើសរំលោភកាន់កាប់អចលនទ្រព្យរបស់អ្នកដទៃដោយខុសច្បាប់។
យ៉ាងណាក្ដី លោកបានអះអាងថា អ្នកទាំង ៣ នាក់នោះត្រូវបានតុលាការដោះលែងឱ្យត្រឡប់ទៅបំពេញការងាររបស់ពួកគេវិញហើយកាលពីល្ងាចថ្ងៃទី ១៤ ខែឧសភា ក្រោយពីសាកសួររកមិនឃើញធាតុផ្សំនៃបទល្មើសដោយពួកគាត់បានប្រាប់ថា ជាកម្មករចៀរជ័រកៅស៊ូ និងជាអ្នកដាំបាយឱ្យកម្មករក្រុមហ៊ុនចម្ការកៅស៊ូមេគង្គ ខូអិលធីឌី ហើយបានទៅដេកលេងនៅទីនោះ ព្រោះឃើញរោងស្តុកឈើគ្មានមនុស្សនៅ។
លោក សំលេង បានបញ្ជាក់ថា៖ «តុលាការបានសម្រេចដោះលេងជនសង្ស័យទាំង ៣ ឱ្យត្រឡប់ទៅវិញ ក្រោយរកឃើញថា ពួកគាត់មិនជាប់ពាក់ព័ន្ធក្នុងបទល្មើសសន្និធិផល និងអនុផលព្រៃឈើដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចរដ្ឋបាលព្រៃឈើនេះ»។
បើតាមលោក សំលេង នៅពេលនេះ សមត្ថកិច្ចនគរបាលយុត្តិធម៌កំពុងបន្តស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនបុគ្គលឈ្មោះ ជា សេងគន ដើម្បីយកមកអនុវត្តទោសតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក យុត ពន្លឺ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តព្រះវិហារចុះថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ បន្ទាប់ពីសាលក្រមក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ០២ «ក» ចុះថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ចូលជាធរមាន។ តាមរយៈសាលក្រមកំបាំងមុខនោះ បុគ្គលឈ្មោះ ជា សេងគន ត្រូវបានលោកចៅក្រម យុត ពន្លឺ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៨ ខែពីបទ «រំលោភកាន់កាប់អចលនវត្ថុដោយប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ប្រព្រឹត្តនៅភូមិជីអោក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។
កាសែតភ្នំពេញប៉ុស្ដិ៍មិនអាចទាក់ទងតំណាងក្រុមហ៊ុនចម្ការកៅស៊ូមេគង្គ ខូអិលធីឌី បានទេ កាលពីថ្ងៃម្សិលមិញ៕