ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបន្ថែមមុខងារថ្មីចំនួន ៣ គឺ «ទីតាំងការិយាល័យ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងលទ្ធផលបោះឆ្នោត» នៅក្នុងកម្មវិធីទូរស័ព្ទដៃ NEC KH របស់ខ្លួន ដើម្បីផ្តល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋទូទៅសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។
តាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប កាលពីថ្ងៃទី ១៥ ខែឧសភា ឱ្យដឹងថា គ.ជ.ប បានអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃទំនើប (App)«NEC KH» របស់ខ្លួន ដោយបានបញ្ចូលមុខងារថ្មីចំនួន ៣ បន្ថែមទៀតគឺ “ទីតាំងការិយាល័យ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងលទ្ធផលបោះឆ្នោត” ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតក្នុងការស្វែងរកព័ត៌មានអំពីទីតាំងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សាលាឃុំ សង្កាត់ ទីស្នាក់ការគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងទីតាំងការិយាល័យបោះឆ្នោតទូទាំងប្រទេស ដើម្បីងាយស្រួលក្នុងការពិនិត្យមើលបញ្ជីបេក្ខជនឈរឈ្មោះក៏ដូចជាលំដាប់លេខរៀងបញ្ជីបេក្ខជនឈរឈ្មោះលើសន្លឹកឆ្នោតក្នុងឃុំ សង្កាត់ និងព័ត៌មានអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២។
សេចក្តីប្រកាសព័ត៌មាននេះបន្តថា ដើម្បីប្រើប្រាស់មុខងារទាំង ៣ ខាងលើនេះបាន សាធារណជនដែលមានកម្មវិធី «NEC- KH» ក្នុងទូរស័ព្ទដៃរបស់ខ្លួនរួចហើយ គឺគ្រាន់តែដំឡើងជំនាន់ថ្មី (Update Version) ជាការស្រេច។ ចំពោះអ្នកដែលមិនទាន់មានកម្មវិធី«NEC KH» ហើយចង់ទាញយកកម្មវិធីនេះមកប្រើប្រាស់សូមចូលទៅកាន់ PlayStore សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ឬ App Store សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ iOS ហើយវាយដោយស្វែងរកពាក្យ «NEC- KH» រួចដំឡើងជាការស្រេច។
សេចក្តីប្រកាសព័ត៌មាននេះសរសេរថា «អ្នកប្រើប្រាស់កម្មវិធី«NEC KH» អាចចូលមើល ឬស្វែងរកអត្ថបទកម្រងឯកសារ រូបភាពវីដេអូផ្សេងៗដែល គ.ជ.ប ផលិតឡើង ដើម្បីផ្សព្វផ្សាយ និងអប់រំបណ្ដុះបណ្ដាលអ្នកបោះឆ្នោតហើយសាធារណជនក៏អាចពិនិត្យមើលបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងស្វែងរកព័ត៌មានអំពីលទ្ធផលបោះឆ្នោត និងទីតាំងដែលបានជម្រាបជូនខាងលើនេះផងដែរ »។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៦ ខែឧសភាថា គ.ជ.ប តែងតែយកចិត្តទុកដាក់ផ្តល់ព័ត៌មានសំខាន់ដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងដំណើការបោះឆ្នោត ហើយកាលពីថ្មីៗនេះ គ.ជ.ប បានអភិវឌ្ឍកម្មវិធីដាក់តាមទូរស័ព្ទដៃទំនើប ( NEC- KH) ដោយបញ្ចូលនូវមុខងារថ្មីចំនួន ៣បន្ថែមទៀតគឺ “ទីតាំងការិយាល័យ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងលទ្ធផលបោះឆ្នោត។
លោកពន្យល់ថា៖ «អំពីទីតាំងបងប្អូនប្រជាពលរដ្ឋ មើលឃើញទីតាំងការិយាល័យបោះឆ្នោត ដែលមានសរុបចំនួន ២៣ ៦០២ ការិយាល័យ។ ចំពោះបញ្ជីបេក្ខជនក៏បងប្អូនប្រជាពលរដ្ឋដឹងថា នៅក្នុងឃុំសង្កាត់ណាមួយមានគណបក្សនយោបាយប៉ុន្មាន និងគណបក្សនយោបាយនីមួយៗមានបញ្ជីបេក្ខជនប៉ុន្មានចូលរួមប្រកួតប្រជែង។ ទាក់ទងលទ្ធផលបោះឆ្នោត នៅក្នុង App នេះ ប្រជាពលរដ្ឋអាចដឹងពីលទ្ធផលបោះឆ្នោតទាំង ២៣ ៦០២ ការិយាល័យ និង ១ ៦៥២ ឃុំ សង្កាត់ និងដឹងរហូតដល់លទ្ធផលបណ្តោះអាសន្ន និងផ្លូវការនៃការបោះឆ្នោតផងដែរ»។
បើតាមលោក សោម សូរីដា មុខងារថ្មីចំនួន ៣ នេះមានតួនាទីយ៉ាងសំខាន់ដល់ប្រជាពលរដ្ឋ និងគណបក្សនយោបាយ ព្រោះវាបន្ថែមទៅលើបញ្ជីបោះឆ្នោតដែល គ.ជ.ប មាន រួមជាមួយនឹងកម្មវិធីផ្សេងទៀតដែលបានដាក់នៅក្នុង App (NEC KH) ដែលជាការយកចិត្តទុកដាក់របស់ គ.ជ.ប ក្នុងការផ្តល់ព័ត៌មានពីដំណើរការបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរទូទៅ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ប្រាប់ភ្នំពេញពេញប៉ុស្តិ៍នៅថ្ងៃទី ១៦ ខែឧសភាថា ការបញ្ចូលមុខងារថ្មីចំនួន ៣ បន្ថែមទៀតនេះ គឺផ្តល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងគណបក្សនយោបាយក្នុងការតាមដានព័ត៌មាននៅលើទូរស័ព្ទដៃដែលមានភាពទូលំទូលាយ និងតាមទាន់នៃការរីកចម្រើនលើបច្ចេកវិទ្យា។
លោកថ្លែងថា៖ «យើងដឹងហើយថា ប្រជាជនកម្ពុជាយើងស្ទើរតែ ៩០ ភាគរយ ដែលបានយល់ច្បាស់ពីការប្រើប្រាស់នៅតាមទូរស័ព្ទដៃ។ អ៊ីចឹង ប្រជាជន និងប្រជារាស្ត្រទាំងអស់គ្នា ប្រាកដណាស់មានភាពងាយស្រួល ជាពិសេសគណបក្សនយោបាយទាំងអស់ យើងអាចសង្កេត និងឃ្លាំមើលតាមទូរស័ព្ទដៃបាន»៕