ភ្នំពេញៈ ឆ្លើយតបនឹងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកចំពោះការរឹតត្បិតសិទ្ធិសេរីភាពនៅកម្ពុជា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តឱ្យបានពេញលេញនូវសេរីភាពក្នុងការបញ្ចេញមតិ និងដំណើរការនយោបាយប្រកបដោយបរិយាប័ន្ន។
ការឆ្លើយតបនេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក Anthony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងលោក ប្រាក់ សុខុន កាលពីថ្ងៃទី ១៣ ខែឧសភា ក្នុងឱកាសដែលលោកអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១២-១៣ ខែឧសភា។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានក្រោយជំនួបនេះថា៖ «លោករដ្ឋមន្ត្រីការបរទេស [លោក Blinken] បានសម្តែងការព្រួយបារម្ភអំពីការរឹតត្បិតសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាននៅកម្ពុជា។ លោកជំរុញឱ្យកម្ពុជាទម្លាក់ចោលបទចោទដែលមានលក្ខណៈនយោបាយ និងអនុញ្ញាតឱ្យអ្នកនយោបាយបក្សប្រឆាំងចូលរួមដោយសេរីក្នុងការបោះឆ្នោតខាងមុខ»។
នៅក្នុងជំនួបនោះ លោក ប្រាក់ សុខុន បានលើកឡើងថា៖ «ការបោះឆ្នោតពហុបក្សនៅកម្ពុជាបានធ្វើឡើងជាទៀងទាត់ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ ហើយត្រូវបានវាយតម្លៃថា បានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ដោយមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ការបង្កើតស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំនួនរាប់រយការមានប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងទូលំទូលាយនៅកម្ពុជា ប្រតិបត្តិការសហជីពសម្រាប់ការពារសិទ្ធិកម្មករ រួមទាំងមានអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលរាប់ពាន់ដែលធ្វើការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ប្រជាជន»។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកថ្មីៗនេះដែរ លោក ហ៊ុន សែន បានថ្លែងបញ្ជាក់ ថា ដំណើរការរឿងក្តីរបស់លោក កឹម សុខា អតីតប្រធាន អតីត គណបក្សសង្គ្រោះជាតិ គឺជានីតិវិធីរបស់តុលាការតែប៉ុណ្ណោះ ហើយលោកមិនលូកដៃចូលនោះទេ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ប្រាប់ភ្នំពេញ ប៉ុស្តិ៍នាថ្ងៃទី ១៦ ខែឧសភា ថា ការជំរុញរបស់សហរដ្ឋអាមេរិកក្នុងការអនុញ្ញាតឱ្យអ្នកនយោបាយបក្សប្រឆាំងចូលរួមដោយសេរីក្នុងការបោះឆ្នោតខាងមុខគឺជាដំណើរការឆ្ពោះទៅមុខមួយនៅក្នុងកិច្ចសហការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ប្រសិនបើការប្តេជ្ញាចិត្តរបស់កម្ពុជាដែលបានធ្វើ-ឡើងនៅក្នុងជំនួបនេះកើតឡើងពិតប្រាកដមែន។
លោកបានថ្លែងបន្តថា វាក៏នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង ២ កាន់តែមានភាពស្និទ្ធស្នាល និងល្អប្រសើរ ព្រមទាំងក៏អាចជួសជុលនូវភាពប្រេះស្រាំខ្លះរវាងទំនាក់ទំនងនៃប្រទេសទាំង ២ បើសិនជាបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលបានលើកឡើងរវាងរដ្ឋមន្ត្រីទាំង ២ នេះត្រូវបានកែលម្អកាន់តែប្រសើរឡើង។
លោក គិមអេង បានថ្លែងថា៖ «យើងដឹងហើយថា សហរដ្ឋអាមេរិកគឺលក្ខខណ្ឌចាំបាច់របស់គាត់គឺការលើកកម្ពស់សិទ្ធិមនុស្ស ការលើកកម្ពស់សេរីភាពការលើកកម្ពស់ប្រជាធិបតេយ្យ។ នេះជាស្នូលនៅក្នុងទំនាក់ទំនងអន្តរជាតិរបស់គាត់ដែរ។ អ៊ីចឹងទោះបីជានៅក្នុងបណ្តាប្រទេសកុម្មុយនីស្តក៏គាត់នៅតែលើកឡើងបញ្ហានេះ។ អ៊ីចឹងចំណុចនេះបើសិនជាកម្ពុជាយើងចេះឆក់ឱកាស គឺអាចនឹងធ្វើឱ្យប្រទេសរបស់យើងហ្នឹងអាចនឹងមានការវិវឌ្ឍរីកចម្រើនដែរនៅក្នុងតំបន់នេះ ឬក៏ក្លាយទៅជាប្រទេសដែលមានទំនាក់ទំនងកាន់តែល្អប្រសើរជាមួយនឹងសហរដ្ឋអាមេរិក ឬក៏អាចធ្វើឱ្យមានមិត្តភាពដ៏ល្អប្រពៃទៅថ្ងៃអនាគត»។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនេះ លោក ហ៊ុន សែន បានសម្តែងការខកចិត្តចំពោះសហរដ្ឋអាមេរិកចំពោះការបន្តដាក់ទណ្ឌកម្មទិដ្ឋាការមកលើមន្ត្រីក្រសួងការបរទេសកម្ពុជា ចំពោះការចោទប្រកាន់ថា បដិសេធ ឬពន្យារពេលដោយគ្មានហេតុផលសមស្របចំពោះការអនុវត្តកិច្ចព្រមព្រៀងទទួលយកពលរដ្ឋខ្លួន ដែលអាមេរិកបញ្ជូនឱ្យត្រឡប់មកកម្ពុជាវិញបើទោះបីជាកម្ពុជាបានអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងដោយទទួលយកពលរដ្ឋខ្លួន ដែលអាមេរិកបញ្ជូនឱ្យត្រឡប់មកកម្ពុជាវិញរាប់រយនាក់ក៏ដោយ។
ក្នុងជំនួបទ្វេភាគីជាមួយលោក Blinken នេះ លោក ប្រាក់ សុខុន ក៏បានស្នើសហរដ្ឋអាមេរិកឱ្យពិចារណាឡើងវិញលើការរឹតត្បិតទិដ្ឋាការ «ដោយអយុត្តិធម៌» នេះ ដោយលោកបានធានាឡើងវិញចំពោះលោក Blinken អំពីកិច្ចសហប្រតិបត្តិការពេញលេញរបស់កម្ពុជាចំពោះដំណើរការកិច្ចព្រមព្រៀងនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋ អាមេរិក លោក Blinken បានប្រកាសការបន្តគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះ និងបានថ្លែងអំណរគុណចំពោះលោក ប្រាក់ សុខុន និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការគាំទ្រក្នុងការធ្វើឱ្យកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិកទទួលបានជោគជ័យ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ជាក់ថា លោក Blinken បានជំរុញឱ្យលោក ប្រាក់ សុខុន ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាបន្តជំរុញអាជ្ញាធរមីយ៉ាន់ម៉ាអនុវត្តឱ្យបានពេញលេញនូវការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន [កុងសង់ស៊ីស] ព្រមទាំងការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងការរៀបចំឱ្យមានកិច្ចសន្ទនាជាមួយគ្រប់ភាគីពាក់ព័ន្ធ។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះបានបញ្ជាក់ឡើងវិញនូវការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកចំពោះការសាងសង់មូលដ្ឋានយោធារបស់ចិននៅមូលដ្ឋានទ័ពជើងទឹករាម ដែលអាចជះផលអវិជ្ជមានដល់សន្តិសុខក្នុងតំបន់។
លោក ប្រាក់ សុខុន ប្រាប់លោក Blinken ថា ការជួសជុលកែលម្អមូលដ្ឋានទ័ពជើងទឹករាមនេះគឺសម្រាប់តែបម្រើឱ្យការពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជាប៉ុណ្ណោះ ដើម្បីការពារបូរណភាពដែនសមុទ្រ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។
ទោះបីយ៉ាងណា លោក ហ៊ុន សែន ថ្មីៗនេះនៅឯទឹកដីសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការចោទប្រកាន់លើកំពង់ផែរាមថា មានវត្តមានយោធាចិនគឺជារឿងមិនត្រឹមត្រូវ និងមិនពិត ព្រោះកម្ពុជាមានគោលជំហរច្បាស់លាស់ ដោយប្រកាន់នយោបាយអព្យាក្រឹតអចិន្រៃ្តយ៍មានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ ហើយកម្ពុជាគ្មាននយោបាយជ្រើសរើសរវាងចិន និងអាមេរិកនោះទេ៕