ភ្នំពេញៈ អាជ្ញាធរមីន និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានឹងធ្វើជា សហប្រធានដឹកនាំវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីសកម្មភាពមីននាថ្ងៃទី ២០ ឧសភា ដើម្បីពង្រីក និងលើកកម្ពស់ភាពជាដៃគូឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ ២០២៥ ខណៈមនុស្សជិត ១ លាននាក់នៅតែរស់នៅ និងធ្វើការនៅតំបន់ដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅឡើយ។
លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ នៃអាជ្ញាធរមីន និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជានឹងធ្វើជាសហប្រធានដឹកនាំវេទិកានេះនៅខេត្តសៀមរាបជាមួយសហគមន៍ផ្តល់ជំនួយ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា។
សេចក្តីប្រកាសព័ត៌មានរួមរបស់អាជ្ញាធរមីន និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នាថ្ងៃទី ១៦ ឧសភា បញ្ជាក់ថា៖ «វេទិកានេះនឹងផ្តល់ជូនដល់សហគមន៍ផ្តល់ជំនួយវិស័យមីននៅកម្ពុជា រួមទាំងវិស័យឯកជនលើកពីចំណាប់អារម្មណ៍ ការតាំងចិត្ត និងឆន្ទៈក្នុងការបន្តគាំទ្រដល់វិស័យមីនកម្ពុជាតទៅមុខទៀត»។
វេទិកាដែលធ្វើដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូនេះនឹងផ្តោតសំខាន់លើការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធ ដើម្បីជំរុញការប្រើប្រាស់ជំនួយសម្រាប់វិស័យសកម្មភាពមីន និងកម្មវិធីសកម្មភាពមីនឱ្យស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកាន់តែទូលំទូលាយ។ វេទិកានេះក៏នឹងបង្ហាញគំនិតផ្តួចផ្តើមសម្រាប់ការពិចារណាដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រសកម្មភាពមីន ២០១៨-២០២៥ និងកំណត់វិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រមូលធនធានដែលត្រូវការសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រសកម្មភាពមីន។
របាយការណ៍អាជ្ញាធរមីនឱ្យដឹងថា បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា គឺជាលទ្ធផលជម្លោះផ្ទៃក្នុង និងតំបន់ដែលអូសបន្លាយជាបន្តបន្ទាប់ចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៦០ រហូតដល់ចុងឆ្នាំ ១៩៩៨ ព្រមទាំងបានបង្កឱ្យមនុស្សស្លាប់ របួស និងពិការប្រមាណជិត ៦៥ ០០០ នាក់ តាំងពីឆ្នាំ ១៩៧៩។
របាយការណ៍បន្តថា ទោះបីជាចំនួនអ្នកស្លាប់ និងរបួសប្រចាំឆ្នាំត្រូវបានកាត់បន្ថយពី ៤ ៣២០ នាក់ ក្នុងឆ្នាំ ១៩៩៦ មក ៤៤ នាក់ ក្នុងឆ្នាំ ២០២១ ក្តី ក៏ប្រទេសកម្ពុជាមានចំនួនអ្នកស្លាប់ និងរបួសច្រើនជាងគេបំផុតនៅក្នុងពិភពលោក។
សេចក្តីប្រកាសបញ្ជាក់ថា៖ «បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្តបង្កឱ្យមនុស្សស្លាប់ និងរបួស និងបង្កផលប៉ះពាល់ដល់សហគមន៍ ហើយរារាំងយ៉ាងធ្ងន់ធ្ងរដល់ការឆ្លើយតបផ្នែកមនុស្សធម៌ កិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព និងស្ថិរភាព ការស្តារសង្គម និងសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅទូទាំងប្រទេសកម្ពុជា មនុស្សជិត ១ លាននាក់នៅតែរស់នៅ និងធ្វើការនៅតំបន់ដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។
សេចក្តីប្រកាសព័ត៌មានបន្តថា ដោយមានការគាំទ្រពីសហគមន៍ម្ចាស់ជំនួយអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រសួងពាក់ព័ន្ធ និងប្រតិបត្តិករជាតិ និងអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុង រយៈពេល ៣០ ឆ្នាំកន្លងមកនេះ ដើម្បីកម្ចាត់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅទូទាំងប្រទេស។
របាយការណ៍អាជ្ញាធរមីនឱ្យដឹងថា ពីឆ្នាំ ១៩៩២ ដល់ខែមេសា ឆ្នាំ ២០២២ ផ្ទៃដី ២ ៣៧៩ គីឡូម៉ែត្រក្រឡាត្រូវបានសម្អាតរួច ដោយបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សជាង ១,១ លាន មីនប្រឆាំងរថក្រោះជាង ២៦ ០០០ និងសំណល់ជាតិផ្ទុះពីសង្គ្រាមជិត ៣ លាន។
បើតាមរបាយការណ៍ ទោះបីជាមានការខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ ផ្ទៃដីប្រហែល ២ ០០០ គីឡូម៉ែត្រក្រឡា នៅតែមានការគំរាមកំហែង ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គិតត្រឹមខែមេសា ឆ្នាំ ២០២២។ ក្នុងនោះផលប៉ះពាល់ដោយសារគ្រាប់មីន នៅតែមាននៅក្នុង ២២ ខេត្ត ក្នុងចំណោម ២៥ ខេត្តលើផ្ទៃដីប្រមាណ ៧៣៥ គីឡូម៉ែត្រក្រឡា ដែលស្មើនឹងទំហំទីលានបាល់ទាត់ជិត ១៤០ ០០០ ដង៕