ព្រះវិហារៈ ព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែរ ដែលព្រះមហាក្សត្របានឡាយព្រះហស្តលេខាកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ ត្រូវបានប្រគល់ជូនគ្រួសារលោក បេន ដាវីស កាលពីថ្ងៃទី ១៤ ខែឧសភា ក្នុងខេត្តព្រះវិហារដែលនេះគឺជាការតបស្នងទៅនឹងការលះបង់ពិតប្រាកដប្រកបដោយភាពស្មោះត្រង់របស់ពួកគេ ចំពោះការចូលរួមអភិរក្សធនធានធម្មជាតិនៅកម្ពុជា។
លោក មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងពេលចូលរួមជាអធិបតីប្រគល់ព្រះរាជក្រឹត្យស្តីពីការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារដល់គ្រួសារលោក បេន ថា វាពិតជាស័ក្តិសមបំផុតដែលក្រុមគ្រួសារលោក បេន ត្រូវទទួលបាននេះ ព្រោះពួកគេសុខចិត្តចាកចោលស្រុកទេសរបស់ខ្លួនមករស់នៅលើទឹកដីកម្ពុជាប្រមាណ ៣០ ឆ្នាំមកហើយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ថែរក្សាការពារអភិរក្សធនធានធម្មជាតិ។
លោកថ្លែងថា៖ «នេះគឺជាលទ្ធផល ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់លោក បេន និងក្រុមគ្រួសារផ្ទាល់ផង និងចេញពីការយកចិត្តទុកដាក់របស់ព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់រដ្ឋាភិបាល និងរបស់ឯកឧត្តមរដ្ឋមន្ត្រី-ក្រសួងបរិស្ថានចំពោះអ្វីជាកិច្ចខិតខំប្រឹងប្រែងរបស់លោក បេន និងក្រុមគ្រួសារ និងក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរដែនដី ពិសេសពីអភិបាលខេត្ត ស្រុក និងភូមិឃុំផងដែរ»។
លោក មាស សុភា បានជំរុញ និងលើកទឹកចិត្តដល់លោក បេន និងក្រុមគ្រួសារ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបន្តសហការគ្នាល្អលើការការពារ និងអភិរក្សធនធានធម្មជាតិ។ លោកថា តាមការកត់សម្គាល់ឃើញថា ជាមួយនឹងការអប់រំ បំភ្លឺ ផ្សព្វផ្សាយពន្យល់នាពេលកន្លងទៅប្រជាពលរដ្ឋមានការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះហើយពួកគាត់បានចូលរួមក្នុងការអភិរក្ស។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងក្នុងពិធីនោះដែរថា កម្ពុជាបានក្លាយជាផ្ទះរបស់ បេន និងក្រុមគ្រួសារ ហើយថ្ងៃនេះជាថ្ងៃមួយដ៏វិសេសវិសាលសម្រាប់បេន និងក្រុមគ្រួសារ។
លោកមានប្រសាសន៍ថា៖ «លោក បេន និងក្រុមគ្រួសារស្ថិតក្នុងចំណោមមនុស្សជាច្រើន ដែលបានមកបំពេញការងារនៅកម្ពុជាជាយូរដែលបានទទួលការលើកទឹកចិត្ត។ លោក បេន និងគ្រួសារបានលះបង់កម្លាំងកាយ កម្លាំងចិត្តជាមួយនឹងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ក្រសួងបរិស្ថាន ក៏ដូចជាបានចូលរួមពីរដ្ឋបាលខេត្តក្នុងការការពារ និងអភិរក្សធនធានធម្មជាតិក្នុងខេត្តព្រះវិហារបានធ្វើឱ្យការការពារ និងអភិរក្សធនធានធម្មជាតិនៅខេត្តព្រះវិហារកាន់តែមានភាពល្អប្រសើរ»។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារថ្លែងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមនឹងប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ប្រកាសគាំទ្រទាំងស្រុងចំពោះការផ្តល់សញ្ជាតិខ្មែរដល់លោក បេន ដាវីស និងក្រុមគ្រួសារ។
លោកបន្តថា៖ «សូមស្វាគមន៍គ្រួសាររបស់លោក រួមរស់ជាមួយបងប្អូនខ្មែររបស់យើងតកូនតចៅក្នុងទឹកដីសុវណ្ណភូមិ នេះជារៀងរហូត ក្រោមម្លប់សុខសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន»។
លោកបានផ្តាំផ្ញើដល់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបន្តកិច្ចសហប្រតិបត្តិការល្អជាមួយលោក បេន ក្នុងការការពារ ថែរក្សា និងអភិរក្សសម្បត្តិធម្មជាតិរបស់កម្ពុជាឱ្យគង់វង្សស្ថិតស្ថេរ និងដាច់ខាតត្រូវតែការពារសុខសុវត្ថិភាព ក្រុមគ្រួសារលោក បេន ឱ្យបានល្អប្រសើរមិនត្រឹមតែដែនជម្រកសត្វព្រៃភ្នំពក និងភ្នំត្នោតទេ គឺក្នុងខេត្តព្រះវិហារទាំងមូល។
លោក បេន ដាវីស តំណាងក្រុមគ្រួសាររបស់ខ្លួនដែលមានសមាជិក ៤ រូប បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការគាំទ្រ និងលើកទឹកចិត្តលោក។
លោកថ្លែងថា៖ «ខ្ញុំមិននឹកស្មានថា ខ្ញុំទទួលបានសញ្ជាតិខ្មែរនេះទេ។ ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយ និងសូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់លើយើងខ្ញុំ។ យើងខ្ញុំមានភាពកក់ក្តៅ និងខ្ញុំមានការសប្បាយចិត្ត [ក្នុង] កិច្ចសហការជាមួយអាជ្ញាធរក្នុងកិច្ចការអភិវឌ្ឍ និងបច្ចុប្បន្នក្នុងកិច្ចការពារអភិរក្សព្រៃឈើ»។
បើតាមក្រសួងបរិស្ថានលោក បេន ដាវីស ជាសញ្ជាតិអាមេរិក និងភរិយាកូនៗមានសញ្ជាតិអូស្ត្រាលី។ គ្រួសារលោក បេន ពិតជាស័ក្តិសមបំផុតក្នុងការទទួលបាននូវសញ្ជាតិខ្មែរ ពីព្រោះលោក បេន បានមករស់នៅ និងបានធ្វើការនៅកម្ពុជាតាំងពីឆ្នាំ ១៩៩២ មកម៉្លេះតាំងពីលោក បេន មានអាយុ ២៧ ឆ្នាំ ហើយរហូតមកដល់ពេលនេះមានរយៈពេលជិត ៣០ ឆ្នាំមកហើយ។
ក្រសួងបញ្ជាក់ថា លោក បេន បានមកបំពេញការងារនៅខេត្តព្រះវិហាររយៈពេល ២០ ឆ្នាំហើយ តាំងពីឆ្នាំ ២០០២។ ស្ថិតក្នុងរយៈពេលនេះ លោក បេន និងក្រុមគ្រួសារបានលះបង់កម្លាំងកាយចិត្ត បញ្ញា និងធនធានផ្ទាល់ខ្លួន ដើម្បីបុព្វហេតុ មនុស្សធម៌។ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការងារសង្គមផ្សេងៗ និងដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃក្នុងដែនជម្រក សត្វព្រៃភ្នំត្នោតភ្នំពក ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងស្រុកគូលែននៃខេត្តព្រះវិហារ និងស្រុកជីក្រែងខេត្តសៀមរាប។
ការដែលលោក បេន និងគ្រួសារទទួលបានសញ្ជាតិខ្មែរ ពិតជារឿងដែលត្រឹមត្រូវនិងស័ក្តិសមជាទីបំផុត។ គ្រួសារលោកបេនតែងតែទទួលបាននូវការយកចិត្តទុកដាក់គាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងការស្រឡាញ់រាប់អានពីប្រជាពលរដ្ឋខ្មែរជាទូទៅ៕