ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទសួរសហរដ្ឋ-អាមេរិកថាតើករណីគប់ស្បែកជើងមកលើរូបលោកនៅឯសហរដ្ឋ-អាមេរិក កាលពីសប្តាហ៍មុនជាសិទ្ធិបញ្ចេញមតិ ឬជាហិង្សាដោយលោកបញ្ជាក់ថាតែបើករណីត្រូវបានចាត់ទុកជាសិទ្ធិបញ្ចេញមតិនៅអាមេរិក នៅកម្ពុជាក៏ធ្វើបានដែរ។ លោកថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយ «ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ ១៩» នៅសាលពិព័រណ៍ជ្រោយចង្វាររាជធានីភ្នំពេញ។
កាលពីសប្តាហ៍មុនពលរដ្ឋខ្មែរម្នាក់ដែលរស់នៅសហរដ្ឋ-អាមេរិកដែលគេស្គាល់ថា ឈ្មោះ អ៊ុក ទូច បានយកស្បែកជើងគប់មកលើលោក ហ៊ុន សែន នៅពេលលោកកំពុងជួបជុំជាមួយអ្នកគាំទ្ររបស់លោកនៅមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនៅថ្ងៃទី ១២- ១៣ ខែឧសភា តែស្បែកជើងនោះមិនចំលោកនោះទេ តែចំទូរស័ព្ទដៃរបស់អ្នកគាំទ្រម្នាក់ដែលកំពុងឈរថតរូបសែលហ្វ៊ី ជាមួយលោក។
លោកថ្លែងក្នុងពិធីនេះថា ភ្លាមនោះបើសិនជាលោកបញ្ជាឱ្យប្រឆាំងតបតវិញ បុរសដែលគប់ស្បែកជើងនេះអាចនឹងមានគ្រោះថ្នាក់ ព្រោះក្រៅពីកម្លាំងអាមេរិក នៅមានកម្លាំងដែលមកគាំទ្រលោកអាចធ្វើសកម្មភាពបានភ្លាម ប៉ុន្តែលោកមិនអនុញ្ញាតឱ្យធ្វើសកម្មភាពតបតដាច់ខាត ដោយលោកអះអាង នេះជាភ័ព្វសំណាងរបស់បុរសដែលគប់ស្បែកជើង ដែលលោកមិនធ្វើសកម្មភាពតបតវិញនៅពេលនោះ។
លោក ហ៊ុន សែន ចោទជាសំណួរថា៖ «សុំអ្នកកុំភ្លេច ភាគីអាមេរិកខ្លួនឯងដែលជាអ្នកទទួល ខុសត្រូវលើបញ្ហាសន្តិសុខ តើទង្វើគប់បែបនេះ ដោយមានការប៉ុនប៉ងយ៉ាងច្បាស់ ក្រឡែតតាមរយៈបទសម្ភាសដែលមាន តាមទៅដល់សេអ៊ូល [កូរ៉េខាងត្បូង] មានរបៀបរៀបចំធ្វើយ៉ាងម៉េចដើម្បីឱ្យបានចូល ជាការប៉ុនប៉ង ហើយក៏បានធ្វើសកម្មភាពហើយដែរ។ តើសហរដ្ឋអាមេរិកចាត់ទុកថា នេះជាសិទ្ធិបញ្ចេញមតិ ឬក៏ជាហិង្សា? ខ្ញុំផ្តាំផ្ញើទៅភាគីអាមេរិក។ ខ្ញុំមិនប្រដៅអាមេរិកទេ។ អាមេរិកត្រូវគិតឱ្យច្បាស់លើចំណុចនេះ។ សង្ឃឹមថា ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក នៅទីក្រុងភ្នំពេញ បញ្ជូនសារនេះទាំងស្រុងទៅកាន់រដ្ឋបាលអាមេរិក»។
លោកមិនសំណូមពរ ឱ្យអាមេរិកចាត់វិធានការផ្លូវច្បាប់ចំពោះបុរសដែលគប់ស្បែកជើងនោះទេ តែលោកគ្រាន់តែផ្តាំផ្ញើទៅអាមេរិកថា បើសហរដ្ឋអាមេរិកចាត់ទុក «សកម្មភាពហិង្សាតាមរបៀបការវាយប្រហារដោយស្បែកជើង» ជាសិទ្ធិបញ្ចេញមតិ នៅលើពិភពលោកគ្មានច្បាប់ទម្លាប់ទៀតទេ ហើយនៅកម្ពុជាក៏គ្មានច្បាប់ ទម្លាប់ដែរ។ លោកចាត់ទុកថាករណីនេះមិនមែនជាករណីតូចតាចនោះទេ និងស្នើឱ្យសហរដ្ឋ-អាមេរិកគិតគូរឱ្យបានច្បាស់។
លោកបញ្ជាក់ថា៖ «គេបានដឹងថាអ្នកណានៅទីក្រុងភ្នំពេញជាក្រុមហ្នឹង អ្នកហ្នឹងក៏ត្រូវត្រៀមត្រូវក្បាលនឹងស្បែកជើងដែរ។ នេះមិនមែនជាការគំរាមទេ តែជាការវិភាគជូនទិដ្ឋភាពច្បាប់តភ្ជាប់នឹងផ្លូវនយោបាយ។ ខ្ញុំសង្ស័យថា បងប្អូនយើងកំពុងកត់ឈ្មោះទុកអ្នកដែលចាត់ទុកអ្នកដែលគប់នេះជាវីរបុរស ព្រោះបើនៅអាមេរិកធ្វើបាន នៅស្រុកខ្មែរក៏ធ្វើបានដូចគ្នា។ នេះជាការឡងមួយដ៏ខ្ពស់ ហើយហានិភ័យខ្ពស់ណាស់ តែខ្ញុំសំណូមពរឱ្យបងប្អូនយើងអត់ធ្មត់ តែក្រែងលោយើងគ្រប់គ្រងគេអត់បាន ព្រោះកំហឹងឈឺចាប់របស់វាធំធេងពេក»។
លោក ក៏ចង់ដឹងផងដែរថាតើអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលតែងជំទាស់នឹងហិង្សានឹងធ្វើសេចក្តីថ្លែងការណ៍បែបណា ដោយលោកបន្តថា មកដល់ពេលនេះមិនមានការចេញសេចក្តីថ្លែងការណ៍ណាមួយនោះទេ។
លោកថា លោកមិនទាមទារឱ្យអាមេរិកដាក់ទោសបុរសដែលគប់ស្បែកជើងមកលើរូបលោកនោះទេ ប៉ុន្តែច្បាប់អាមេរិកយ៉ាងណានោះគឺទុកឱ្យអាមេរិកជាអ្នកសម្រេច ដោយលោកអះអាងថា៖ «បើអាមេរិកចាត់ទុកថា ការយកស្បែកជើងគប់ក្បាលគេជាសិទ្ធិបញ្ចេញមតិ ករណីនេះវានឹងក្លាយជាករណីរាលដាលដល់ប្រទេសដទៃ ហើយក៏មាននៅកម្ពុជា»។
លោកស្នើដល់អង្គការក្រៅរដ្ឋាភិបាលប្រយ័ត្នប្រយែងទៅលើការធ្វើអត្ថាធិប្បាយខុស ព្រោះនៅប្រទេសកម្ពុជាកំពុងមានការខឹងសម្បាយ៉ាងខ្លាំងដែលត្រៀមតែនឹងផ្ទុះ ហើយលោកបញ្ជាក់ថា អ្វីដែលលោកកំពុងតែព្រួយបារម្ភនោះគឺសុវត្ថិភាពមេដឹកនាំប្រឆាំង ព្រោះបើនៅសហរដ្ឋអាមេរិកចាត់ទុកការគប់ស្បែកជើងនេះជាសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាក៏អាចយកស្បែកជើងគប់ទៅលើមេដឹកនាំប្រឆាំងបានដែរ។ លោកអំពាវនាវដល់អ្នកគាំទ្ររូបលោក គណបក្សប្រជាជនកម្ពុជា ក៏ដូចជាអ្នកគាំទ្ររាជរដ្ឋាភិបាលទាំងនៅក្នុងប្រទេស និងក្រៅប្រទេសរក្សានូវភាពស្ងប់ស្ងាត់ ដោយទុកឱ្យភាគីអាមេរិកចាត់ចែងករណីនេះ ហើយលោក និងអ្នកគាំទ្រលោកនឹងរង់ចាំមើល។ លោកប្រកាសដល់ក្រសួងការបរទេសកម្ពុជា និងអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ហាមធ្វើ «ណោតទូត» ប្តឹងផ្តល់ទៅក្រសួងការបរទេសអាមេរិក។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាចាត់ទុកការគប់ស្បែកជើងនេះ គឺជា «អំពើអសីលធម៌» ដែលលោក អ៊ុក ទូច បានធ្វើក្នុងខណៈដែលលោកបានរស់នៅក្នុងប្រទេសអរិយធម៌ខ្ពង់ខ្ពង់មួយ ប៉ុន្តែលោកមិនបានយល់អំពីអរិយធម៌ខ្ពង់ខ្ពស់នេះទេ។
លោកថា៖ «គាត់បង្ហាញអំពីចេតនាអាក្រក់របស់គាត់ ហើយចេតនានេះវាមិនល្អទេសម្រាប់ប្រជាជាតិយើងជាជាតិខ្មែរដែលមានអរិយធម៌រុងរឿងពីមុនមក»។
លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីម្សិលមិញ ថ្លែងដោយមិនឆ្លើយតបនឹងសំណួរ ពាក់ព័ន្ធដោយចំ ចំពោះករណីគប់ស្បែកជើងលើលោក ហ៊ុន សែន នោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខរដ្ឋអាស៊ានដទៃទៀតទៅកាន់ទីក្រុងវ៉ាស៊ីនតោនសម្រាប់កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានប្រកបដោយជោគជ័យ៕