ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូននឹងបើកកិច្ចប្រជុំជាមួយអន្តរក្រសួងលើកពីសេចក្តីព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ នៅពេលឆាប់ៗនេះ បន្ទាប់ពីទទួលបានសេចក្តីព្រាងនេះបន្ថែមពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលក្រសួងចាត់ទុក ជាធាតុចូលដ៏សំខាន់ក្នុងកិច្ចការងារនេះ។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោក ប៉ាល់ ចន្ទតារា និងលោកស្រី MIYAHARA AI តំណាងជាន់ខ្ពស់នៃការិយាល័យ JICA បានធ្វើពិធីប្រគល់ទទួលសេចក្តីព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ ដែលផ្តល់ដោយ JICA និងមានការចូលរួមពីក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធពីថ្ងៃទី ១៦ ឧសភា។
ថ្លែងក្នុងពិធីនោះ លោក ប៉ាល់ ចន្ទតារា លើកឡើងថា ការរីកចម្រើនវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ការអភិវឌ្ឍទីក្រុង ទីប្រជុំជនធំៗ និងការកសាងលំនៅឋាន ក្រោមនយោបាយ ឈ្នះ-ឈ្នះ គឺជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេស ដែលបានបង្រួបបង្រួមជាតិនាំមកនូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញនៅទូទាំងផ្ទៃប្រទេសតាំងពីឆ្នាំ ១៩៩៨ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនយ៉ាងលឿន។
លោកបន្តថា ស្ថិតក្នុងបរិបទនៃការរីកចម្រើនដ៏ឆាប់រហ័សនេះ បញ្ហាអនាម័យ ការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវក្នុងទីក្រុង និងទីប្រជុំជនធំៗបានចោទ ជាបញ្ហាដ៏ធំ ដែលត្រូវដោះស្រាយ និងគ្រប់គ្រងឱ្យបានសមស្រប និងជាបន្ទាន់។ រាជរដ្ឋាភិបាលក៏ត្រូវស្វែងរកដំណោះស្រាយ និងយុទ្ធសាស្ត្រធ្វើយ៉ាងណាឱ្យការគ្រប់គ្រងទឹកកខ្វក់នេះមានប្រសិទ្ធភាព ខ្ពស់ និងប្រកបដោយការទទួលខុសត្រូវ តាមរយៈកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍នានាផងដែរ។
លោកថា ដើម្បីធ្វើកិច្ចការងារនេះ ក្រសួងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ដែលកំពុងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ជាពិសេសក៏មានធាតុចូលពី JICA ដែលជំនាញទៅលើរឿងនេះ។
លោកថ្លែងថា៖ «យើងទទួលសេចក្តីព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ពីអង្គការ JICA ដែលជាធាតុចូលមួយដ៏ល្អ ព្រោះប្រទេសជប៉ុនជាប្រទេសមានបទពិសោធគ្រប់គ្រងកាកសំណល់ វត្ថុរាវ និងទឹកកខ្វក់នេះជោគជ័យណាស់នៅស្រុកគាត់។ អ៊ីចឹងសេចក្តីព្រាងនេះយកមក ដើម្បីដាក់បញ្ចូលគ្នាជាមួយសេចក្តីព្រាងច្បាប់ ដែល យើងកំពុងធ្វើសព្វថ្ងៃនេះ»។
លោកថា ក្រសួងនឹងជ្រើសរើសយកធាតុចូលដែលល្អៗស្របទៅនឹងបរិបទកម្ពុជា ហើយសង្ឃឹមថា ច្បាប់នេះនឹងមានប្រសិទ្ធភាពនៅពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយសារច្បាប់នេះមានការជួយជ្រោមជ្រែងពីអ្នកមានបទពិសោធជួយលើការងារនេះ។
លោកថា៖ «នៅពេលយើងមានច្បាប់គ្រប់គ្រងក្នុងដៃហើយ ការអនុវត្តនឹងល្អប្រសើរ មានស្តង់ដា ព្រោះយើងធ្វើអីត្រូវធ្វើតាមស្តង់ដា។ ឥឡូវនេះយើងបានធាតុចូលបន្ថែម ហើយយើងនឹងប្រជុំអន្តរក្រសួងបន្តទៀតឆាប់ៗនេះ ដែលមានគ្រប់ក្រសួងពាក់ព័ន្ធនឹងចូលរួម មុននឹងយើងដាក់ទៅគណៈរដ្ឋមន្ត្រី ព្រោះការធ្វើច្បាប់នីមួយៗត្រូវការសិក្សាឱ្យល្អិតល្អន់»។
ក្នុងនាមជាអ្នកដឹកនាំកិច្ចការងារនេះ លោកជំរុញឱ្យមានការឆ្លងយោបល់ជាបន្តជាមួយក្រុមការងារជំនាញរបស់ក្រសួង គណៈកម្មាធិការអន្តរក្រសួង ក្រុមប្រឹក្សាអ្នកច្បាប់បន្ថែមទៀត ដើម្បីធានាថា ខ្លឹមសារលម្អិតនៃសេចក្តីព្រាងច្បាប់នេះសមស្របទៅតាមលក្ខខណ្ឌ ស្ថានភាពជាក់ស្ដែង និងការអភិវឌ្ឍរបស់កម្ពុជា សំដៅពង្រឹងការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព និងបំពេញតាមតម្រូវការក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់បរិស្ថាន និងសង្គម មុននឹងដាក់ទៅគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងបញ្ជូនទៅរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីធ្វើការអនុម័តឱ្យក្លាយជាច្បាប់។
បើតាមលោក ប៉ាល់ ចន្ទតារា កិច្ចការងារនេះ ទីភ្នាក់ងារ JICA បានផ្ដល់ជំនួយកម្រិតបច្ចេកទេស លើការជួយពិនិត្យ ផ្ដល់ធាតុចូល មតិយោបល់ និងអនុសាសន៍ល្អៗ និងបានកែសម្រួលសេចក្តីព្រាងដំបូងនៃច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់របស់ក្រសួងឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត តាមរយៈគម្រោងពង្រឹងសមត្ថភាព គ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធលូដល់រដ្ឋបាលរាជធានី-ភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ហែម ឧត្តម អ្នកជំនាញផ្នែកបរិស្ថានបានសាទរចំពោះការបង្កើតច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដែលលោកថាច្បាប់នេះគួរតែត្រូវបានបង្កើតតាំងពីយូរមកហើយ។ បច្ចុប្បន្នប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូដែលកម្ពុជាបន្តប្រើប្រាស់ បានបន្សល់ទុកតាំងពីសម័យបារាំងមកម្ល៉េះ ហើយការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទាំងនោះគឺតិចតួចបំផុត។ លោកថា លោកបារម្ភនៅពេលមិនមានការគ្រប់គ្រងបញ្ហាទឹកកខ្វក់ ឬប្រព័ន្ធលូនេះ វាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ ព្រោះទឹកដែលក្រហូរចេញពីក្នុងតំបន់ ឬទឹកកខ្វក់ដែល លាយឡំជាមួយទឹកប្រើប្រាស់ដោយមិនត្រូវបានសម្អាត និងធ្វើឱ្យប៉ះពាល់សុខភាពមនុស្ស។
លោកឧត្តមបានបញ្ជាក់ថា៖ «ដូចនៅភ្នំពេញ យើងឃើញនៅពេលមានទឹកជំនន់ម្តងៗ គឺទឹកហូរយឺត ព្រោះវាក៏ជាបញ្ហារួមផ្សំដែរ»៕