
លោក អេង ហុី មន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងកិច្ចប្រជុំមួយ កាលពីឆ្នាំ ២០២១។ រូបថត GRK
ភ្នំពេញៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ច្រានចោលព័ត៌មានក្នុងស្រុកមួយចំនួនដែលចុះផ្សាយថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក ដួង វិចិត្រ បានជម្រិតទារប្រាក់ពីម្ចាស់ឡានដឹកដីដែលល្មើសច្បាប់ចំនួន ២ ៥០០ ដុល្លារ ជាថ្នូរនឹងការដោះលែងរថយន្តវិញ។
ការច្រានចោលនេះ បន្ទាប់ពីសារព័ត៌មានក្នុងស្រុក បានចុះផ្សាយនូវចំណងជើងផ្សេងគ្នា ដូចជា «បែកធ្លាយលោកដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កោសរូសជម្រិតទារប្រាក់ម្ចាស់រថយន្តជាង២ពាន់ដុល្លារទើបអនុញ្ញាតឱ្យយកឡានចេញ» និង ១ ទៀតសរសេរថា នាពេលកន្លងទៅមានករណីប្តឹងលោកដួង វិចិត្រ ពាក់ព័ន្ធករណី «ជម្រិតទារលុយពីម្ចាស់ឡានដឹកដី ២ ៥០០ ដុល្លារ ទាំងបំពានចំណាររបស់តំណាងអយ្យការ»។
ប៉ុន្តែអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកអេង ហ៊ី បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៨ ខែឧសភា បញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះ អនុវត្តតាមគោលគំនិត ការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានធ្វើការស្រាវជ្រាវអង្គហេតុនេះ រកឱ្យឃើញការពិត ស្របនឹងច្បាប់ បទវិន័យទូទៅ និងក្រមសីលធម៌។
លោកអេង ហ៊ី បញ្ជាក់ថា៖«កិច្ចការស្រាវជ្រាវ បានបង្ហាញថា លោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មិនបានប្រព្រឹត្តអំពើល្មើសច្បាប់ និងខុសបទវិន័យកងទ័ព ដូចដែលសារព័ត៌មានមួយចំនួនផ្សព្វផ្សាយ កន្លងទៅនោះទេ»។
លោកបន្តថា ទន្ទឹមនឹងនោះ ម្ចាស់រថយន្ត និងគ្រឿងចក្រ ក៏បានបំភ្លឺថា លោកដួង វិចិត្រ ពុំបានជម្រិតទារលុយដូចការចុះផ្សាយទេ។
សេចក្តីប្រកាសដដែលបន្តថា កងរាជអាវុធហត្ថរង់ចាំទទួលយករាល់ព័ត៌មាន និង ភ័ស្តុតាងទាំងឡាយដែលពាក់ព័ន្ធនឹងអំពើល្មើសខាងលើ។ ជាមួយគ្នានេះ លោក អេង ហ៊ី ស្នើឱ្យបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់កែតម្រូវអត្ថបទរបស់ខ្លួនដើម្បីឱ្យសាធារណជនទទួលបាននូវព័ត៌មានពិត។
មន្រ្ដីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស(អាដហុក) ប្រចាំខេត្ដស្ទឹងត្រែង លោក ប៊ី វ៉ាន់នី លើកឡើងថា ការចេញមុខបដិសេធនេះ ក៏ជាការឆ្លើយតបរបស់ស្ថាប័នកងរាជអាវុធហត្ថ ដើម្បីការពារកត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កងរាជអាវុធហត្ថដែរ។
លោកថា៖«អ៊ីចឹងជាគោលការណ៍ច្បាប់ បើសិនជាពលរដ្ឋមានបញ្ហាបែបនេះគឺគួរតែរត់ទៅរកផ្លូវច្បាប់ដើម្បីទាមទារឱ្យមានការស៊ើបអង្កេតរកយុត្តិធម៌តាមផ្លូវច្បាប់ ដើម្បីបង្ការកុំឱ្យមានការជម្រិតទារប្រាក់ទៅថ្ងៃក្រោយទៀត បើសិនជាមានករណីដូចការចោទប្រកាន់នោះមែន»។
លោកបន្តថា រីឯការចុះផ្សាយតាមរយៈសារព័ត៌មាននោះ គឺជាសិទ្ធិ របស់ស្ថាប័នព័ត៌មាន ប៉ុន្តែមិនអាចយកជាផ្លូវការបានទេ ព្រោះគ្មានវត្ថុតាងដាក់បន្ទុក។ លោកលើកទឹកចិត្តដល់ពលរដ្ឋដែលជួបករណីបែបនេះគួរតែដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់។
តាមរយៈសេចក្តីប្រកាសនេះ លោកអេង ហ៊ី លើកឡើងថា កងរាជអាវុធហត្ថទទួលយករាល់ព័ត៌មានទាំងអស់ដែលពាក់ព័ន្ធសកម្មភាពការងារ ប្រតិបត្តិការ និងសីលធម៌របស់យោធិននៃកងរាជអាវុធហត្ថ ដើម្បីឆ្លុះបញ្ជាំង ដកបទពិសោធន៍រកឱ្យឃើញថា ការបំពេញតួនាទី ភារកិច្ចនោះ ទទួលបានផលវិជ្ជមាន ឬអវិជ្ជមាន ប៉ុន្មានភាគរយ។ លោកបន្តថា នៅពេលប្រជុំដកពិសោធន៍ វាយតម្លៃការងារដែលបានបំពេញរួច តាមរយៈព័ត៌មានពីមជ្ឈដ្ឋានខាងក្រៅ និងការអនុវត្តផ្ទាល់ បើវាជាផលអវិជ្ជមាន អង្គភាពនឹងធ្វើការអប់រំ ដាក់វិន័យទណ្ឌកម្ម ប្រសិនបើយោធិននៃកងរាជអាវុធហត្ថ បានប្រព្រឹត្តនូវកំហុសឆ្គង អសីលធម៌ ឬវិន័យកងទ័ព។
លោកបញ្ជាក់ថា៖«ប៉ុន្តែបើយោធិន នៃកងរាជអាវុធហត្ថណាបានប្រព្រឹត្តបទល្មើស ដូចមានចែងក្នុងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា អង្គភាពនឹងអនុវត្តច្បាប់តាមនីតិវិធីមិនមានការលើកលែងឡើយ ស្របនឹងទិសស្លោកដែលបានដាក់ចេញ ដោយនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺ «ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»៕
វីដេអូ៖