កំពង់ស្ពឺៈ កម្លាំងចម្រុះបង្ក្រាបទីតាំងធ្វើសន្និធិ (ការសន្សំទុក) សត្វព្រៃ និងសំណាកមួយកន្លែងនៅភូមិពាមអន្ទង់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច នាព្រឹកថ្ងៃទី ១៨ ខែឧសភា ដកហូតបានសត្វព្រៃជិត ៣០ ក្បាល និងចាប់ជនសង្ស័យម្នាក់។
លោក សែម ប៊ុនឌី មេប៉ុស្តិ៍រដ្ឋបាលឃុំត្រែងត្រយឹង ថ្លែងនៅថ្ងៃទី ១៨ ខែឧសភាថា ការចុះបង្ក្រាបនេះធ្វើឡើងដោយយោងតាមចំណារឯកភាពរបស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីត្រួតពិនិត្យឆែកឆេរចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ ជាក់ស្តែងនៅចំណុចផ្ទះរបស់ ឈ្មោះ ចាន់ ប៊ុនថុន ភេទប្រុស អាយុ ២៧ ឆ្នាំ ស្ថិតក្នុងភូមិពាមអន្ទង់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកប្រាប់ថា តាមការសង្កេតជាក់ស្តែងសត្វព្រៃទាំងអស់ដែលត្រូវបានដកហូតក្នុងប្រតិបត្តិការនេះគឺហាក់ដូចជាទើបតែបាននាំមកថ្មីៗនេះ ប៉ុន្តែមិនដឹងថានាំមកពីទីណានោះទេ។
ទោះយ៉ាងណាក៏ដោយលោកបញ្ជាក់ថា នៅមូលដ្ឋានឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មួយរយៈពេលចុងក្រោយនេះ មិនមានការជួញដូរ ឬធ្វើសកម្មភាពលក់សាច់សត្វព្រៃខុសច្បាប់នោះឡើយ។
តាមរបាយការណ៍កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថា សត្វព្រៃរស់ទាំងនោះមានដូចជា កូនក្ងោក ព្វាំងរស់ សេក ក្តាន់ញ៉ែង រអាតត្នោតអកព្រៃច្រើនពណ៌ ស្ទាំងលលកកេងកងធំក្រៀម និងក្រញាំជើងកេងកងធំក្រៀម។
លោក សឿង សំអាត នាយរងប៉ុស្តិ៍រដ្ឋបាលឃុំត្រែងត្រយឹងបានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចាន់ ប៊ុនថុន ភេទប្រុស អាយុ ២៧ឆ្នាំ នាំខ្លួនទៅសាកសួរ។
ចំណែកសត្វព្រៃ និងសំណាកត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅឧទ្យានសួនសត្វភ្នំតាម៉ៅ៕