ភ្នំពេញៈ ក្រុមឧត្តមមន្ត្រីការពារជាតិអាស៊ានបានសម្រេចឱ្យមានលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា ដើម្បីលើកកម្ពស់វិស័យសន្តិសុខរវាងបណ្តាប្រទេសជាសមាជិកអាស៊ានជាមួយឥណ្ឌាក្នុងទិសដៅជំរុញសាមគ្គីភាពជាមួយគ្នា និងបានសម្រេចលើឯកសារមួយចំនួនទៀត ដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានអនុម័តនៅខែមិថុនា។
ការសម្រេចបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOM) កាលពីថ្ងៃទី ១៧ ខែឧសភា ដែលដឹកនាំដោយលោក ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិកម្ពុជានៅទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ ដើម្បីពិភាក្សាលើឯកសារសំខាន់ៗ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ ២០២២ ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សេចក្តីប្រកាសព័ត៌មានអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិកម្ពុជាបញ្ជាក់នាថ្ងៃទី ១៧ ខែឧសភា ថា៖ «កិច្ចប្រជុំបានពិភាក្សា និងសម្រេចជាគោលការណ៍លើសំណើសុំឱ្យមានលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣០ រវាងអាស៊ាន និងឥណ្ឌា។ ចំពោះការរៀបចំលម្អិត កិច្ចប្រជុំបានប្រគល់ជូនក្រុមការងារបន្តពិភាក្សាបន្ថែមទៀត»។
សេចក្តីប្រកាសព័ត៌មាននេះអះអាងថា «កិច្ចប្រជុំនេះបានបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរ ស្របតាមទិសដៅនៃការជំរុញសាមគ្គីភាពក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីលើកកម្ពស់សន្តិសុខប្រកបដោយភាពសុខដុម»។
ក្នុងកិច្ចប្រជុំនេះ ឧត្តមមន្ត្រីការពារជាតិអាស៊ានបានស្តាប់នូវរបាយការណ៍ចំនួន ៣។ ទី ១ គឺរបាយការណ៍កិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOM WG)។ ទី ២ គឺរបាយការណ៍កិច្ចប្រជុំប្រចាំឆ្នាំនៃបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ានលើកទី ១៥ (15 NADI)។ ទី ៣ គឺរបាយការណ៍កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី ១៩ (ACDFM-19)។
ក្រៅពីនេះឧត្តមមន្ត្រីការពារជាតិអាស៊ានក៏បានស្តាប់នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានដែលមានស្រាប់របស់រដ្ឋសមាជិក-អាស៊ានផងដែរ និងបានសម្រេចលើឯកសារសំខាន់ៗចំនួន ៧ ដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានអនុម័តនៅក្នុងខែមិថុនា ឆ្នាំ ២០២២។
ឯកសារទាំង ៧ នោះរួមមាន ទី ១ សេចក្តីព្រាងឯកសារទស្សនទានស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្តាប្រទេសអាស៊ានក្នុងការទប់ស្កាត់ជំងឺរាតត្បាតជំងឺឆ្លងដែន។
ទី ២ ការលើកកម្ពស់យន្តការគាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន។ ទី ៣ ឯកសារទស្សនទាន ស្តីពីការបង្កើតកិច្ចសហការរវាងស្ថាប័នអប់រំយោធាអាស៊ាន។
ចំណែកឯកសារទី ៤ គឺសេចក្តីព្រាងឯកសារពិភាក្សាស្តីពីការលើកកម្ពស់ការចែករំលែកព័ត៌មានរវាងគំនិតផ្តួចផ្តើមការអនុវត្តច្បាប់លម្ហសមុទ្រអាស៊ីអាគ្នេយ៍ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកក្នុងវិស័យសន្តិសុខលម្ហសមុទ្រ ចំណែកឯកសារទី ៥ គឺឯកសារពិភាក្សាស្តីពីការឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រយោធា ដើម្បីលើកកម្ពស់សន្តិភាពជានិរន្តរ៍។
ឯកសារទី ៦ គឺលក្ខខណ្ឌប្រតិបត្តិរបស់មជ្ឈមណ្ឌលឧត្តមភាពព័ត៌មាន សន្តិសុខព័ត៌មានវិទ្យាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងទី ៧ គឺសេចក្តីព្រាងចក្ខុវិស័យ-ភ្នំពេញស្តីពីតួនាទី គ្រឹះស្ថានការពារជាតិក្នុងការគាំទ្រការស្តារឡើងវិញក្រោយជំងឺកូវីដ ១៩។
ឧត្តមមន្ត្រីការពារជាតិអាស៊ានបានសម្រេចលើខ្លឹមសាររបស់សេចក្តីព្រាងសេចក្តីប្រកាសរួម កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ-អាស៊ាន និងបានប្រគល់ជូនក្រុមការងារពិភាក្សាចុងក្រោយលើនីតិវិធីនៃការអនុម័តដោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ។
ឧត្តមមន្ត្រីការពារជាតិអាស៊ានបានឯកភាពគ្នាឱ្យមានកិច្ចប្រជុំក្រៅផ្លូវការចំនួន ៤ ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្នុងខែមិថុនាខាងមុខដែលមានចំនួន ២ និងក្នុងអំឡុងពេលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិក្នុងខែវិច្ឆិកាខាងមុខក៏មានចំនួន ២ ដែរ ដោយអនុលោមតាមឯកសារទស្សនទានស្តីពីការភ្ជាប់ទំនាក់ទំនងរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានជាមួយដៃគូខាងក្រៅ។
ដោយឡែក កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូកដែលបានធ្វើឡើងនៅថ្ងៃទី ១៨ ខែឧសភា បានផ្តោតលើ ៧ វិស័យ រួមមាន ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ, សន្តិសុខលម្ហសមុទ្រ, វេជ្ជសាស្ត្រយោធា, ការប្រឆាំងភេរវកម្ម, ប្រតិបត្តិការរក្សាសន្តិភាព, សកម្មភាពកម្ចាត់មីន ដើម្បីមនុស្សធម៌ និងសន្តិសុខបច្ចេកវិទ្យាព័ត៌មាន។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៨ ខែឧសភាថា លំហាត់លម្ហសមុទ្ររវាងអាស៊ាន-ឥណ្ឌានេះបង្ហាញជំហានមួយកម្រិតទៀតសម្រាប់អាស៊ាន ដើម្បីឱ្យខ្លួនមានភាពរឹងមាំក្នុងការប្រឈមជាមួយអ្នកខាងក្រៅ និងបង្ហាញពីកម្រិតទំនាក់ទំនងស្និទ្ធស្នាលជាមួយបណ្តាប្រទេសនានា ដូចជាឥណ្ឌាជាដើម។
លោកថ្លែងថា៖ «ការដែលអាស៊ានសម្រេចចិត្តនេះវានៅក្នុងកាលៈទេសៈដ៏សមស្របមួយក្នុងការធ្វើឱ្យការការពារជាតិរបស់អាស៊ានកាន់តែខ្លាំង កាន់តែមានភាពប្រសើរឡើងថែមទៀត។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏ខ្ញុំគិតថា អាស៊ានគ្មានលទ្ធភាពទៅរួមកម្លាំងគ្នាខាងយោធានៅក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវពីខាងក្រៅទេ ពីព្រោះថាអាស៊ានក៏មាននិន្នាការមានការគាំទ្រទៅលើមហាអំណាចទៅលើសម្ព័ន្ធភាពផ្សេងៗគ្នាដែរមិនទាន់មានភាពសាមគ្គីមូលធ្លុងមួយដែលអាស៊ានអាចសម្រេចជាឯកច្ឆន្ទនៅក្នុងការការពារសត្រូវរួមអីហ្នឹង»៕