ព្រះវិហារៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងថាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កងកម្លាំងដែលឈរតាមព្រំដែនរវាងកម្ពុជា និងឡាវ បានបំពេញការងារប្រកបដោយជោគជ័យ ហើយលោកក៏បង្ហាញក្តីរំពឹងថា ភាគីទាំង ២ នឹងបន្តទំនាក់ទំនងសហប្រតិបត្តិការកសាងសន្តិភាព និងរួមគ្នាទប់ស្កាត់បទល្មើសនៅតាមព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាព។
ការថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវេទិកាអុំទូក និងសំណង់សិល្បករផ្សេងៗស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ ១ ស្រុកឆែប ខេត្តព្រះវិហារ ជាប់ជាមួយព្រំដែនឡាវ ដោយមានការចូលរួមពីអភិបាលនៃគណៈភិបាលខេត្ត ដែលនៅជាប់ព្រំដែនកម្ពុជា-ឡាវផងដែរ កាលពីថ្ងៃទី ១៧ ខែឧសភា។
ក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេស កម្លាំងដែលបានឈរតាមព្រំដែនរវាងកម្ពុជា និងឡាវ ដែលកន្លងទៅបានបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យធ្វើឱ្យព្រំដែននៃប្រទេសទាំង ២ ដែលមានជាប់ពាក់ព័ន្ធខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរីផង មានសុខសន្តិភាព ទោះបីថាមានបញ្ហាខ្លះតិចតួចក្តី។ លោកថា ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋាភិបាលប្រជាមានិតឡាវបានយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហាបញ្ចប់ ទោះបីនៅសល់បញ្ហាខ្លះដែលត្រូវដោះស្រាយជាមួយគ្នា ប៉ុន្តែឈរលើគោលការណ៍ដោះស្រាយដោយសន្តិវិធី និងមានការស្រុះស្រួលគ្នា។
លោកបញ្ជាក់ថា ដូចនេះបេសកកម្មរបស់កងកម្លាំងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលជាតិ ដែលឈរតាមបន្ទាត់ព្រំដែននេះពិតជាបានរួមចំណែកយ៉ាងសំខាន់ ដែលបង្កលក្ខណសម្បត្តិដល់ប្រជាពលរដ្ឋនៅក្នុងខេត្តដែលមានការពាក់ព័ន្ធរស់នៅ និងប្រកបរបរទទួលទានបានដោយសុខស្រួល។
លោកថ្លែងថា៖ «ខ្ញុំពិតជាមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង ២ នឹងនៅតែបន្តរក្សានូវគោលការណ៍កសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍតទៅទៀត ហើយភាគីទាំង ២ នឹងបន្តដោះស្រាយបញ្ហានានានៅតាមព្រំដែនស្របតាមគោលការណ៍របស់រដ្ឋាភិបាលទាំង ២»។
ជាមួយគ្នានោះ លោក ស ខេង បានថ្លែងអំណរគុណចំពោះខេត្តចម្ប៉ាសាក់ ក៏ដូចជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលតែងតែលើកតម្កល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសខេត្តដែលជាប់ព្រំដែនកម្ពុជា គឺតែងតែយកចិត្តទុកដាក់ ដើម្បីទំនាក់ទំនងសហប្រតិបត្តិការ ការជួបគ្នា ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងនៅតាមព្រំដែន។
រីឯបទល្មើសគ្រឿងញៀននៅតាមព្រំដែនលោកបញ្ជាក់ថា កន្លងមកភាគីទាំង ២ បានរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនក្នុងនោះមានការជួញដូរគ្រឿងញៀន ជាពិសេសគឺគ្រឿងញៀនសំយោគ ដែលខាងមិត្តឡាវ លោកក៏បានខិតខំបង្ក្រាបបានជាច្រើនករណី ហើយកម្ពុជាក៏បានបង្ក្រាបជាច្រើនករណី។
លោកថា៖ «យើងក៏បានឯកភាព គ្នាថា ប្រសិនណាជាគ្មានកិច្ចសហប្រតិបត្តិការនេះទេ នោះគ្រឿងញៀនសំយោគនេះ វាកាន់តែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឡាវ ក៏ដូចជាដល់កម្ពុជាយើងផងដែរ។ អ៊ីចឹងហើយយើងតែងតែរក្សាខ្ជាប់នូវកិច្ចសហប្រតិបត្តិការនេះ មានឆន្ទៈយ៉ាងមោះមុតក្នុងការបន្ត កិច្ចសហការ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននេះ ជាពិសេសចុងក្រោយនេះគឺថា បទល្មើសគ្រឿងញៀនសំយោគដែលគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើប្រាស់យ៉ាងខ្លាំង»។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារថ្លែងថា ជារួម ទំនាក់ទំនងកម្ពុជា-ឡាវ នៅតំបន់នេះមានលក្ខណៈជាច្រកប្រពៃណីប្តូរទំនិញផ្សេងៗជាលក្ខណៈគ្រួសារ និងដោយឡែក សម្រាប់ខេត្តទាំង ២ គឺខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់មានកិច្ចប្រជុំប្រចាំឆ្នាំ ដោយផ្លាស់ប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ ស្តីពីកិច្ចប្រតិបត្តិការលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ច សង្គមកិច្ច។
លោកថ្លែងថា៖ «ក្រៅពីនេះមានកម្រិតថ្នាក់ខេត្ត ដោយខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់ និងកម្រិតថ្នាក់ស្រុកតែងតែរៀបចំនូវពិធីពិព័ណ៍វប្បធម៌ ការប្រកួតកីឡា និងការប្រណាំងទូកមិត្តភាពរួមគ្នាប្រចាំឆ្នាំ ដោយផ្លាស់ប្តូរវេនគ្នា ធ្វើជាម្ចាស់ផ្ទះចាប់ពីឆ្នាំ ២០១៤ មក និងជាបន្តបន្ទាប់មកបានឯកភាពគ្នា ២ ឆ្នាំម្តងវិញ ហើយកម្មវិធី និងកិច្ចប្រជុំទាំងនេះត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារបញ្ហាកូវីដ ១៩»។
លោកអភិបាលខេត្តបន្តថា ប៉ុន្តែឆាប់ៗខាងមុខនេះ ខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់នឹងមានការរៀបចំកិច្ចប្រជុំលើកទី ៩ ស្តីពីកិច្ចសហប្រតិបត្តិការល្អរវាងគ្នា និងគ្នា៕