ភ្នំពេញៈ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​សុខាភិ​បាល​អា​ស៊ាន​លើក​ទី១៥​នាទី​ក្រុង​បាលី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​បាន​ប្រព្រឹត្ត​ឡើង​រយៈ​ពេល​៥​ថ្ងៃ​ក្រោម​មូល​បទ​«ជំរុញ​សមិទ្ធ​ផល​នៃ​ការ​អភិវឌ្ឍសុខ​ភាព​នៅអា​ស៊ាន ​(Adva​ncing ​the​ Ach​ievement​ of ​ASEAN Health Deve​lopment)» បាន​ទទួល​លទ្ធ​ផល​ស​ម្រេច​ចំនួន​ ៥​ ចំណុច ​ក្នុង​នោះ​ក៏មាន​យន្ត​ការ​ទទួល​​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​វិញ្ញាបន​បត្រ​ចាក់​វ៉ាក់​សាំង​ឌីជី​ថល​ផង​ដែរ​។

ទាក់​ទង​នឹង​យន្ត​ការ​ទទួល​ស្គាល់​វិញ្ញា​បន​បត្រ​ចាក់​វ៉ាក់​សាំង​កូ​វីដ​១៩​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សុខាភិ​បាល​កម្ពុជា​ថា​វា​ជា​ការ​ចាំ​បាច់​សម្រាប់​សម្រួល​ដល់​ការ​ធ្វើដំណើរ​​របស់​ប្រជា​ជន​ទូទៅ​នៅ​ក្នុង​តំបន់​។

យោង​តាម​សេចក្តី​ជូន​ព័ត៌​មាន​កាលពី​ថ្ងៃទី​១៨ ខែឧសភា របស់​ក្រសួង​សុខាភិ​បាល​ស្តីពី​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​សុខាភិបា​ល​អាស៊ានបាន​ឱ្យដឹ​ងថា លទ្ធផល​ទី១​គឺបង្កើត​មជ្ឈ​មណ្ឌល​អា​ស៊ាន សម្រាប់​ឆ្លើយ​តប​បញ្ហា​សុខ​ភាព​សា​ធារណៈនិង​ជំងឺ​ឆ្លង​កាច​សាហា​វ​ផ្សេង​ទៀតចំនួន​៣​គឺ​នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី ប្រទេស​ថៃ និង​ប្រទេស​វៀត​ណាម ដែល​មាន​លេខាធិ​ការ​ដ្ឋាន មួយ​នៅ​ប្រទេស​ថៃ​។

ក្រសួង​បាន​បន្ត​ថា ​«ទី២ គឺ​រៀបចំ​យន្ត​ការ​ទទួល​ស្គាល់​គ្នា​ទៅវិញទៅ​មក​វិញ្ញា​បន​បត្រ​ចាក់​វ៉ាក់សាំ​ងឌីជី​ថលដែល​បានផ្តួច​ផ្តើម​ដោយ​ប្រទេស​ឥណ្ឌូ​នេស៊ីនិង​ទី៣ គឺ​ពង្រឹង​កិច្ច​សហប្រ​តិបត្តិការ​លើ​ការការ​ពារ ការ​ត្រៀម​ឆ្លើយ​តបជា​បន្ទាន់ នឹង​រកឱ្យ​ឃើញ​បាន​លឿន​ចំពោះ​បញ្ហា​សុខ​ភាព​សាធារ​ណៈ​បន្ទាន់»។

ចំណែក​លទ្ធ​ផល​ទី​៤ គឺ​ធានា​ការ​ទទួល​បាន​វ៉ាក់សាំង ឱសថ​ព្យាបា​ល ការធ្វើ​រោគ​វិនិច្ឆ័យ និង​កា​រផ្គ​ត់ផ្គង់​វេជ្ជ​សាស្ត្រ​សំខាន់ៗ​សម្រាប់​ត្រៀម​ទប់​ទល់​ឆ្លើយ​តប​ចំពោះ​ការ​រាត​ត្បាត​នានាដែល​អាច​កើត​មាននិង​ចំណុច​ទី៥ ចុង​ក្រោយ​គឺ​ពង្រឹង​កិច្ច​សហ​ការ​ពហុ​ភាគី​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធ​សាស្ត្រ​អាស៊ាន​២០២១​-២០២៥ពិសេសជាមួយ​នឹង​ដៃគូ​សន្ទនា​អា​ស៊ាន​ឱ្យបាន​សម្រេច​ទៅតា​ម​ទិសដៅ​ដែល​បាន​ដាក់​ចេញ​។

លោក​ស្រី ឱ វណ្ណឌី​ន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិ​បាលបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍កាល​ពី​ថ្ងៃទី​១៨ ខែ​ឧសភា ថា ​ការ​ទទួល​ស្គាល់​វិញ្ញាបន​បត្រ​ចាក់​វ៉ាក់​សាំង​កូ​វីដ១៩​ ជា​ការ​ចាំបាច់​ណាស់​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ជន​ទូទៅ​នៅ​ក្នុង​តំបន់​។

លោកស្រី​​បាន​បន្ថែម​ថា​៖«វា​ក៏​ជួយ​ជំរុញ​នូវ​កំណើន​ទេសចរ​តាម​បណ្តា​ប្រទេស​សមា​ជិកនិង​តំបន់ ព្រមទាំង​រួម​ចំណែក​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​សង្គម​ឡើង​វិញ​ផង​ដែរ។កន្លង​មក​កម្ពុជាក៏​បា​ននិង​កំពុង​ធ្វើ​កិច្ចការ​ទទួល​ស្គាល់​នេះ​ជា​ហូរ​ហែ​មក​ហើយ​ដែរ»​។

នៅឯកិច្ចប្រ​ជុំ​នោះ​ក៏មាន​កិច្ចប្រជុំ​ពាក់​ព័ន្ធ​ផងដែរដែល​ក្នុង​នោះ​មាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សុខាភិ​បាល​អាស៊ាន-បូក​៣ លើក​ទី៩ ដែល​មាន​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន ជប៉ុន និង​សាធា​រណរដ្ឋ​កូរ៉េ, កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋម​ន្ត្រី​សុខាភិ​បាល​អាស៊ាន​-ចិនលើក​ទី៨,កិច្ចប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​សុខា​ភិបា​ល​អាស៊ាន​-កូរ៉េ លើក​ទី១ និង​កិច្ច​ប្រជុំ​ពិសេស​ថ្នាក់​រដ្ឋ​មន្ត្រី​សុខាភិ​បាល​អា​ស៊ាន-សហ​រដ្ឋអា​មេរិក​។

កិច្ចប្រ​ជុំ​ពាក់​ព័ន្ធ​ទាំង​នេះបានចេ​ញ​សេច​ក្តីថ្លែង​ការណ៍​រួ​មផ្សេងៗ​គ្នាដោយ​សំដៅលើ​គោល​ដៅ​នៃ​ការ​ការពារ​សុខ​ភាព​សា​ធារ​ណៈ, ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិ​បាល, ការទប់​ស្កាត់​ឱសថ​ក្លែង​ក្លាយ,​ ការឆ្លើយ​តប​បន្ទាន់​នូវ​បញ្ហា​សុខ​ភាព​សា​ធារណៈ, ការ​ពង្រឹង​សមត្ថភា​ព​ធនធានម​នុស្ស និង​ពង្រឹង​ប្រព័ន្ធ​សុខាភិ​បាល​តាម​រយៈ​ការ​គ្រប​ដណ្តប់​សុខាភិ​បាល​ជាស​កល​ផងដែ​រ ពិសេស​ការថែ​ទាំ​សុខ​ភាព​បឋម…។​

យោងតា​ម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិ​បាល​កម្ពុជា​ដដែល​បាន​បញ្ជាក់​ថា«កិច្ចប្រ​ជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​សុខាភិ​បាល​អាស៊ា​ន​លើក​ទី១៥​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​បានប​ញ្ចប់​ដោយ​ជោគជ័យ​​ក្នុង​ស្មារតី​​សាមគ្គី​ភាព​មិត្ត​ភាព​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ចំណោម​ប្រទេស​សមា​ជិក​អា​ស៊ាន​ទាំង​អស់​និង​រវាង​អាស៊ាន​​ជាមួយ​​ប្រទេស​ជា​​ដៃគូ​សន្ទនា​ទាំង​អស់​ផង​ដែរ»​។

​ឥណ្ឌូ​នេស៊ី​ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​ចប់​អាណ​ត្តិ​បាន​ថ្លែងអំ​ណរ​គុណ​ប្រទេស​សមា​ជិក​និង​ដៃគូ​សន្ទនា​ដែល​បាន​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ក្នុង​រយៈ​ពេល​២​ឆ្នាំក​ន្លងមក​ព្រម​ទាំង​ប្រគល់​តួនាទី​ជា​ប្រធា​ន​ប្តូរ​វេន​បន្ត​ទៅឱ្យ​សាធារ​ណរដ្ឋ​ប្រជាធិ​បតេយ​ប្រជាមានិ​ត​ឡាវ​ដែល​នឹងត្រូវ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សុខាភិ​បាល​អាស៊ាន​លើក​ទី១៦​និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នៅ​ទីក្រុង​វៀង​ចន្ទន៍​នៅ​ក្នុងឆ្នាំ២០​២៤ខាង​មុខ៕​