ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា បញ្ជាក់ថា អាស៊ាន និងប្រ៊ីក (BRICS) ក៏ដូចជាសហគមន៍អន្តរជាតិទាំងមូលចាំបាច់ត្រូវខិតខំប្រឹងប្រែងទ្វេដងដើម្បីស្តារឡើងវិញនូវពហុភាគីនិយម ដែលផ្តល់អាទិភាពដល់ការរួបរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា ខណៈបរិបទពិភពលោកកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស មិនច្បាស់លាស់ និងស្មុគស្មាញ ដែលមិនអាចបោះបង់ឬងាកចេញពីយន្តការពហុភាគីនិយមនេះបានទេ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បញ្ជាក់បែបនេះតាមរយៈបទអន្តរាគមន៍ក្នុង «វេទិកាលើកទី២ នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេសប្រ៊ីក (BRICS)» ក្រោមមូលបទ «សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការអភិវឌ្ឍរួម និងអនាគតដ៏ភ្លឺស្វាង» នៅថ្ងៃទី ១៩-២០ ខែឧសភា ឆ្នាំ២០២២នេះ។
លោកបានថ្លែងថា មូលបទវេទិកានាពេលនេះ គឺ «សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការអភិវឌ្ឍរួម និងអនាគតដ៏ភ្លឺស្វាង» គឺពិតជាបានឆ្លើយតបទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមនានាទាំងប្រពៃណី និងមិនប្រពៃណីដែលសហគមន៍អន្តរជាតិកំពុងជួបប្រទះ។
លោកថ្លែងថា៖«ខ្ញុំយល់ថានៅក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស មិនច្បាស់លាស់ និងស្មុគស្មាញនេះ យើងមិនអាចបោះបង់ឬងាកចេញពីយន្តការពហុភាគីនិយមបានទេ ប្រសិនបើយើងពិតជាមានបំណងដោះស្រាយបញ្ហាប្រឈមរួមនាពេលបច្ចុប្បន្ន»។
លោកបន្តថា៖«អាស៊ាន និងប្រ៊ីក (BRICS) ក៏ដូចជាសហគមន៍អន្តរជាតិទាំងមូល ចាំបាច់ត្រូវខិតខំប្រឹងប្រែងទ្វេដង ដើម្បីស្តារឡើងវិញនូវពហុភាគីនិយម ដែលផ្តល់អាទិភាពដល់ការរួបរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា»។
តាមរយៈវេទិកានេះលោកនាយករដ្ឋមន្ដ្រី ស្នើឱ្យអាស៊ាន និងប្រ៊ីក (BRICS) ក៏ដូចជាសហគមន៍អន្តរជាតិទាំងមូលបន្តយកចិត្តទុកដាក់ឱ្យកាន់ខ្លាំងចំពោះប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល និងអនុញ្ញាតឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា។
លោកថ្លែងថា៖«យើងមិនគួររារាំងបណ្ដាប្រទេសនានា ដោយការដាក់ទណ្ឌកម្មឯកតោភាគី ការហ៊ុមព័ទ្ធសេដ្ឋកិច្ចឬប្រើប្រាស់ទណ្ឌកម្មផ្សេងទៀតដែលបំពានលើច្បាប់អន្តរជាតិ ក៏ដូចជាគោលការណ៍ និងគោលបំណងស្នូលដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ»។
ពាក់ព័ន្ធនឹងការស្តារឡើងវិញក្រោយវិបិត្តជំងឺកូវីដ១៩ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងថា អាស៊ាន និងប្រ៊ីក (BRICS) ក៏ដូចជាសហគមន៍អន្តរជាតិទាំងមូល ពិតជាមានភាពចាំបាច់ជំរុញនូវកិច្ចសហការឱ្យបានកាន់តែជិតស្និទ្ធ ដើម្បីធានាថាប្រទេសទាំងអស់ កំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
លោកថ្លែងថា៖«ក្នុងន័យនេះខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកលរបស់ប្រទេសចិន ដែលរួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការខិតខំប្រឹងប្រែងដើម្បីជួយដល់បណ្តាប្រទេសដែលមានការអភិវឌ្ឍទាប ជាពិសេសបណ្ដាប្រទេសទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត»។
ក្នុងនាមប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ដែលមានមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» កម្ពុជារួមជាមួយនឹងបណ្តាប្រទេសសមាជិកជាអាស៊ានផ្សេងទៀត ខិតប្រឹងប្រែងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀតដើម្បីកសាងអនាគតភ្លឺស្វាងជាងមុនសម្រាប់អាស៊ី និងពិភពលោក។
លោថ្លែងថា ប្រទេសទាំងអស់នឹងបង្កើនការខិតខំប្រឹងប្រែងរួមគ្នាឱ្យបានទ្វេដងលើការពង្រឹង នូវភាពជាកណ្ដាល និងភាពធន់របស់អាស៊ាន។ ប្រទេសទាំងអស់ ក៏កំពុងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គំនិតផ្តួចផ្តើម និងវិធានការដែលបានព្រមព្រៀងគ្នារួមមានក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការតភ្ជាប់ទាំងរូបវន្ត និងឌីជីថល, សមត្ថភាព របស់សហគ្រាសធុនតូច និងមធ្យម, និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីបំពេញតម្រូវការនៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។
លោកថ្លែងថា៖«យើងសូមពឹងផ្អែកលើដៃគូរបស់អាស៊ានរួមទាំងប្រទេសប្រ៊ីក (BRICS) ចំពោះការគាំទ្រដើម្បីធានាបាននូវភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំនេះ ដែលនឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងពិភពលោក»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា លើកឡើងថា អ្វីដែលលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន លើកឡើងនេះ គឺបានឆ្លុះបញ្ចាំងអំពីស្ថានភាពបច្ចុប្បន្ន លើបញ្ហាជាច្រើនដែលបាននិងកំពុងកើតឡើង រួមមានវិស័យសន្តិសុខ បញ្ហាបរិស្ថាន ការបម្រែបម្រួលអាកាសធាតុ និងករណីការរាតត្បាតនៃជំងឺកូវីដ១៩ផងដែរ។
លោកថ្លែងថា៖ «បញ្ហាទាំងអស់នេះ គឺសុទ្ធតែត្រូវការនូវសាមគ្គីភាព កិច្ចសហប្រតិបត្ដិការ ក្នុងក្របខ័ណ្ឌពហុភាគីនិយម ដែលប្រទេសទាំងអស់ត្រូវរួមគ្នាក្នុងការដោះស្រាយនូវបញ្ហាដែលជាកង្វល់រួមទាំងអស់គ្នា។ ពីព្រោះបញ្ហាសន្តិសុខក្ដី បញ្ហាបរិស្ថានក្ដី បញ្ហាជំងឺរាតត្បាតកូវីដ១៩ក្ដី វាអត់បានឈប់នៅព្រំដែនណាមួយនៃប្រទេសណាមួយទេ គឺវាមានផលប៉ះពាល់ជាលក្ខណៈសកលតែម្ដង។ ដូច្នេះការជំរុញ លើកកម្ពស់នូវគោលការពហុភាគីនិយមពិតជាមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់ប្រទេសតូច ក៏ដូចជាអង្គការតំបន់នានា គឺជាផ្នែកនៃការជំរុញនូវយន្តការពហុភាគីនិយម»។
លោកលើកឡើងថា ប្រទេសកម្ពុជាជានិច្ចកាល ដើម្បីរក្សានូវសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព គឺចាំបាច់ និងត្រូវការនូវកិច្ចសហប្រតិបត្ដិការជាមួយបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់និងពិភពលោក ហើយចរន្តនៃគោលការពហុភាគីនិយមនេះ បើពិនិត្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហាក់ដូចជាមានការធ្លាក់ចុះបន្ដិច ដោយសារមានការលេចឡើងនូវនិន្នាការឯកតោភាគីនិយម ឬក៏និន្នាការគាំពារនិយម ដែលធ្វើឱ្យប៉ះពាល់ទៅដល់ពាណិជ្ជកម្មសេរី បញ្ហាសន្ដិសុខ និងបញ្ហាផ្សេងទៀតដែលត្រូវការកិច្ចសហប្រតិបត្ដិការទូលំទូលាយ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោក ប៉ា ចន្ទរឿន គត់សម្គាល់ឃើញថាជារឿងល្អ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំពីការយកចិត្ដទុកដាក់ខ្ពស់ចំពោះប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល ហើយបានលើកកម្ពស់ និងឱ្យតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្ដិការ សាមគ្គីភាព ទាំងនៅក្នុងតំបន់ និងពិភពលោកទាំងមូល។
លោកថ្លែងថា៖«នេះគឺជាមធ្យោបាយ និងយុទ្ធសាស្ដ្រដ៏មានប្រសិទ្ធភាព នៅក្នុងការបង្កើនឱកាស សម្រាប់កម្ពុជាក្នុងការសហប្រតិបត្ដិការ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយធានាបាននូវប្រព័ន្ធការពារប្រទេសផងដែរ ក្នុងនាមជាប្រទេសតូចមួយនៅក្នុងតំបន់អាស៊ីអាគ្មេយ៍នេះ»៕