
លោក ហ៊ុន សែន ប្រជុំជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាតាមប្រព័ន្ធវីដេអូស្តីពីការចាក់វ៉ាក់សាំងកូវីដពីថ្ងៃទី ១៨ ឧសភា។ រូបថត SPM
ភ្នំពេញៈ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិន ដ្រា ម៉ូឌី (Narendra Modi) បានបង្ហាញក្តីសប្បាយរីករាយ និងអបអរសាទរចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលប្រទេសនេះមិនមានការរកឃើញករណីឆ្លងមេរោគកូវីដ ១៩ រយៈពេលជាង ១០ ថ្ងៃកន្លងមកនេះ។
នាយករដ្ឋមន្ត្រីឥណ្ឌាលើកឡើងដូចនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១៨ ខែឧសភា នៅភូមិគ្រឹះរបស់លោក ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងពេលសន្ទនានោះដែរ លោក ហ៊ុន សែន ក៏បានអបអរសាទរចំពោះឥណ្ឌាដែលបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងកូវីដ ១៩ ពីការឆ្លងច្រើនរហូតដល់ឆ្លងតិចតួចនៅពេលនេះ។
លោក ហ៊ុន សែន បានអរគុណប្រទេសឥណ្ឌាដែលបានផ្ដល់វ៉ាក់សាំងដល់កម្ពុជា កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ ចំនួន ៣២៥ ០០០ ដូស។ វាជាវ៉ាក់សាំងដែលឆ្លុះបញ្ចាំងពីអ្វីដែលឥណ្ឌាចូលរួមក្នុងសាមគ្គីភាព ហើយធ្វើឱ្យកម្ពុជាទទួលបានជោគជ័យ។
លោកបញ្ជាក់ថា៖ «នៅពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៩៣,៦ ភាគរយនៃចំនួនប្រជាជន ១៦ លាននាក់។ ដូច្នេះដោយសារការចូលរួមចំណែករបស់ប្រទេសឥណ្ឌានេះធ្វើឱ្យប្រទេសកម្ពុជាបានបើកប្រទេសឡើងវិញ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១។ មកដល់ពេលនេះមានរយៈពេល ១១ ថ្ងៃហើយដែលប្រទេសកម្ពុជាមិនមាន ករណីឆ្លងកូវីដ ១៩ ថ្មីៗឡើយ»។
ជាការឆ្លើយតប លោក ណារិនដ្រា ម៉ូឌី បានថ្លែងថា៖ «យើងពិតជារីករាយដែលអាចជួយកម្ពុជាបាន ហើយកម្ពុជាជាប្រទេសទី ១ នៅក្នុងក្របខ័ណ្ឌនេះ ដែលទទួលបានវ៉ាក់សាំងពីប្រទេសឥណ្ឌា ហើយយើងពិតជារីករាយដែលឮថាកម្ពុជាមិនមានករណីឆ្លងកូវីដ ១៩ ក្នុងរយៈពេល ១១ ថ្ងៃមកនេះ។ ជាសមាសភាពរបស់ឥណ្ឌា ដែលខិតខំជំរុញជួយខ្លួនឯងផង និងជួយមនុស្សក្នុងសកលលោកផងដែរ»។
លោក ណារិន ដ្រា ម៉ូឌី ក៏បានបញ្ជាក់ដែរថា នៅពេលនេះ ឥណ្ឌាបានជួយផ្ដល់វ៉ាក់សាំងទៅដល់ប្រមាណ ១០០ ប្រទេស ហើយក៏បានចូលរួមបណ្ដុះបណ្ដាលមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជាប្រមាណជាង ២ ពាន់នាក់ ជាពិសេសនៅក្នុងការបណ្ដុះបណ្ដាលគ្រប់វិស័យខុសៗគ្នា។ រដ្ឋាភិបាលឥណ្ឌាក៏នឹងផ្ដល់អាហារូបករណ៍ចំនួន ១ ០០០ កន្លែងទៀត សម្រាប់វិស័យព័ត៌មានវិទ្យាក្នុងការបណ្ដុះបណ្ដាលប្រជាពលរដ្ឋមកពីប្រទេសអាស៊ាន។
ដោយឡែក គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានជូនដំណឹងពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ ១៩ ដែលចាក់ជូនដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ធីតា)។
សេចក្តីជូនដំណឹងរបស់លោកស្រី ឱ វណ្ណឌីន ប្រធាន គ.វ.ក-១៩ កាលពីថ្ងៃទី ១៨ ខែឧសភា បានឱ្យដឹងថា ការបន្ថែមទីតាំងនេះ ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញ (ទាំងដូសទី ៣ និងដូសទី ៤) ជូន សិស្ស និស្សិត នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លោកស្រីបញ្ជាក់ថា៖ «ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ធីតា) ចំនួន ៤០០ នាក់នឹងចាប់ផ្តើមចាក់ដល់សិស្ស និស្សិត នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ តទៅ»។
គួរបញ្ជាក់ដែរថា ក្នុងជំនួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A កាលពីថ្ងៃទី ៣ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់សិស្សានុសិស្ស និស្សិតទាំងអស់នៅទូទាំងប្រទេសទៅជាក្រុមអាទិភាពនៃការទទួលវ៉ាក់សាំង បន្ទាប់ពីមន្ត្រីរាជការ គ្រូបង្រៀន បុគ្គលិកសុខាភិបាល និងកម្លាំងប្រដាប់អាវុធដែលហៅថាក្រុមអាទិភាពជួរមុខ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «មុននេះ ខ្ញុំបានប្រកាសត្រឹមតែមុខសញ្ញាពាក់ព័ន្ធជាមួយនឹងមន្ត្រីរាជការ គ្រូបង្រៀនទេ ហើយនិងកម្លាំងប្រដាប់អាវុធ ដែលហៅថា ក្រុមអាទិភាពជួរមុខ។ ឥឡូវដើម្បីធានាសុវត្ថិភាពជូនដល់សិស្សានុសិស្ស កុមារា កុមារី របស់យើង គឺត្រូវដាក់ចូលក្នុងដំណើរការអាទិភាពនៃការទទួលបានការចាក់វ៉ាក់សាំង»។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០២២ លទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់ គឺមានចំនួន ៩៣,៨៣% បានចាក់វ៉ាក់សាំង។ ចំពោះអត្រាចាក់ដូសទី ៣ មានជាង ៩ លាននាក់ និងដូសទី ៤ បានជាង ២ លាននាក់៕