ភ្នំពេញៈ កិច្ចប្រជុំរកដំណោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ជាលើកទី ១១ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១៨ ឧសភា នៅតែមិនទាន់ទទួលលទ្ធផលវិជ្ជមាន ដោយសារភាគីទាំង ២ នៅរក្សាជំហររៀងខ្លួន ដោយមិនទាន់ឈានដល់ចំណុចសម្បទានឱ្យគ្នានៅឡើយ។
ក្រសួងការងារ បន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយ ដើម្បីឱ្យភាគីទាំង ២ សម្បទានគ្នាទៅវិញទៅមក ឈានដល់បញ្ចប់ជម្លោះ ដែលអូសបន្លាយជិតកន្លះឆ្នាំមកនេះ។ ប៉ុន្តែ កិច្ចប្រជុំជាលើក ទី ១១ ភាគីទាំង ២ នៅតែមិនទាន់រកចំណុចរួមនៅឡើយទេ។ រីឯក្រសួងការងារ ក៏បានកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០២២ ដើម្បីឱ្យភាគីទាំង ២ មានឱកាសពិចារណាឡើងវិញពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមក ដែលអាចឈានទៅបញ្ចប់វិវាទនេះ។
សេចក្តីជូនដំណឹងស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី ១៨ ឧសភា ឱ្យដឹងថា សម្រាប់ មតិរបស់សហជីព និងតំណាងភាគីកម្មករនិយោជិតនៅរក្សាជំហរដដែល ដោយស្នើឱ្យកម្មករនិយោជិត ២០០ នាក់ ដែលបានបញ្ឈប់ពីការងាររួមចូលធ្វើការងារ និងធ្វើការដោះដូរជាមួយកម្មករ-និយោជិតដែលកំពុងបម្រើការងារហើយស្ម័គ្រចិត្តលាឈប់ជំនួសប្រហែល ៣០០ នាក់ និងធ្វើការខែទី ១ ចំនួន ៥០% និងខែទី ២ ចំនួន ៧០% រហូតដល់មានវេនធ្វើការងារពេញវិញ។
សហជីពបន្តសំណូមពរក្រសួងការងារផ្តល់លិខិតរបស់អធិការការងារស្តីពីការឯកភាពលើការបញ្ឈប់ពីការងាររួមរបស់កម្មករ-និយោជិត ១ ៣២៩ នាក់ ក្នុងនោះមានថ្នាក់ដឹកនាំសហជីព ប្រតិភូបុគ្គលិក សកម្មជន និងសមាជិកសហជីពនាពេលកន្លងមក។ ស្នើសុំបើកការិយាល័យសហជីពនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញឡើងវិញ ដើម្បីធ្វើការទំនាក់ទំនងការងារវិញ ដោយសារម្ចាស់ផ្ទះនៅតែបន្តទាមទារប្រាក់ជួលផ្ទះដែលមានម៉ូតូ និងសម្ភារផ្សេងៗនៅក្នុងនោះ និងស្នើសុំទម្លាក់រាល់បទចោទទាំងអស់ដល់ថ្នាក់ដឹកនាំ និងសមាជិកដែលត្រូវបានចោទប្រកាន់។
ចំណែកមតិរបស់តំណាងក្រុមហ៊ុនណាហ្គាវើលដ៍បានបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងកិច្ចប្រជុំលើកមុន គឺក្រុមហ៊ុននៅរក្សាជំហរដដែលនឹងមិនទទួលយកកម្មករនិយោជិតដែលបានបញ្ឈប់ពីការងាររួមចំនួន ២០០ នាក់ឱ្យចូលធ្វើការវិញឡើយ។ ក្រុមហ៊ុនឱ្យដឹងថា ក្នុងចំណោម ២០០ នាក់នោះ គឺនៅសល់តែ ១៩០ នាក់ប៉ុណ្ណោះមិនទាន់មកទទួលយកកញ្ចប់បញ្ចប់កិច្ចសន្យាដោយការព្រមព្រៀង រីឯ ១០ នាក់ទៀតបានព្រមទទួលយកដំណោះស្រាយ។
កិច្ចប្រជុំកន្លងមក តំណាងក្រុមហ៊ុនឱ្យដឹងថា៖ «ចំនួនបុគ្គលិកដែលកំពុងបំពេញការងារនៅតែលើសពីចំនួនតម្រូវការជាក់ស្តែង។ ចំពោះ ការជ្រើសរើសបុគ្គលិកថ្មី គឺសម្រាប់បំពេញតំណែងនៅក្នុងផ្នែកផ្សេងជំនួសបុគ្គលិកដែលបានលាឈប់កន្លងមក ហើយជាតួនាទី និងផ្នែក ដែលមិនត្រូវបានកាត់បន្ថយ ដូចជា ផ្នែកព័ត៌មានវិទ្យា (IT) ឬផ្នែកជំនាញកាមេរ៉ាជាដើម»។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស របស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ថ្លែងថា ដំណោះស្រាយនឹងមិនអាចមានទេ បើសិនជានិយោជកនៅប្រកាន់ជំហរមិនទទួលយកថ្នាក់ដឹកនាំសហជីព ឬអតីតបុគ្គលិកក្នុងចំនួនណាមួយនោះ។
លោកថា៖ «ដំណោះស្រាយ លុះណានិយោជកគាត់មានការសម្បទានក្នុងក្របខ័ណ្ឌដែលអាចពិនិត្យពិចារណាក្នុងការទទួលថ្នាក់ដឹកនាំ ឬសកម្មជនសហជីពមួយចំនួនក្នុងចំណោមបុគ្គលិក កម្មករ និយោជិត ដែលត្រូវបានបញ្ឈប់។ បើគាត់សម្បទានបែបនេះ ខ្ញុំគិតថា បញ្ហានេះគឺអាចដោះស្រាយបាន»។ លោកថា ម្យ៉ាងទៀត ក្នុងវិវាទនេះ បើភាគីទាំង ២ មិនសម្បទានគ្នាទៅវិញទៅមក លុះណា អ្នកមានឥទ្ធិពល ឬមានអំណាចចេញមកអន្តរាគមន៍ទើបអាចរកដំណោះស្រាយបាន។
លោកបញ្ជាក់ថា៖ «ឧទាហរណ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីធ្វើការសម្របសម្រួល ឬអំពាវនាវ។ ខ្ញុំគិតថា រឿងនេះនឹងត្រូវបានដោះស្រាយ ព្រោះអីមកដល់ពេលនេះក្រសួងការងារ យើងអាចនិយាយបានគាត់មិនមានឥទ្ធិពលក្នុងការបង្គាប់បង្ខំបានទេ គឺនៅដដែល»។
ក្រសួងបញ្ជាក់ថា ទោះបីជាមិនទាន់មានការឯកភាពគ្នាក៏ក្រសួងនឹងបន្តខិតខំសម្របសម្រួល និងកំណត់ពេលប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីកំណត់ដោយច្បាប់ក៏ដូចជាការទាមទាររបស់គូភាគី។ ជាថ្មីទៀត ក្រសួងស្នើឱ្យភាគី ទាំង ២ មានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយ៕