ព្រះវិហារៈ អាជ្ញាធរ​ជាតិ​ព្រះវិហារ​នៅ​ថ្ងៃទី​ ២០ ខែឧសភា បាន​ប្រទះឃើញ​បំណែក​ឧបករណ៍​ប្រើប្រាស់​ជា​លោហៈ (​ថូ ឬ​ក្អម​) នៅក្បែរ​ប្រាសាទតូច​នៅ​ជើងភ្នំ​ប្រាសាទ​ព្រះវិហារ​ក្នុង​តំបន់​ការពារ​ទី​ ២ រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​។ នេះ​បើ​យោងតាម​អាជ្ញាធរ​ជាតិ​ព្រះវិហារ​។

អាជ្ញាធរ​ជាតិ​ព្រះវិហារ​បានឱ្យដឹង​តាមរយៈ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ២០ ខែឧសភា ថា វត្ថុ​សិល្បៈ​ជា​ឧបករណ៍​អំពី​លោហៈ​ដែល​ប្រទះឃើញ​នេះ​មាន​បំណែក ក មាន​ទំហំ ៦ ​សង់ទីម៉ែត្រ​គុណ​នឹង​ ១១​ សង់ទីម៉ែត្រ និង​បំណែក​តួខ្លួន​មាន​កម្ពស់ ១២ ​សង់ទីម៉ែត្រ​។

ប្រភព​ដដែល​បន្តថា នៅលើ​បំណែក​តួខ្លួន​មាន​ចារ​អក្សរ​មួយ​បន្ទាត់​ដែល​តាម​អ្នកជំនាញ​ភាសាវិទ្យា​បានកំណត់​ថា​ជា​អក្សរ​សិ្ថត​នៅ​ចុង​សតវត្សរ៍​ទី​ ១២ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ័ន្ម​ទី​ ៧ ដែលជា​វត្ថុ​ជា​ដង្វាយ​ចំពោះ​ទេព​ភៃសជ្យគុរុ ដែលមាន​តម្កល់​នៅក្នុង​អរោគ្យ​សាលា ឬ​ប្រាសាទតូច​ដែលជា​ហោ​បន់ស្រន់​របស់​មន្ទីរពេទ្យ​។

អាជ្ញាធរ​ជាតិ​ព្រះវិហារ​បញ្ជាក់ថា​៖ «​ការប្រទះ​ឃើញ​នូវ​ឧបករណ៍​អំពី​លោហៈ​ខាងលើ​គឺជា​ទិន្នន័យ​មួយ​យ៉ាងសំខាន់​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​អំពី​អរោគ្យ​សាលា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​បន្ថែមទៀត ក៏​ដើម្បី​រក្សាទុក និង​តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​ធម្មជាតិ​សាកល​សម្តេច​តេជោ ហ៊ុន សែន ព្រះវិហារ​»៕