កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ សម្រាប់គម្រោងពង្រឹងសុខភាពមាតា និងទារកនៅខេត្តភាគឦសាននៃប្រទេសកម្ពុជាត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) រួមជាមួយក្រសួងសុខាភិបាលនាថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ នេះ។
យោងតាមទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) បានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក នោ ហ្យន់ជូន (Hyunjun RHO) នាយកប្រចាំប្រទេសនៃការិយាល័យ កយការ នៅកម្ពុជា និងលោក ហុក គឹមឆេង អគ្គនាយកក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះក៏មានការចូលរួមពីសមាជិកគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិទាំងអស់ដូចជាមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី និងរតនគិរី មជ្ឈមណ្ឌលជាតិគាំពារសុខភាពមាតា មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មកចែករំលែកព័ត៌មាន និងប្រមូលធាតុចូលលើការអនុវត្តគម្រោង និងលើកផែនការអនុវត្តន៍បន្ត។
បើតាម កយកា គោលបំណងនៃកិច្ចប្រជុំគឺដើម្បីចែករំលែកព័ត៌មានអំពីសកម្មភាពគម្រោង និងដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធសម្រាប់ផែនការអនាគតនៃការអនុវត្តគម្រោង។
កយកា បានលើកឡើងថា ការអនុវត្តគម្រោងរយៈពេល ៣ ឆ្នាំកន្លងមកនេះ គម្រោងបានធ្វើឱ្យល្អប្រសើរឡើងនូវការត្រៀមលក្ខណៈផ្តល់សេវារបស់មូលដ្ឋានសុខាភិបាល តាមរយៈការគាំទ្រការកសាងសមត្ថភាពដល់បុគ្គលិកសុខាភិបាល ការផ្តល់សម្ភារបរិក្ខារពេទ្យដល់មូលដ្ឋានសុខាភិបាល ខណៈការសាងសង់អគារសុខភាពមាតា និងទារកទាំង ៥ និងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗ។
លើសពីនេះ លទ្ធភាពទទួលបានសេវារបស់សហគមន៍ក៏ត្រូវបានធ្វើឱ្យល្អប្រសើរឡើងផងដែរតាមរយៈការពង្រឹងប្រព័ន្ធផ្ទេរអ្នកជំងឺជាមួយនឹងការផ្តល់នូវរថយន្តសង្គ្រោះបន្ទាន់ កាណូត និងការបង្កើនការយល់ដឹងរបស់សហគមន៍រួមជាមួយនឹងសកម្មភាពផ្សព្វផ្សាយនៅតាមតំបន់ដាច់ស្រយាល៕