កោះកុងៈ កូនអណ្តើកហ្លួងចំនួន ៣០ ក្បាលបានញាស់ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សិប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងកាលពីសប្តាហ៍កន្លងទៅ ហើយនេះគឺជាលើកទី ២ ហើយ ដែលអណ្តើកហ្លួងចិញ្ចឹមក្នុងមជ្ឈមណ្ឌលនេះបានពងកូន។ នេះបើតាមការបញ្ជាក់ពីអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS)។
អង្គការ WCS បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ២០ ខែឧសភាថា៖ «ក្នុងរដូវពងកូនឆ្នាំ ២០២២ នេះ ក្រុមអណ្ដើកហ្លួងចិញ្ចឹមសម្រាប់បង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ពងបានចំនួន ៩ សម្បុក ស្មើ ៨១ ពង ហើយញាស់បានចំនួន ៣០ កូន បើប្រៀបធៀបទៅនឹងរដូវពងកូន ឆ្នាំ ២០២១ គឺញាស់បានតែមួយក្បាលគត់ក្នុងចំណោមពង ៥ សម្បុកដែលមាន ៧១ ពង»។
អង្គការ WCS បន្តថា ស្របពេលជាមួយគ្នាដែរ មេអណ្តើកចិញ្ចឹមចំនួន ២ ក្បាលនៅឯមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ដែលជាមជ្ឈមណ្ឌលថែរក្សា និងបង្កាត់ពូជសត្វកម្រទី ២ និងជាដៃគូរបស់អង្គការ WCS ពងបាន ២ សម្បុក (ស្មើ ១៦ ពង)។ ក៏ប៉ុន្តែ ញាស់បានតែមួយក្បាលប៉ុណ្ណោះ ហើយកូនអណ្តើកនោះបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។ ដូច្នេះកូនអណ្តើកហ្លួងញាស់បានក្នុងរដូវពងកូនឆ្នាំនេះសរុបមានចំនួន ៣១ ក្បាល៕