កំពតៈ អង្គការដែលធ្វើការអភិរក្សសត្វស្លាប និងអាជ្ញាធរមូលដ្ឋាន រួមទាំងសហគមន៍ សាធារណជន និងអ្នកពាក់ព័ន្ធផ្សេងទៀតជាង ៣០០នាក់ នៃស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៩ ខែឧសភា បានប្រារព្ធទិវាសត្វក្រៀលលើកទី៥ នៅតំបន់ការពារទេសភាពអន្លង់ព្រីង ដើម្បីលើកកម្ពស់ការចូលរួមអភិរក្សសត្វក្រៀលដែលកំពុងរងគ្រោះឈានទៅផុតពូជ។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងតាមរយៈហ្វេសប៊ុកនាថ្ងៃទី២០ ខែឧសភា ថា៖ «ទិវានេះត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមអបអរសាទរទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក និងលើកកម្ពស់ការចូលរួមអភិរក្សសត្វក្រៀលដែលកំពុងរងគ្រោះឈានទៅផុតពូជ»។
លោក ឃឹម សាម៊ី អភិបាលរងស្រុកកំពង់ត្រាច បានថ្លែងថា តំបន់ការពារទេសភាពអន្លង់ព្រីង មានសារៈសំខាន់ណាស់សម្រាប់គាំទ្រដល់ជីវភាពរបស់ប្រជាសហគមន៍ ផ្តល់ទីជម្រក និងប្រភពចំណីអាហារដល់សត្វស្លាបទឹក ជាពិសេស សត្វក្រៀលដែលមានតម្លៃ «វិសេសវិសាលមិនអាចកាត់ថ្លៃបាន»។
លោកបានប្តេជ្ញាចិត្តចូលរួមថែរក្សានិងការពារតំបន់ដីសើមដែលមាននៅក្នុងភូមិសាស្ត្រ ឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស នៃស្រុកកំពង់ត្រាច ឱ្យក្លាយជាទីជម្រកដែលអាចគាំទ្រដល់ការរស់នៅរបស់សត្វក្រៀល ដើម្បីជាប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយ។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបញ្ជាក់ថា ពិធីនេះក៏មានការសម្តែងរឿងខ្លីស្តីពី «ការយល់ដឹងពីតំបន់ការពារទេសភាពអន្លង់ព្រីង និងសត្វក្រៀល» ការប្រកួតគំនូរស្តីពីសត្វក្រៀលនិងទីជម្រករបស់វា និងការរត់ម៉ារ៉ាតុងចម្ងាយ ១ គីឡូម៉ែត្រដើម្បីបរិស្ថាននិងសត្វក្រៀល។
កម្មវិធីនេះក៏មានការជិះកង់កាត់ភូមិចម្ងាយ ៤ គីឡូម៉ែត្រ ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃតំបន់ដីសើម និងលើកកម្ពស់ការគ្រប់គ្រងសំណល់គីមីកសិកម្មឱ្យបានត្រឹមត្រូវ។
ក្នុងពេលជិះកង់ជាក្រុមនេះ សារសំឡេងស្តីពីការទុកដាក់សំណល់គីមីកសិកម្មឱ្យបានត្រឹមត្រូវក្នុងលូស្តុកតាមវាលស្រែជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង បានចាក់បន្លឺឡើងសម្រាប់ផ្សព្វផ្សាយដល់ប្រជាសហគមន៍ដែលមានគេហដ្ឋាននៅតាមដងផ្លូវ។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបញ្ជាក់ថា អ្នកពាក់ព័ន្ធដែលចូលរួមពិធីនេះបានប្តេជ្ញាចិត្តធ្វើឱ្យតំបន់អន្លង់ព្រីង ក្លាយជាតំបន់ទេសភាពមេត្រីភាពសត្វក្រៀល៕