ភ្នំពេញៈ រដ្ឋមន្រ្តីដឹកជញ្ជូនចំនួន ៦៣ ប្រទេសនៃវេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) បានបោះឆ្នោតជាឯកច្ឆន្ទដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកទី៦៤ នៃ ITF នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៩ ខែឧសភា។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ថ្លែងក្នុងកិច្ចប្រជុំកំពូលនេះថា វាជាមោទនភាពយ៉ាងខ្លាំងចំពោះកម្ពុជាដែលត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤ នៃ ITF នេះ ហើយវាក៏ជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្មនៅប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានក្រសួងសាធារណការបានដកស្រង់សំដីលោកថា៖ «ការចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិនេះ បានផ្តល់ឱកាសឱ្យប្រទេសកម្ពុជាទទួលបាន និងចែករំលែកចំណេះដឹង និងបទពិសោធល្អៗ ជាមួយបណ្តាប្រទេសជាសមាជិកទាំងអស់ ជាទុនដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនកម្ពុជា ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាប័ន្ន»។
លោក ឡេង ធនយុទ្ធា បន្តថា កម្ពុជានឹងទទួលបាននូវការគាំទ្រពីប្រទេសជាសមាជិក និងលេខាធិការដ្ឋាននៃអង្គការ ITF នេះ ទាំងក្នុងក្របខ័ណ្ឌបច្ចេកទេស និងក្របខ័ណ្ឌគោលនយោបាយ ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្មនៅកម្ពុជា។
ក្រសួងសាធារណការកម្ពុជាបានដកស្រង់សំដីលោក Young Tae Kim អគ្គលេខាធិការនៃ ITF ថា កម្ពុជាជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានចូលជាសមាជិកវេទិកានេះ ដោយប្រកាសស្វាគមន៍ប្រទេសកម្ពុជាជាសមាជិករបស់ ITF ហើយលោកសង្ឃឹមថា ប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងចូលរួមជាសមាជិក ITF ផងដែរ។
លោកត្រូវបានដកស្រង់សំដីថា៖«ITF បានត្រៀមខ្លួនជាស្រេចក្នុងការជួយប្រទេសកម្ពុជា ក្នុងការកសាងគោលនយោបាយដឹកជញ្ជូន និងភ័ស្តុភារកម្ម ដើម្បីសម្រេចគោលដៅរបស់ខ្លួនដូចមានចែងនៅក្នុងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្ម»៕