
ទិដ្ឋភាពអគារនៅខេត្តព្រះសីហនុដែលមានករណីដាច់ខ្សែយោងស្លាប់និងរបួសមនុស្សកាលពីថ្ងៃទី ២០ ខែឧសភា។ រូបថត សហការី
ព្រះសីហនុៈ កម្មករសំណង់ចំនួន ៤ នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនមកមន្ទីរពេទ្យព្រះកុសុមៈរាជធានីភ្នំពេញ ដោយសារឧប្បត្តិហេតុដាច់ខ្សែយោងជណ្តើរយន្តពីកម្ពស់
១៥ជាន់មកក្រោម ខណៈអាជ្ញាធរកំពុងស្វែងរកម្ចាស់អគារនិងម្ចាស់ម៉ៅការសំណង់ ដើម្បីសាកសួររកអ្នកទទួលត្រូវ។
ហេតុការណ៍នេះ បានកើនឡើងកាលពីព្រឹកថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២២ នៅការដ្ឋានមួយកន្លែងដែលកំពុងសាងសង់ មានទីតាំងស្ថិតនៅផ្លូវសេតេក្នុងក្រុមទី១១ ភូមិ ២ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ។ ឧប្បត្តិហេតុនេះបានបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ក្រោយពីបញ្ចូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ខណៈកម្មករម្នាក់ត្រូវបានបញ្ជូនមកមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា អគារដែលកំពុងសាងសង់នោះមានម្ចាស់ជនជាតិខ្មែរសាងសង់បានកម្ពស់១៩ជាន់ដែលអគារនេះគ្រោងសាងសង់កម្ពស់២១ជាន់សម្រាប់ធ្វើជាខុនដូ។ លោកបន្តថា ក្រោយឧប្បត្តិហេតុនេះសមត្ថកិច្ចបានឃាត់ខ្លួនមេការម្នាក់ប្រចាំនៅទីនោះដើម្បីសួរនាំពាក់ព័ន្ធការគ្រប់គ្រងអគារនេះ។
លោកថា៖«យើងបានសាកសួរមេការក៏ជនជាតិខ្មែរហើយឥឡូវនេះយើងកំពុងបន្តទៅតាមជំនាញដើម្បីរកម្ចាស់អគារនិងម្ចាស់ម៉ៅការមកសួរនាំបន្ថែមដើម្បីរកពីមូលហេតុឱ្យបានច្បាស់លាស់អំពីការគ្រប់គ្រងពាក់ព័ន្ធធ្វើការងារ នៅក្នុងឧប្បត្តិនោះហេតុ ព្រោះយើងចង់រកឱ្យឃើញអ្នកទទួលខុសត្រូវ»។
យ៉ាងណាក៏ដោយ លោកមិនទាន់ប្រាប់បន្ថែមនូវព័ត៌មានលម្អិតបានទេ ខណៈសមត្ថកិច្ចនៃស្នងការដ្ឋានខេត្តកំពុងសហការធ្វើការងារជាមួយជំនាញពាក់ព័ន្ធសួរនាំបន្តទៀតទៅតាមជំនាញរៀងៗខ្លួន។
ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុលោក យ៉ូវ ខេមរា បានថ្លែងថា ក្នុងកិច្ចការងារនេះមន្ទីរការងារបានសហការជាមួយរដ្ឋបាលខេត្តនិងកម្លាំងជំនាញចុះអង្កេតដល់កន្លែងកើតហេតុ។លោកបន្តថា ជាបឋមរកឃើញមូលហេតុ ដែលបណ្តាលឱ្យដាច់ខ្សែយោងជណ្តើរយន្តនោះ គឺដោយសារផ្ទុកលើសទម្ងន់ ។
លោកថា៖«ដោយសារជណ្តើរយោងនោះលើសបន្ទុក បើយោងតាមច្បាប់គេអត់ឱ្យមនុស្សជិះទេ គេឱ្យដាក់តែសម្ភារទេ ប៉ុន្តែក្នុងឧប្បត្តិហេតុនោះ គាត់ផ្ទុកស៊ីម៉ងមួយចំនួនធំហើយ គាត់ជិះនៅលើនោះទៀតទើបវាដាច់ខ្សែយោង ហើយគាត់ជិះរហូតដល់ជាន់ទី១៥ ទើបដាច់ខ្សែ»។
លោកបានឱ្យដឹងថា ដោយសារទីកន្លែងដែលកំពុងសាងសង់នោះមិនបានចុះបញ្ជីបេឡាជាតិសន្តិសុខសង្គម(បសស)ដូច្នេះការទទួលខុសត្រូវជាបន្ទុករបស់ម្ចាស់អគារជាអ្នករ៉ាប់រង។
លោកថា៖«បើកាលណាបានចុះបញ្ជីនៅ(បសស)គឺបសសជាអ្នកធានារ៉ាប់រងលើការស្លាប់និងអ្នករបួស នូវអ្វីដែលជាអត្ថប្រយោជន៍ផ្សេងៗដែលគាត់នឹងទទួលបាន។ប៉ុន្តែគាត់អត់ចុះបញ្ជីគឺម្ចាស់អគារនោះគាត់ជាអ្នកទទួលខុសត្រូវជាមួយបងប្អូនកម្មករដែលជួបគ្រោះថ្នាក់នៅចំពោះមុខច្បាប់»។
យ៉ាងនេះក្តី លោកថា លោកកំពុងបន្តសម្របសម្រួលដោះស្រាយផ្តល់សំណងដល់ជនរងគ្រោះ ហើយលទ្ធផលយ៉ាងណានោះមិនទាន់ចេញជាផ្លូវការទេ ព្រោះភាគីពាក់ព័ន្ធកំពុងបន្តធ្វើការងារនេះ។
លោកថា៖«ពេលខ្លះដោះស្រាយក្រៅប្រព័ន្ធ អាចបានអត្ថប្រយោជន៍ច្រើនជាង ជាបទពសោធដែលបានដោះស្រាយកន្លងមកក្រៅប្រព័ន្ធច្បាប់ជោគជ័យច្រើនមានន័យថាទទួលលទ្ធផលល្អជាងច្បាប់ដោយអ្នកខ្លះទទួលបាន៥ពាន់ដុល្លារទៅ២ម៉ឺនដុល្លារទៅតាមស្ថានភាពជាក់ស្តែង ប៉ុន្តែបើដោះស្រាយតាមច្បាប់បានប្រហែល៥លានរៀល»។
លោកឱ្យដឹងទៀតថា ដោយឡែកកម្មករម្នាក់ទៀតដែលនៅរស់រានមានជីវិត ត្រូវបានបញ្ជូនមកមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)នៅរាជធានីភ្នំពេញ ដោយសារមានស្ថានភាពធ្ងន់ធ្ងរ។
លោក យ៉ូវ ខេមរា ឱ្យដឹងថា ក្នុងឆ្នាំ ២០២២ មានឧប្បត្តិហេតុចំនួន២ករណីនៅខេត្តព្រះសីហនុ ដោយករណីទី១ កើតឡើងនៅក្នុងអំឡុងខែមករា ករណីឆក់ខ្សែភ្លើងបណ្តាលឱ្យស្លាប់ម្នាក់ ហើយករណីទី២គឺដាច់ខ្សែយោងជណ្តើរយន្ត។ លោកបន្តថា ករណីដាច់ខ្សែយោងនេះមិនដែលកើតឡើងនៅខេត្តព្រះសីហនុទេ ប៉ុន្តែធ្លាប់មានម្តងកើតឡើងនៅរាជធានីភ្នំពេញ។
សូមជម្រាបថា កម្មករសំណង់ ៤នាក់ ដែលស្លាប់នោះ ប្រុស ៣នាក់ និងស្រីម្នាក់ ដោយកម្មករខ្លះមានស្រុកកំណើតនៅខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ និងមកពីខេត្តតាកែវ។ រីឯកម្មករម្នាក់ទៀតដែលត្រូវបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ភេទប្រុស មានស្រុកកំណើតនៅខេត្តកពង់ឆ្នាំង៕