ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា ថ្មីៗ​នេះ កម្ពុជា​-​វៀតណាម បាន​ឯកភាពគ្នា​លើ​ខ្សែ​បន្ទាន់​ព្រំដែន​ចំនួន​៦​ភាគរយ​ទៀត ដែល​ធ្វើឱ្យ​ការបោះបង្គោល​ព្រំដែន​នឹង​សម្រេចបាន ៩០​ភាគរយ នាពេល​ខាងមុខនេះ​ស្របពេល​កម្ពុជា​កំពុង​ព​ន្លឿ​ន​បញ្ចប់​ការបោះបង្គោល​ព្រំដែន​ដែល​នៅ​សេសសល់​។​

ក្នុងជំនួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​រស់នៅ​ទ្វីបអឺរ៉ុប នាទី​ក្រុង​ហ្សូ​រិ​ក ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​២១​ខែឧសភា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហើប​ឱ្យដឹងថា បច្ចុប្បន្ន​ការបោះបង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​សម្រេចបាន ៨៤​ ភាគរយ ខណៈ ៦​ ភាគរយ​ទៀត ភាគី​ទាំង ២​ បាន​ឯកភាព​រួចហើយ​។

លោក​គូសបញ្ជាក់ថា​៖« ថ្ងៃមុន​ខ្ញុំ​បាន​និយាយ​ជាមួយ បងប្អូន​ខ្មែរ​នៅ​អាមេរិក ព្រោះ​ពេល​ហ្នឹង​ជួប​នាយករដ្ឋមន្ត្រី​វៀតណាម នៅ​វ៉ាស៊ីនតោន ថា​យើង​បាន​បោះបង្គោល​ព្រំដែន​បាន​៨៤​ភាគរយ នៅសល់​១៦​ភាគរយ​ទៀត ប៉ុន្ដែ​ថ្មីៗ​នេះ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ បាន​ព្រមព្រៀងគ្នា​លើ​៦​ភាគរយ​ទៀត ។ ខាង​វៀតណាម​គេ​សុំ​យោបល់​ខាង​វៀតណាម ខាង​កម្ពុជា​សុំ​យោ​លប​ល់​កម្ពុជា ខាង​កម្ពុជា​ងាយ​នោះទេ​ដោយសារ​បញ្ហា​ស្ថិតនៅក្នុង​ការគ្រប់គ្រង ព្រោះ​ខ្ញុំ​ជា​ប្រធាន​អាជ្ញាធរ​ព្រំដែន​តែម្តង​»​។​

លោក​ឱ្យដឹងទៀតថា ពាក់ព័ន្ធ​កិច្ចការ​ព្រំដែន​នេះ លោក​ក៏​អញ្ជើញ​នាយករដ្ឋមន្ដ្រី​វៀតណាម​មក​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​អាច​នឹង​ចុះហត្ថលេខា​លើ​៦​ភាគរយ​នេះ​ផងដែរ​។​

លោក​ដាក់​ជា​ចម្ងល់​ថា​« បងប្អូន​សួរ​មើល បើ​គង់តែ​ឱ្យ​ដី​គេ​ដដែល ចាំ​ទៅ​ចរចា​ធ្វើ​នាំ​ហត់​ធ្វើ​អី យក​ម្តង​ប៉ុន្មាន​ភាគរយៗ ម៉េច​ក៏​មិន​ឱ្យគេ​តែម្តងទៅ គេ​ទារ​ប៉ុន្មាន​ឱ្យគេ​ប៉ុណ្ណឹង​ទៅ​ចាំបាច់​ទៅ​ចរចា​ធ្វើ​អី និយាយ​ឱ្យ​យុត្តិធម៌​»​។

លោក​ក៏បាន​សង្កត់ធ្ងន់ថា ៖« ខ្ញុំ​គ្មាន​សិទ្ធិ​យក​ដី​ខ្មែរ​សូម្បី​មួយ​មី​លី​ម៉ែត្រ ឱ្យ​ប្រទេស​ណា​ទេ បើ​ដី​នៅ​ស្រុក​ខ្មែរ​ជា​ដីចំការ​របស់ខ្ញុំ ខ្ញុំ​អាច​កាត់​ឱ្យបាន​ព្រោះ​ជា​កម្មសិទ្ធិ​របស់ខ្ញុំ ប៉ុន្តែ​សម្រាប់​ប្រទេស​នឹង​ប្រទេស​គឺ​អត់​ទេ​»​។​

លោក ហ៊ុន សែន ក៏បាន​រម្លឹកថា កម្ពុជា និង​វៀតណាម​បាន​ឯកភាពគ្នា​ស្នើសុំ​អ្នកជំនាញការ​បារាំង​ឱ្យទៅជួយ​ផ្ទេរ​ផែនទី ពី​ផែនទី​ខ្នាត​១/១០០ ០០០​មក​ផែនទី UTM ខ្នាត​១/៥០ ០០០ ដើម្បីឱ្យ​ច្បាស់លាស់​ងាយស្រួល​ក្នុងការ​បោះបង្គោល​ព្រំដែន​។​

ស្រប​ពល​ជាមួយគ្នានេះ លោក​បាន​បញ្ជាក់ថា ក្រោយ​បញ្ចប់សង្គ្រាម​ឆ្នាំ ​១៩៩៨ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលដៅ​២​សំខាន់ ទី​១ ប្រែក្លាយ​ដី​អតីត​សមរភូមិ​សង្គ្រាម ទៅជា​តំបន់​ការអភិវឌ្ឍ និង​ទី​២ ប្រែក្លាយ​ខ្សែ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ទាំងអស់ ឱ្យទៅ​ជាមួយ​ព្រំដែន​សន្ដិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។

លោក​ថា​៖« បច្ចុប្បន្ននេះ​គោលដៅ​ទី​១ បានសម្រេច​រហូត​ទៅដល់​៩៥​ភាគរយ ដែល​ប្រែក្លាយ​ពី​តំបន់​អតីត​សមរភូមិ ឱ្យទៅជា​តំបន់​អភិវឌ្ឍន៍ ហើយ​៥​ភាគរយ​ដែល​នៅសល់ គឺជា​តំបន់​ដែលមាន​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ មិន​ហ៊ាន​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បង្កបង្កើនផល​ទេ ដែល​យើង​កំពុងដោះមីន​សព្វថ្ងៃនេះ ប្រទេស​ស្វី​ស​ក៏​ជួយ​យើង​ក្នុងការ​ដោះមីន​»។

លោកនាយក​រដ្ឋ​ម​ន្រី្ត​បន្តទៀតថា ពិតមែន​ការដោះស្រាយ នៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម កម្ពុជា​-​ថៃ កម្ពុជា​-​ឡាវ មិនទាន់​ដាច់ស្រេច​អស់ ប៉ុន្តែ​យើង​ដោះស្រាយ​ជាមួយ​ឡាវ បាន ៨៦​ភាគយ សល់ ១៤​ភាគរយ ដោះស្រាយ​ជាមួយ​វៀ​ណា​ម​បាន ៨៤​ភាគរយ សល់ ១៦​ភាគរយ ហើយ​ឥឡូវ​ឯកភាពគ្នា​បាន ៦​ភាគរយ​ទៀត​។ រីឯ​នៅ​ថៃ​ភាគី​ទាំងពីរ បាន​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ដើម្បី​បន្ត​លើ​រឿងនេះ​។

យ៉ាងនេះ​ក្តី​លោក​គូសបញ្ជាក់ថា៖« យើង​មិន​ទុកឱ្យ​បញ្ហា​នេះ​ក្លាយទៅជា​ចំណាប់ខ្មាំង​នៃ​ការធ្វើ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​រវាង​ប្រទេស ប្រជាជន​និង​ប្រជាជន​នោះទេ»​។

អនុប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​លោកស្រី កុយ ពិសី ប្រាប់​ភ្នំពេញ​នៅ​ថ្ងៃទី ២២ ខែឧសភា​នេះ​ថា ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​លើ​ការបោះបង្គោល​ព្រំដែន​៦​ភាគរយ​រួច ហើយ​រង់ចាំតែ​ឯកសារ​ជា​ផ្លូវការ​ពី​ភាគី​វៀតណាម​ប៉ុណ្ណោះ​។

លោកស្រី​ថា​៖« ៦​ភាគរយ​នេះ​មានន័យថា​យើង​ឯកភាពគ្នា​លើ​ខ្សែ​ព្រំដែន​ហើយ ប៉ុន្តែ​យើង​ត្រូវ​ទៅ​បោះបង្គោល​ខ័​ណ​សីមា​លើ ៦​ភាគរយ​នោះ​។ យើង​មិនទាន់​កំណត់​កាលបរិច្ឆេទ​ចុះបោះ​បង្គោល​ពេលណា​ទេ ដោយសារ​កម្ពុជា បានដាក់​ស្នើ​ទៅខាង​ភាគី​វៀតណាម​ថា បើសិនជា​ឯកភាពគ្នា​ចឹ​ង​ហើយ សូម​បញ្ជូន​ក្រុម​ជំនាញ​ចំណុះ​ទាំងពីរ​ទៅ​បោះបង្គោល ប៉ុន្តែ​គេ​មិនទាន់​ឆ្លើយតប​យើង​ពេលវេលា​ជាក់ស្តែង​»​។

លោកស្រី​បន្តថា​៖«​អ្វីដែល​យើង​ពិបាក​ត្រង់​ថា​យើង​មិនទាន់​ឯកភាពគ្នា​លើ​ខ្សែ​ព្រំដែន ប៉ុន្តែ​បើ​យើង​ឯកភាពគ្នា​ហើយ ការអនុវត្ត​វា​មិនយូរ​ទេ បើសិនជា​អាការ​ធាតុ​ល្អ ព្រោះ​យើង​ដឹង​ហើយ​នៅ​ខេត្តរតនគិរី​និង​មណ្ឌលគិរី ភាគច្រើន​តំបន់ភ្នំ​ហើយ​ការធ្វើ​វា​ពិបាក​ដែរ បើតាម​ប្រទេស​ខ្លះ​នៅ​ខែ​វស្សា​គេ​អត់​ធ្វើ​ទេ​»​។​

លោកស្រី​បន្តថា ការបោះបង្គោល​ព្រំដែន ៦​ភាគរយ​ទៀត​នោះ​ស្ថិ​នៅ ខេត្តស្វាយរៀង ខេត្តតាកែវ រតនគិរី និង​ខេត្តមណ្ឌលគិរី​។​

លោកស្រី កុយ ពិសី បាន​ពន្យល់ថា ៖«​នៅសល់ ១០​ភាគរយ​ទៀត​នោះ​ជា​តំបន់​ស្មុគស្មាញ បើ​និយាយថា​កំណត់ពេល​វេលា​បញ្ច​ប់​បោះបង្គោល ១០០​ ភាគរយ​នោះ មិនទាន់​បានទេ​ពីព្រោះ​សូម្បីតែ​យើង​ចុះហត្ថលេខា​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ ២០០៥ សម្តេច​តេ​ជោ ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម បាន​ឯកភាពគ្នា​បញ្ចប់​នៅ​ឆ្នាំ ២០០៨ រហូតដល់ ២០១២ ដល់ ២០១៨ ឥឡូវនេះ​ឆ្នាំ ២០២២​ហើយ​មិនទាន់​ចប់​ទេ​។ អ៊ីចឹង​យើង​ធ្វើ​ម្តង​បន្តិចៗ យើង​អត់​អាច​កំណត់ថា​លឿន​កម្រិតណា​ទេ ដោយសារតែ​យើង​ដឹង​ស្រាប់​ហើយ​បូរណភាព​ទឹកដី​វា​មិន​អាចធ្វើ​លឿនៗ​ដូច​យើង​ចង់​បានទេ ត្រូវការ​ជជែក​ទៅ​ជជែក​មក​ពេលខ្លះ រឿង​ដដែល​យើង​ជជែក​គ្នា​៥​ដង​មិនទាន់​ចប់​ផង​»៕

វីដេអូ៖