ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ លោក កើត រិទ្ធ បានណែនាំដល់មន្ត្រីរាជការទាំងអស់ដែលបម្រើការងារនៅតាមសាលាជម្រះក្តីត្រូវពង្រឹងវិន័យការងារ និងក្រមសីលធម៌ ក្នុងវិស័យយុត្តិធម៌ ដោយអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពធនធានមនុស្ស ខណៈក្រសួងកំណត់យកឆ្នាំ ២០២២ នេះជាឆ្នាំពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យយុត្តិធម៌។
លោក កើត រិទ្ធ បានណែនាំបែបនេះក្នុងពេលធ្វើជាអធិបតី ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការរបស់លោក ជុំ ស ប្រធានសាលាដំបូង ខេត្តបាត់ដំបង ជំនួស លោក ជា វណ្ណៈ ដែលត្រូវបានផ្ទេរមុខតំណែងទៅជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំវិញពីថ្ងៃទី ២០ ឧសភា។
លោកបានថ្លែងការតែងតាំង ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចរបស់ចៅក្រមព្រះរាជអាជ្ញា គឺជារឿងធម្មតាក្នុងអាជីពជាចៅក្រមព្រះរាជអាជ្ញាក្នុងគោលបំណង ដើម្បីធានាឱ្យមានកិច្ចដំណើរការការងារកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយភាពមិនលម្អៀង ភាពត្រឹមត្រូវ និងភាពយុត្តិធម៌។
ជាមួយគ្នានេះ លោក កើត រិទ្ធ បានណែនាំ និងផ្តាំផ្ញើដល់លោក ជុំ ស ដែលត្រូវចូលកាន់តំណែងថ្មី និងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់ដែលបម្រើការងារនៅតាមសាលាជម្រះក្តីផ្សេងទៀតនៅទូទាំងប្រទេស ត្រូវពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យយុត្តិធម៌ តាមរយៈការអនុវត្តឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់នូវវិធានការវិន័យនានា ស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។
លោកថ្លែងថា៖ «ចាប់ពីឆ្នាំ ២០២២ នេះតទៅ ក្រសួងយុត្តិធម៌កំណត់យកឆ្នាំ ២០២២ នេះ ជាឆ្នាំពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យយុត្តិធម៌ សំដៅបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត»។
ក្រសួងយុត្តិធម៌នឹងយកចិត្តទុកដាក់ខ្ពស់លើការផ្តល់ការលើកទឹកចិត្តនានា ជាពិសេសការតែងតាំងក្នុងមុខតំណែងទទួលខុសត្រូវនានានៅក្នុងវិស័យយុត្តិធម៌តាមរយៈការលើកកម្ពស់ការអនុវត្តគោលការណ៍គុណាធិបតេយ្យ ចំពោះមន្ត្រីរាជការ និងមន្ត្រីតុលាការណាដែលខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីបុរេសកម្មមានការទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុង។
លោកបានណែនាំមន្ត្រីរាជការទាំងអស់ ដែលបម្រើការងារនៅតាមសាលាជម្រះក្តីត្រូវអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវអនាគតិ នៅពេលជំនុំជម្រះរឿងក្តី សំដៅធានាឱ្យបាននូវភាពយុត្តិធម៌ ត្រឹមត្រូវជូនប្រជាពលរដ្ឋ ដោយវៀរចាកនូវអគតិធម៌ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ ដូចដែលចៅក្រមព្រះរាជអាជ្ញាទាំងអស់បានធ្វើសច្ចាប្រណិធាននៅមុនពេលខ្លួនចូលកាន់មុខតំណែង។
លោកបញ្ជាក់ថា៖ «ចៅក្រមព្រះរាជអាជ្ញាទាំងអស់ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ទាំងក្នុងពេលបំពេញការងារទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបានក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌»។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏បានណែនាំឱ្យសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពធនធានមនុស្សតាមរយៈការពង្រឹងលើការងារស្រាវជ្រាវ ការរៀបចំជាសិក្ខាសាលាវគ្គបណ្តុះបណ្តាល ឬកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធថ្មីៗដល់មន្ត្រីរាជការនៅក្រោមឱវាទរបស់ខ្លួន។ លោកបន្តថា៖ «ចៅក្រមទាំងអស់ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកា ព្រមទាំងលើកកម្ពស់គុណភាពនៃការសម្រេចសេចក្តីរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ យល់ឃើញថា ការណែនាំរបស់លោក កើត រិទ្ធ ជារឿងល្អក្នុងការពង្រឹងប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌ ព្រោះកន្លងមកប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌ត្រូវបានរងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរពីសហគមន៍ជាតិ និងអន្តរជាតិថាមិនទាន់មានភាពឯករាជ្យ។
លោកលើកជាឧទាហរណ៍ថា ដូចជាតំណាងសហគមន៍ដីធ្លីដែលទទួលរងគ្រោះដីធ្លី ហើយពួកគាត់បានប្រើសិទ្ធិស្របច្បាប់ ដើម្បីការពារផ្ទះសំបែង និងដីធ្លីរបស់ពួកគាត់ តែត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនតាមបណ្តឹងរបស់ក្រុមហ៊ុន ឬអ្នកមានឥទ្ធិពល និងមានលុយដោយមិនមានមូលដ្ឋាន និងភ័ស្តុតាងគ្រប់គ្រាន់ ដែលនាំឱ្យពួកគាត់ស្រែកពីរឿងអយុត្តិធម៌។
ករណីសកម្មជនការពារបរិស្ថាន សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនការងារសង្គម និងសកម្មជននយោបាយមួយចំនួនដែលត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនមួយចំនួន ក៏ត្រូវទទួលរងនូវការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ថាការចោទប្រកាន់គ្មានមូលដ្ឋាន និងភ័ស្តុតាងគ្រប់គ្រាន់ផងដែរ។ លោក សំអាត បញ្ជាក់ថា ក្រៅពីនេះគឺមានការលើកឡើងពីសាធារណជនមួយចំនួនពីបញ្ហាក្រមសីលធម៌វិជ្ជាជីវៈតុលាការ និងភាពមិនប្រក្រតីជាដើម។
លោកថ្លែងថា៖ «ដូច្នេះលោកគាំទ្រនូវការណែនាំ និងការតាំងចិត្តរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងការពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យតុលាការ ដើម្បីធ្វើឱ្យមានជំនឿទុកចិត្តពីប្រជាពលរដ្ឋ ធានាភាពស្មើគ្នាចំពោះមុខច្បាប់ តម្លាភាព និងយុត្តិធម៌ជូនអ្នករងគ្រោះ ភាគីពាក់ព័ន្ធ និងយុត្តិធម៌ក្នុងសង្គមទៅតាមគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ»៕