ភ្នំពេញៈ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី ២១ ខែ​ឧសភា គណបក្ស​នយោបាយ​នានា​បាន​ធ្វើការ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ក្នុង​ការផ្តល់​សេវា​ជូន​ពលរដ្ឋ​ និង​ការអភិវឌ្ឍ​ឃុំ សង្កាត់ ដើម្បី​ទាក់ទាញ​ការគាំទ្រ ខណៈ​ដែល​ការឃោសនា​នៅ​ថ្ងៃ​ដំបូង​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​អំពើហិង្សា មាន​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ល្អ​។

តាមរយៈ​សារ​ជា​លិខិត​នៅ​ថ្ងៃទី​ ២១ ខែឧសភា ដែលជា​ថ្ងៃ​បើក​យុទ្ធនា​ការឃោសនា​បោះឆ្នោត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា​ប្តេជ្ញា​នឹង​ជួយ​ជនក្រីក្រ និង​ងាយ​រងគ្រោះ និង​អភិវឌ្ឍ​ឃុំ សង្កាត់​ឱ្យ​កាន់តែ​រីកចម្រើន​ ដើម្បី​ឆ្លើយតប​ផលប្រយោជន៍​របស់​ប្រជាជន​នៅ​មូលដ្ឋាន ហើយ​អំពាវនាវ​ដល់​ប្រជាជន​ឱ្យ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២​។

លោក​មាន​ប្រសាសន៍​ថា​៖ «​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដូច​ខ្លួន​ខ្ញុំ​ផ្ទាល់ សូម​ប្តេជ្ញា​ចំពោះមុខ​ប្រជាជន​ថា គណបក្ស​នឹង​អនុវត្ត​គោលនយោបាយ​របស់ខ្លួន​ឱ្យបាន​ជោគជ័យ​ ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​ឱ្យបាន​រឹងមាំ លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ បង្កើន​កិច្ច​គាំពារ​សង្គម​ជួយ​ជនក្រីក្រ និង​ងាយ​រងគ្រោះ និង​អភិវឌ្ឍ​ឃុំ សង្កាត់​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង ដែល​ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា និង​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​របស់​ប្រជាជន​គ្រប់ៗ​រូប​នៅ​គ្រប់​មូលដ្ឋាន​»​។

លោក​បន្តថា​៖ «​សូម​បងប្អូន ជនរួមជាតិ ដែល​បានឃើញ​ច្បាស់​រួចហើយ​នូវ​សកម្មភាព សមិទ្ធផល និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ទៅ​បោះឆ្នោត និង​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​ទេវតា​បាចផ្កា ជា​សញ្ញា​សម្គាល់​ឱ្យបាន​គ្រប់គ្នា​កុំបី​ខាន​នៅតាម​ការិយាល័យ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់ របស់​បងប្អូន​»​។

លោក ហ៊ុន សែន លើកឡើង​ថា ការអនុវត្ត​គោលនយោបាយ​ ដើម្បី​អភិវឌ្ឍ​ឃុំ សង្កាត់ ឆ្នាំ​ ២០១៧-២០២២ ​បានទទួល​លទ្ធផល​ដ៏ល្អប្រសើរ​ដែល​ធ្វើឱ្យ​គ្រប់​ឃុំ សង្កាត់ សុទ្ធតែ​មានការ​ប្រែប្រួល​ថ្មី​។ ភូមិ ឃុំ សង្កាត់​កាន់តែ​មាន​សុវត្ថិភាព​ជីវភាព​ប្រជាជន​កាន់តែ​បាន​លើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ចាក់ឫស​កាន់តែ​ជ្រៅ​ក្នុង​មូលដ្ឋាន ហើយ​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​ត្រូវបាន​គោរព និង​ការពារ​យ៉ាង​ម៉ឺងម៉ាត់​។

លោក​ថា​៖ «​ប្រជាជន​គ្រប់ៗ​រូប​បានទទួល​ផលប្រយោជន៍​ពី​គោលនយោបាយ​អភិវឌ្ឍន៍ ឃុំ សង្កាត់​ទាំង​ក្នុងការ​បង្កើត និង​ពង្រីក​មុខរបរ និង​ការងារ ការជំរុញ​វិស័យ​កសិកម្ម ការមិន​យកពន្ធ​លើ​ជី​កសិកម្ម​ដែល​បង្កបង្កើន​ផល​ជា​លក្ខណៈ​គ្រួសារ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ក្នុង​ឃុំ​សង្កាត់ ការពង្រឹង​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ការប្រើប្រាស់​ទឹកស្អាត និង​ថាមពល​អគ្គិសនី​»​។

លោក​បន្តថា ក្នុងពេល​ប្រទេស​កម្ពុជា​ត្រូវ​រងគ្រោះ​ដោយ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ប្រជាជន​នៅ​គ្រប់​មូលដ្ឋាន​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ដោយ​ឥត​គិតថ្លៃ និង​បានទទួល​ការជួយ​គាំពារ និង​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ទាន់ពេលវេលា ដែល​បាន​ការពារ​អាយុជីវិត​ប្រជាជន និង​ធ្វើឱ្យ​ជីវភាព​ប្រជាជន​មាន​លំនឹង និង​ប្រកបមុខរបរ​បាន​ជាធម្មតា​។

លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​កំពុង​រស់នៅ​យ៉ាង​សុខសាន្ត​ក្រោម​ម្លប់​នៃ​សន្តិភាព និង​ការឯកភាព​ជាតិ ហើយ​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ខិតខំ​អស់ពី​កម្លាំង​កាយ កម្លាំងចិត្ត​ ដើម្បី​អភិវឌ្ឍ​សង្គមជាតិ និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់ខ្លួន​»​។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទ្វីប​អឺរ៉ុប​ក្នុង​ទីក្រុង​ហ្ស៊ូរិច (Zurich) ប្រទេស​ស្វ៊ីស នា​យប់​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ២១ ខែឧសភា ក្នុង​ឱកាស​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ២០២២ ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក លោក ហ៊ុន សែន ថ្លែងថា យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​នៅ​ថ្ងៃទី​ ១ ​បាន​ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី​។

លោក​បន្តថា នេះ​គឺជា​ផ្នែក​ដែល​កម្ពុជា​ធ្វើការ​បោះឆ្នោត​ជា​ទៀងទាត់​ដោយ​មិនចាំបាច់​មាន​ប្រទេស​ណា ឬ​អ្នកណា​មក​ប្រដៅ​កម្ពុជា​នោះទេ​ ព្រោះ​ច្បាប់​កម្ពុជា​បានកំណត់​រួចទៅហើយ​។ ចំពោះ​ការសម្រេចចិត្ត​បោះឆ្នោតឱ្យ​គណបក្ស​នយោបាយ​ណា​នោះ​គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្នុង​ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។ រូប សហការី

លោក​បញ្ជាក់ថា​៖ «​ក្នុងឋានៈ​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស ខ្ញុំ​ក៏​ចង់​ឈ្នះ​ដែរ ក៏ប៉ុន្តែ​ឈ្នះ​យ៉ាងណា​ក៏ដោយ សុំ​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង គឺ​រក្សា​នូវ​ភាពថ្លៃថ្នូរ កុំ​ធ្វើ​អ្វី​ដែលមាន​ចរិត​ជា​ហិង្សា​ ឬ​ការគំរាមកំហែង​ឱ្យសោះ​។ ប្រទេស​របស់​យើង​វា​លំបាក​ពេក​ហើយ ល្មម​ប៉ុណ្ណឹង​បាន​ហើយ​។ យក​គោលនយោបាយ​ទៅ​ធ្វើការ​ប្រកួតប្រជែង​គ្នា​ជាជាង​ជេរ​គ្នា​។ ខ្ញុំ​ក៏​ចេះ​ជេរ​ដែរ សាកល្បង​មើល​! ជេរ​ដូច​រន្ទះបាញ់​អ៊ីចឹង​! សំឡេង​ហ្ន​! តែ​អារឿង​ដែល​ខ្ញុំ​ត្រូវ​ជេរ​អាហ្នឹង​វា​រឿង​ផ្សេង​»​។

ជាមួយ​គ្នានេះ នៅក្នុង​ការហែក្បួន​របស់​គណបក្ស​ភ្លើងទៀន​នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ​ដែរ ​គណបក្ស​នេះ​បាន​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ ៧ ​ចំណុច ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ដោយ​ទី​ ១ គោរព​សិទ្ធិ​អំណាច​ពលរដ្ឋ​, ២ ការផ្តល់ សេវាសាធារណៈ មិន​រើសអើង​ពី​និន្នាការ​, ៣ ការពង្រឹង​សេវា​សន្តិសុខ​, ៤ ការអភិវឌ្ឍ​មូលដ្ឋាន​, ៥ ផ្តល់​សេវា​ប្រឹក្សា​យោបល់​លើ​ការខ្ចីប្រាក់​, ៦ ការផ្តល់សេវា​សុខាភិបាល និង​ទី​ ៧ ការសិក្សា​អប់រំ​។ លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ថ្លែង​ទៅកាន់​អ្នកគាំទ្រ​របស់លោក​កាលពី​ថ្ងៃ​ទី​ ២១ ខែឧសភា​ថា ការហែ​ក្បួន​ឃោសនា​របស់​គណបក្ស​នឹងត្រូវ​ធ្វើជា​គំរូ​ដល់​គណបក្ស​ផ្សេងទៀត និង​ប្រកបដោយ​សន្តិវិធី បើទោះបី​មាន​គេ​អុចអាល់​ឱ្យមាន​ជម្លោះ​នៅក្នុង​ពេល​ហែ​ក្បួន​ក៏ដោយ​ក៏​គណបក្ស​ភ្លើងទៀន​ត្រូវតែ​អំណត់ និង​ទទួលខុសត្រូវ​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​ទទួល​បាន​ជោគជ័យ ហើយ​ជោគជ័យ​របស់​គណបក្ស​ភ្លើងទៀន គឺជា​ជោគជ័យ​របស់​ខ្មែរ​ទាំងអស់​គ្នា​។ ឈ្នះ​ខ្មែរ​ទាំងអស់​គ្នា ទាល់តែ​គណបក្ស​នយោបាយ​ដូច​គណបក្ស​ភ្លើងទៀន​យក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ ដើម្បី​បម្រើ​ខ្មែរ​ទាំងអស់​គ្នា ទើប​កម្ពុជា​របស់​យើង​ទទួល​បាន​សុខសន្តិភាព​ពិតប្រាកដ​»​។

លោក​ ឡឹក សុធារ​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២២ ខែឧសភា​ថា នៅ​ថ្ងៃទី​ ១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បានចាប់ផ្តើម​ឃោសនា​តាម​រូបភាព​ផ្សេងៗ​ដូចជា​ការហែក្បួន​ការឃោសនា​ជា​ក្រុម​តូចៗ ការចែក​ខិត្តប័ណ្ណ​ស្តីពី​គោលនយោបាយ ស​ ៥ (​សេដ្ឋកិច្ច សុខាភិបាល សិក្សាធិការ សង្គមកិច្ច និង​សេវា​សាធារណៈ​) និង​ការចង​បដា​ផ្សព្វផ្សាយ​។

លោក​ថ្លែងថា​៖ «​យើង​នឹង​បង្កើន​សកម្មភាព​ឃោសនា​បន្ថែមទៀត ជាពិសេស​ការជួប​ជា​ក្រុម​តូចៗ​ក្នុងការ​ពន្យល់​ពី​គោលនយោបាយ ស​ ៥​ ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់​ជូន​ប្រជាពលរដ្ឋ​ថា តាម​មូលដ្ឋាន​។ បោះឆ្នោត​ជូន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​ទទួលបាន​មេឃុំ​/​ចៅសង្កាត់​ជា​មនុស្ស​ដែលមាន ស​ ៣ សមត្ថភាព សកម្មភាព និង​សុចរិតភាព​»​។

ចំណែក​លោក ពេជ្យ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ថ្លែង​តាមរយៈ​ហ្វេសប៊ុក​ក្នុងជំនួប​ជាមួយ​អ្នកគាំទ្រ​នៅ​ថ្ងៃទី ២២ ឧសភា ថា គោលនយោបាយ​គណបក្ស​យុវជន​កម្ពុជា​ក្នុង​ចំណោម​គោលនយោបាយ​ផ្សេងទៀត គឺ បើក​វេទិកា​សាធារណៈ​រៀងរាល់​ ១ ​ខែម្តង​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​នៅក្នុង​មូលដ្ឋាន ឃុំ សង្កាត់​។ ការរៀបចំ​ឱ្យ​វេទិកា​សាធារណៈ​នេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ និង​មេឃុំ​/​ចៅសង្កាត់ យល់​ពី​គ្នា​ទៅវិញ​ទៅមក ដើម្បី​ឈាន​ទៅរក​ការអភិវឌ្ឍ ខណៈ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​បានតែ​រអ៊ូ​នៅតាម​ផ្ទះ​ និង​នៅតាម​មូលដ្ឋាន​ដោយ​មិនដឹង​ទៅប្រាប់​អ្នកណា និង​ពេលខ្លះ ប្រជាពលរដ្ឋ​រៃអង្គាស​លុយ​ ដើម្បី​អភិវឌ្ឍ​ផ្លូវ ប៉ុន្តែ​គេ​មិន​ឱ្យធ្វើ​ថែមទៀត​។

លោក​ថ្លែងថា​៖ «​ដូច្នេះ ខ្ញុំ​គិតថា បើ​ម្ចាស់ឆ្នោត និង​មេឃុំ​អត់​ជួបគ្នា​ក្នុង​ ១ ​ខែម្តង​ទេ​អត់​អាច​ស្វែងយល់​ពីគ្នា​បានទេ បងប្អូន​ជួប​មេឃុំ​នៅក្នុង​វេទិកា បងប្អូន អាច​លើកយក​បញ្ហា​ដែល​បងប្អូន​កើតមាន និង​បងប្អូន​ចង់បាន ស្នើសុំ​មេឃុំ​ផ្ទាល់ ហ៊ាន​និយាយ​ជាមួយ​មេឃុំ​ប្រចាំខែ ហ៊ាន​ថា ឱ្យ​មេឃុំ ដែល​នេះ គឺជា​គោលការណ៍​សំខាន់​»​។

លោក ហង់ ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គជប​) ​ប្រាប់​ភ្នំពេញ​- ប៉ុស្តិ៍​ថា ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្ស​នយោបាយ​ទាំង​ ១៧ ដែល​បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​បាន​ធ្វើ​សកម្មភាព​ឃោសនា​បោះឆ្នោត​ទៅតាម​លទ្ធភាព និង​សមត្ថភាព​របស់ខ្លួន​នៅតាម​ឃុំ សង្កាត់ ដែល​ខ្លួន​ឈរឈ្មោះ​បោះឆ្នោត​។

លោក​ថា​៖ «​ជារួម​ដោយសារ​មាន​កិច្ចសហការ​ល្អ​ពី​សំណាក់​អាជ្ញាធរ​ដែនដី​ជាមួយ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​តាម​លំដាប់ថ្នាក់​ និង​គណបក្ស​នយោបាយ​ផង​នោះ​ដំណើរការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​នៅ​ថ្ងៃ​ដំបូង​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​អំពើហិង្សា​មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ និង​ពុំមាន​បាតុភាព​ណាមួយ​កើតឡើង​គួរឱ្យ​កត់សម្គាល់​ឡើយ​»៕

វីដេអូ៖