ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អំពាវនាវ​ដល់​ជនរួមជាតិ​នៅ​ទូទាំង​ប្រទេស​រក្សា​សន្តិភាព​ឱ្យបាន​គង់វង្ស​ក្នុង​ការកសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ ដើម្បី​កុំឱ្យ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅថា របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត វិលត្រឡប់​មកវិញ​។

លោក​លើកឡើង​ដូចនេះ​នៅ​ថ្ងៃទី​ ២០ ខែឧសភា ជា​ថ្ងៃ​រំឭក​ទិវា​ជាតិ​នៃ​ការចងចាំ ដែល​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​ចងចាំ​មិនអាច​បំភ្លេចបាន​នូវ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ​(១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជា​របប​ដ៏ឃោរឃៅ និង​ខ្មៅ​ងងឹត​។

ទិវា​នេះ​ជាការ​រំឭក​ទៅដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ជាង​ ៣ ​លាន​នាក់ ដែល​បាន​ស្លាប់​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។ ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​ដោយ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិសេរីភាព និង​គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូម្បីតែ​សិទ្ធិ​រស់រាន​មាន​ជីវិត ដែលជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​។

លោក​ ហ៊ុន សែន បានបញ្ជាក់​​ថា​៖ «​ដើម្បី​កុំឱ្យ​របប​នេះ​វិល​ត្រឡប់​មកវិញ យើង​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យបាន​គង់វង្ស ពីព្រោះ​សន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់យ៉ាង​ក្នុង​ការកសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខទៀត​»​។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​បន្តថា ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលប់​បានដឹង និង​បាន​យល់ច្បាស់​អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏ជូរចត់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លងកាត់​ជិត​ ៣ ​ទសវត្សរ៍​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម និង​ទឹកភ្នែក​។ ការកាប់​សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀស​ចេញពី​លំនៅ​របស់ខ្លួន​ដោយ​បង្ខំ និង​ការបង្ខំ​ឱ្យ​ធ្វើការ​ដូច​សត្វ​ធាតុ​ជាដើម​។

ជាមួយ​គ្នានេះ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ​ក៏បាន​លើកឡើង​ដែរ​ថា ថ្ងៃទី​ ២០ ឧសភា ជា​ទិវា​ជាតិ​នៃ​ការចងចាំ ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏ល្វីង​ជូរចត់ ដែល​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​បាន​ចងចាំ​មិនអាច​បំភ្លេចបាន​នូវ​ការឈឺចាប់​មួយ​នេះ​។

លោក​បញ្ជាក់ថា​៖ «​ទិវា​ជាតិ​នៃ​ការចងចាំ យើង​សូម​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ ជាង​ ៣ ​លាន​នាក់​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​របប​ប្រល័យ​ពូជសាសន៍​ និង​ ដើម្បី​ដាស់តឿន ទប់ស្កាត់​ ដើម្បី​កុំឱ្យ​របប​ខ្មៅ​ងងឹត​នេះ​កើតមាន​នៅលើ​មាតុភូមិ​របស់​យើង​ម្តងទៀត​»​។

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ក៏បាន​រៀបចំ​កិច្ច​សូត្រមន្ត បង្សុកូល និង​កម្មវិធី​ផ្សព្វផ្សាយ​ពី​គម្រោង «​ចងក្រង​ប្រវត្តិរូប​ជនរងគ្រោះ​នៅ​មន្ទីរ​ ស​-២១» ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ និង​ជាការ​រួមចំណែក​កសាង​ការចងចាំ​ពី​សោកនាដកម្ម​លើ​ជនរងគ្រោះ​នៅ​អតីត​មន្ទីរ​ស-២១​។

យោងតាម​គេហទំព័រ​របស់​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង បាន​លើកឡើង​ថា ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា គឺ​រំឭក​ដល់​ថ្ងៃ​ដែល​ខ្មែរក្រហម​បាន​ដាក់ចេញ​នូវ​ផែនការ​សហករណ៍​នៅតាម​តំបន់​រំដោះ​ដែល​ខ្លួន​គ្រប់គ្រង ដោយ​ចាប់ផ្ដើម​នៅ​ថ្ងៃទី​ ២០ ខែឧសភា ឆ្នាំ ១៩៧៣ និង​បាន​អនុវត្ត​នៅ​ទូទាំងប្រទេស​នៅ​អំឡុង​ឆ្នាំ ​១៩៧៥-១៩៧៩​។

នៅ​ឆ្នាំ​ ១៩៨៣ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បានអនុម័ត​កំណត់​យក​ថ្ងៃទី​ ២០ ខែឧសភា ជា «​ទិវា ចង​កំហឹង​» ដើម្បី រំឭក​ដល់​ការឈឺចាប់​ខ្លោចផ្សា ការថ្កោលទោស​លើ​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ព្រៃផ្សៃ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ប្ដេជ្ញា​រួមគ្នា​ទប់ស្កាត់​មិនឱ្យ​របប​បែបនេះ​កើតមាន​ជាថ្មី​ម្ដងទៀត​។

ប្រភព​ដដែល​បានបញ្ជាក់​​ថា​៖ «​នៅក្នុង​ឆ្នាំ​ ២០១៨ រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​ថ្ងៃទី​ ២០ ខែឧសភា ជា​រៀងរាល់​ឆ្នាំ ជា​ទិវា​ជាតិ​នៃ​ការចងចាំ សម្រាប់​រំឭក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចាប់ពី​ថ្ងៃទី​ ១៧ ខែមេសា ឆ្នាំ​ ១៩៧៥ ដល់​ថ្ងៃទី​ ៦ ខែ​មករា ឆ្នាំ​ ១៩៧៩»​។

ចំណែក មជ្ឈមណ្ឌល​បុប្ផា​ណា​ជាមួយ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង និង​សាកលវិទ្យាល័យ​អាមេរិចកាំង​ភ្នំពេញ​ក៏បាន​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​ខ្លី​ចំនួន ៥ ​រឿង ក្នុងឱកាស​នៃ​ការ​ប្រារព្ធ «​ទិវា​នៃ​ការចងចាំ ២០ ឧសភា​» នេះ​ផងដែរ​។

ភាពយន្ត​ឯកសារ​ខ្លី ទាំង ៥ ​នេះ​ត្រូវបាន​ផលិតឡើង​ដោយ​មជ្ឈមណ្ឌល​បុប្ផាណា ហើយ​ជា​ផ្នែក​មួយ​នៃ​គម្រោង «​អភិរក្ស និង​ថតចម្លង​បណ្ណសា-​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​» ដែល​អនុវត្ត​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា និង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (​កយកា-KOICA) ប្រចាំ​នៅ​ប្រទេស​កម្ពុជា​៕